
បច្ចុប្បន្នមានក្មេងមិនតិចទេ កំពុងរងគ្រោះដោយសារជំងឺអូទីស្សឹម ធ្វើឲ្យគ្នាយើងជាប៉ាម៉ាក់ ខ្វាយខ្វល់ខ្លាំង ចង់ជួយកូន តែមិនដឹងធ្វើម៉េចទើបជួយបាន។ ប៉ាម៉ាក់មួយចំនួនមានកូនកើតជំងឺអូទីស្សឹម កំពុងស្វែងរកព័ត៌មាន និងអន្តរាគមន៍ពីគ្រូពេទ្យ ខណៈសំណួរតែងឮច្រើនបំផុត ជំងឺអូទីស្សឹមអាចព្យាបាលជាសះស្បើយបានអត់? សម្រាប់ចម្លើយ អាចមិនទាន់ច្បាស់លាស់នៅឡើយទេពេលនេះ ប៉ុន្តែអត្ថបទ “Hello គ្រូពេទ្យ” អាចជួយពន្យល់ខ្លះៗ ថាតើអូទីស្សឹម ព្យាបាលជា ឬមិនជា។
១- អ្វីទៅជាជំងឺអូទីស្សឹម?
អូទីស្សឹម ជាវិបត្តិប្រព័ន្ធប្រសាទ ធ្វើឲ្យមុខងាររលូតលាស់ប្រព័ន្ធប្រសាទចុះខ្សោយ បង្កផលប៉ះពាល់ទៅលើខួរក្បាល។ ក្មេងៗមានជំងឺអូទីស្សឹម មានមុខមាត់ រូបរាងដូចក្មេងដទៃក៏ពិតមែន តែទាស់ត្រង់ការប្រាស័្រយទាក់ទង ការរៀនសូត្រ ក៏ដូចជាអាកប្បកិរិយា គឺខុសប្លែកពីក្មេងដទៃ។ របៀបគិត និងដោះស្រាយបញ្ហាក្មេងកើតអូទីស្សឹម អាចមានលក្ខណៈពិសេស ខុសពីក្មេងដទៃ ដែលក្មេងខ្លះអាចរស់នៅដោយមិនពឹងផ្អែកលើនរណម្នាក់ ខណៈក្មេងខ្លះទៀត ត្រូវការជំនួយពីមនុស្សជុំវិញខ្លួនជាការចាំបាច់។
ក្មេងមានជំងឺអូទីស្សឹម គឺរស់នៅក្នុងពិភពរបស់ពួកគេ ដោយមិនខ្វាយខ្វល់ពីអ្នកដទៃ ឬមនុស្សជុំវិញខ្លួនឡើយ ព្រោះក្មេង គឺចង់នៅម្នាក់ឯង នាំឲ្យពួកគេ មានបញ្ហាក្នុងទំនាក់ទំនងបែបមិនប្រើពាក្យសម្ដី ហើយមិនចាប់អារម្មណ៍នៅពេលនរណាម្នាក់និយាយមកកាន់ខ្លួន។ ក្មេង អាចមានអារម្មណ៍ ចង់មានប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ប៉ុន្តែគ្រាន់តែមិនចេះបង្ហាញឲ្យក្មេងធម្មតាបានដឹង ពិសេសក្មេងកើតអូទីស្សឹម អាចនឹងមិនយល់ ពីគំនិតក្មេងដទៃទៀតផងដែរ។ លើសពីនេះ ក្មេងៗកើតជំងឺអូទីស្សឹម អាចនឹងធ្វើសកម្មភាពអ្វីមួយដដែលៗ ច្រើនលើកច្រើនសារ។
២- ជំងឺអូទីស្សឹមព្យាបាលជាដែរទេ?
គ្មានថ្នាំព្យាបាលជំងឺអូទីស្សឹមឲ្យជាសះស្បើយនោះទេ ក៏មិនមានវិធីជាក់លាក់ណាមួយ ដើម្បីព្យាបាលអាការៈជំងឺនេះដូចគ្នា។ ក្មេងកើតជំងឺនេះ គឺត្រូវតែទ្រាំរស់នៅជាមួយជំងឺអស់មួយជីវិត។ ប៉ុន្តែគេមានវីធីព្យាបាលផ្សេងៗ អាចជួយឲ្យជីវិតរស់នៅរបស់ក្មេងៗមានកើតជំងឺអូទីស្សឹម ប្រសើរជាមុនបាន ហើយយូរៗទៅ ក្មេងនឹងអាចមានភាពប្រសើរជាងមុន បើទទួលបានការថែទាំល្អ។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?
- ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?
៣- មានថ្នាំព្យាបាលជំងឺអូទីស្សឹមដែរទេ?
ជំងឺអូទីស្សឹម បើកើតហើយ គឺកើតមួយជីវិត គ្មានថ្នាំព្យាបាលទេ ខណៈថ្នាំគ្រាប់ និងការស្ដារសមត្ថភាពគ្រាន់តែអាចជួយបន្ថយអាការៈ និងជំនួយមុខងារមួយចំនួនសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ក្មេងប៉ុណ្ណោះ។
ក្មេងៗអាចនឹងឆ្លើយតបជាមួយវិធីព្យាបាលផ្សេងៗពីគ្នា ហេតុនេះទើបគ្រូពេទ្យ និងអ្នកផ្ដល់សេវាសុខភាព គួរតែប្រើវិធីព្យាបាលដោយប្រុងប្រយ័ត្នបំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ និងផ្ដល់ផលវិជ្ជមានដល់ក្មេង ច្រើនជាងផលអវិជ្ជមាន។
ត្រូវចាំថាក្មេងកើតជំងឺអូទីស្សឹម គឺអាចឈឺស្កាត់ ដូចក្មេងធម្មតាដែរ ក៏ត្រូវការការយកចិត្តទុកដាក់ និងថែទាំដូចគ្នា។ ក្មេងត្រូវទទួលបានការពិនិត្យពីគ្រូពេទ្យ និងទន្តពេទ្យឲ្យបានទៀងទាត់ ទោះបីជាក្មេង មានការព្រងើយជាមួយជំងឺយ៉ាងណាក៏ដោយ។ ឧទាហរណ៍ ក្មេងកើតអូទីស្សឹម មិនចង់និយាយជាមួយគ្រូពេទ្យ ឬអង្គុយនៅស្ងៀមលើគ្រែពេទ្យធ្មេញ ពេលទៅពិនិត្យម្ដងៗ ក៏ពេទ្យត្រូវតែពិនិត្យដោយយកចិត្តទុកដាក់ដែរ សំខាន់បំផុតទាំងផ្លូវកាយ និងផ្លូវចិត្តត្រូវយកចិត្តទុកដាក់ឲ្យមែនទែន។
គ្មានថ្នាំព្យាបាលជំងឺនេះឲ្យជាសះស្បើយក៏ពិតមែន ប៉ុន្តែបើក្មេងទទួលការព្យាបាលបន្ទាប់បន្សំឲ្យបានទាន់ពេល អាចកាត់បន្ថយអាការៈជំងឺអូទីស្សឹម បានព្រមទាំងជួយឲ្យក្មេងៗបង្កើនសមត្ថភាពក្នុងការរៀន និងវិធីដោះស្រាយបញ្ហាបានដោយខ្លួនឯង ហើយការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ត្រូវកំណត់ឲ្យបានទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យថ្ងៃទី ខែតុលា 16, 2019 | កែសម្រួលចុងក្រោយ ខែតុលា 17, 2019