សញ្ញា ៨យ៉ាងលើបបូរមាត់ ប្រាប់ពីបញ្ហាសុខភាពយើង

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

បបូរមាត់​របស់​យើង មាន​ចុង​សរសៃប្រសាទ ជាង ១លាន ដែល​ត្រូវការ​ថែទាំ​ជាពិសេស។ ពេលខ្លះ ចុងសរសៃប្រសាទ​ទាំងនេះ អាច​ផ្ដល់​សញ្ញា​ឲ្យ​យើង អំពី​បញ្ហា​សុខភាព​មួយ​ចំនួន ដែល​យើង​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ល្អ។ សញ្ញា​ទាំង ៨​យ៉ាង​នោះ មាន​ដូចជា៖

១. ប្រេះចុងបបូរមាត់

បញ្ហាប្រេះចុងបបូរមាត់​ទាំង​សងខាងនេះ អាច​បណ្ដាល​មកពី​ការ​ហៀរទឹកមាត់​ទៅ​ចុងបបូរមាត់ ដែល​វា​បង្ក​ឲ្យ​ស្បែក​ស្ងួត។ បញ្ហានេះ ក៏អាច​បណ្ដាលមកពី​យើង​លិត​បបូរមាត់​ញឹកញាប់ ដែលធ្វើ​ឲ្យ​ចុងបបូរមាត់​ក្តៅ ហើយ​សើម ដែល​ងាយ​ឆ្លង​នឹង​មេរោគ។ ក្រោយ​ឆ្លងមេរោគ វា​បណ្ដាល​ឲ្យ​ប្រេះ ឬដំបៅ។ បើ​ស្ថានភាព​បែបនេះ កើត​ញឹកញាប់ យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល។

២. ស្ងួត និងប្រេះបបូរមាត់

បញ្ហា​ស្ងួតបបូរមាត់ អាចបង្ហាញ​ពី​កង្វះសំណើម​នៅក្នុង​រាងកាយ​របស់​យើង។ វាក៏អាច​កើតឡើង​ដោយសារ​បញ្ហា​អាកាសធាតុ និង​ស្ត្រេស​ផងដែរ។ ក្នុងករណីនេះ យើង​ត្រូវផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ប្រើក្រែម​រក្សា​សំណើម​លើបបូរមាត់។

ប៉ុន្ដែ​ក្នុង​ស្ថានភាព​ខ្លះ វា​អាច​បណ្ដាល​មកពី​បញ្ហា​អាលែកហ្ស៊ី ដែល​បង្ករោគសញ្ញា​ដូចជា រមាស់ ជាដើម។

៣. ពងលើបបូរមាត់

ពងលើបបូរមាត់ អាចបណ្ដាល​ឲ្យ​ឈឺ និងមិន​ស្រួល​ក្នុង​ខ្លួនប៉ុន្មាន​នោះទេ ប៉ុន្ដែ​ភាគច្រើន វាមិន​បង្ក​គ្រោះថ្នាក់ ហើយ​អាច​បាត់ទៅ​វិញ ដោយ​មិន​ចាំបាច់​ព្យបាល​នោះទេ។ តែ​ករណី​ខ្លះ វាបណ្ដាល​មកពី​ការ​ឆ្លងមេរោគ ដូចជា ផ្សិត ដែល​ចាំបាច់​ត្រូវ​ព្យាបាល។

៤. កន្ទួលក្រហម​ជុំវិញ​បបូរមាត់

មូលហេតុ​រួម​ចម្បង បណ្ដាល​ឲ្យ​មាន​បញ្ហា​កន្ទួល​ក្រហម​ជុំវិញ​បបូរមាត់​នេះ បណ្ដាល​មកពី​ការ​រលាកស្បែក (Dermatitis) ដែល​បង្ក​ដោយ​ការលិត​ញឹកញាប់។ ការ​លិត​បបូរមាត់ បាន​សម្ងួត​ជាតិខ្លាញ់​ពី​ស្បែក​ជុំវិញ​បបូរមាត់ និង​ធ្វើ​ឲ្យ​ឡើង​ពណ៌ក្រហម និង​រមាស់។

៥. ញាក់បបូរមាត់ខាងលើ

បើសិន​យើង​កត់សម្គាល់​ថា មាន​ការ​ញាក់បបូរមាត់​ខាងលើ​ញឹកញាប់ នោះអាច​បណ្ដាល​មកពី​បញ្ហា​ផ្លូវកាយ និង​ផ្លូវចិត្ត។ ករណីនេះ យើង​ត្រូវ​ពិនិត្យ​លើ​ទម្លាប់​មិន​ល្អ​របស់​យើង ដូចជា ការប្រើ​ទុយោ​ផឹក​ទឹក​ជាច្រើន ឬ​ជក់​បារី​ច្រើន ឬបញ្ហា​ស្ត្រេស​ជាដើម។

៦. ការប្រែពណ៌បបូរមាត់

បបូរមាត់​ពណ៌ខៀវ អាចបង្ហាញ​ថា យើង​ពុំសូវ​មាន​អុកស៊ីហ្សែន​ច្រើន នៅក្នុង​ឈាម។ យើង​ក៏ពិនិត្យ​ឃើញ​អាការៈ​ដូច្នេះ នៅ​លើ​ម្រាមដៃ និង​ម្រាម​ជើង​របស់​យើង​ផងដែរ។

បបូរមាត់​ពណ៌ស អាច​បង្ហាញ​ថា យើងមាន​ជំងឺ​ស្លេកស្លាំង (Anemia) ដែល​ចាំបាច់​ត្រូវ​ទទួល​ការព្យាបាល។ បញ្ហា​នេះ ក៏អាច​បណ្ដាល​មកពី​ការ​ធ្លាក់ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការ​ធ្លាក់​ចុះ​កម្រិត​វីតាមីន ក៏ដូចជា​បញ្ហា​លំហូរឈាម​ក្នុង​រាងកាយ​របស់​យើង​ផងដែរ។

៧. ហើមបបូរមាត់

ការហើមបបូរមាត់ អាច​ជាសញ្ញាមួយនៃ​ប្រតិកម្ម​អាលែកហ្ស៊ី។ បើសិន​យើង​កត់សម្គាល់​ថា បបូរមាត់​របស់​យើង កាន់តែ​ធំឡើង​នៅពេល​ប្រើប្រាស់​គ្រឿងសម្អាង ដូច្នេះ​យើង​ត្រូវ​ឈប់​ប្រើប្រាស់​ផលិតផល​ទាំង​នោះ។ ក្នុង​ករណី ការ​ហើមបបូរមាត់​កាន់តែ​ធំ ក្នុង​រយៈពេល​ខ្លី យើង​ត្រូវទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ជាបន្ទាន់។

៨. ឡើងស្នាមអុចខ្មៅ​លើបបូរមាត់

បញ្ហានេះ បណ្ដាលមក​ពី​មូលហេតុ​ជាច្រើន ដែល​យើង​ចាំបាច់​ត្រូវ​តាមដាន ឬទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ។ មូលហេតុ​ចម្បងមួយ បង្ក​ឲ្យ​ឡើងស្នាមអុចខ្មៅ​លើបបូរមាត់ គឺ​បញ្ហា Hyperpigmentation ដែល​ជាការ​កើនឡើង​សារធាតុ​មេឡានីន នៅ​ក្នុង​រាងកាយ​របស់​យើង។ ការ​ឡើងស្នាមអុចខ្មៅ​នេះ មិនត្រឹម​មាន​លើ​បបូរមាត់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​មាន​លើ​ច្រមុះ ថ្ពាល់ និង​ថ្ងាស​ផងដែរ។

កម្ដៅថ្ងៃ ក៏ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ស្នាមអុចខ្មៅ​លើបបូរមាត់​ផងដែរ។ ប៉ុន្ដែ​បើសិន​យើង សង្ស័យ​ថា វា​ជាសញ្ញា នៃ​ការ​កើត​មហារីក យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ។

ជាមួយ​គ្នានេះ ការ​ឡើង​ស្នាមអុចខ្មៅ​លើបបូរមាត់ ក៏បណ្ដាល​មកពី​ការ​ញ៉ាំ​អាហារ​ដែល​មាន​បរិមាណ​ជាតិ​ដែក​ច្រើន​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 1, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 1, 2019

អ្នកអាចចូលចិត្ត