របស់ផ្ទាល់ខ្លួនទាំងនេះ កុំឲ្យអ្នកផ្សេងខ្ចីប្រើ អាចឆ្លងមេរោគ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

មានការសិក្សា រកឃើញ​ថា ការប្រើ​កាសទូរស័ព្ទ​រួម​គ្នា អាច​ឆ្លងបាក់តេរី​ ហើយ​បើបាក់តេរី​អាក្រក់ អាច​បង្កទៅ​ជាមេរោគ។ ប៉ុន្ដែ​នៅមាន​សម្ភារៈ​ជាច្រើន​ទៀត ដែល​យើង​គួរចៀសវាង​ប្រើរួម​គ្នា ដើម្បី​ការពារ​ការ​ឆ្លងបាក់តេរី ឬមេរោគ។

១. កន្ត្រៃកាត់ក្រចក

យើង​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន​ឡើយ តែ​នៅលើ​ក្រចកដៃ និង​ក្រចកជើង មាន​បាក់តេរី វីរុស និង​ផ្សិតយ៉ាងច្រើន។ ដូច្នេះ កន្ត្រៃកាត់ក្រចក អាចជា​ជា​សម្ភារៈ​បង្ក​ការ​ឆ្លង​មេរោគ​ផ្សិត និង HPV ប្រសិនបើ​យើង​ប្រើ​រួមគ្នា។

២. ក្រវិល

ត្រចៀក​របស់​យើង មាន​សរសៃឈាម​ជាច្រើន ហើយ​នេះជា​មូលហេតុ ដែល​អាចងាយ​ឆ្លង​ជំងឺ​មាន​ក្នុង​ឈាម ដោយ​គ្រាន់តែ​ពាក់​ក្រវិល​របស់​ពួកម៉ាក ឬបងប្អូន។ ប្រសិនបើ​យើង​ចាំបាច់​ត្រូវ​ពាក់​ក្រវិល​របស់​អ្នក​ដទៃ យើងត្រូវ​លាង​វា​ជាមួយ​អាល់កុល​ជាមុន​សិន។

៣. ក្រេមលាបបបូរមាត់

ក្នុងបបូរមាត់​របស់​យើង មាន​សរសៃឈាម​ជាច្រើន ហើយ​វីរុស​ជំងឺ​រើម អាច​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅម្នាក់ទៀត តាមរយៈ​ការ​ប្រើ​ក្រេម​លាប​បបូរមាត់​រួមគ្នា បើទោះបី​អ្នកផ្ទុក​វីរុស ពុំមាន​លេចចេញ​រោគសញ្ញា​ក៏ដោយ។

៤. ប្រដាប់​លុញក្លៀក (Ball deodorants)

ប្រដាប់លុញក្លៀក អាចបណ្ដាល​ឲ្យឆ្លង​មេរោគជាច្រើន ជាពិសេស​មេរោគ អាចឆ្លង​ចូលទៅ​ក្នុង​របួស​តូចៗ ក្រោយ​ការ​កោររោម​ក្លៀក។ ប្រដាប់​លុញក្លៀក គ្រាន់តែ​ជួយ​បំបាត់​ក្លិន​ប៉ុណ្ណោះ មិនបាន​ជួយ​ការពារ​ការ​ឆ្លងមេរោគ​នោះទេ។ ដូច្នេះ ជម្រើសល្អ គឺប្រើប្រាស់​ប្រដាប់​លុញ​ក្លៀក ដែល​មាន​សារធាតុ​ប្រឆាំង​បាក់តេរី និង​កុំប្រើ​រួម​គ្នា​ជាមួយ​អ្នក​ដទៃ។

៥. សាប៊ូដុំ

ក្រោយការ​ប្រើសាប៊ូ​ដុំ លាងដៃ ឬដុសខ្លួន មាន​មីក្រូសរីរាង្គ​ជាច្រើន ជាប់​នៅ​លើ​សាប៊ូ​នោះ ដោយ​មានទាំង​ពពួក Microbes និង​វីរុស​បង្ក​គ្រោះថ្នាក់។ កាន់តែ​សម្បូរ​វីរុស​គ្រោះថ្នាក់ នោះគឺ ដុំសាប៊ូ ដែល​ត្រាំ​ក្នុង​ប្រអប់​ដែល​មាន​ទឹក ឬសំណើម ព្រោះវា​បង្កើត​បរិស្ថាន​អំណោយផល​ដល់​បាក់តេរី ផ្សិត និង​វីរុស។ ដើម្បី​កាត់បន្ថយ​ការ​ឆ្លងមេរោគ យើង​គួរ​ប្រើសាប៊ូ​រាវ​ជំនួស​វិញ។

៦. ក្រាស់សិតសក់

ក្រាស់សិតសក់ បង្កើន​ការប្រឈម​ឆ្លង​ប៉ារ៉ាស៊ីត​ជាច្រើន ដូចជា ចៃ កមរមាស់ និង​មេរោគ Staph។ ក្នុងករណី​បើប្រើរួម​គ្នា យើង​គួរសម្អាត​ដោយ​ប្រើ​ទឹក​អនាម័យ។

៧. កន្សែង

កន្សែង ជាទីតាំង​ដែល​ពពួក​បាក់តេរី​រស់នៅ ជាពិសេស​បើ​ព្យួរ​វា​នៅ​ក្នុង​បន្ទប់ទឹក ដែល​មាន​សំណើម​ខ្ពស់។ បើ​កន្សែង​ធំក្លិន​ផ្អូម​ទៀត មាន​ន័យ​ថា មាន​បាក់តេរីជាច្រើន​នៅ​ជាប់​កន្សែង​របស់​យើង ហើយ​វាអាច​បណ្ដាល​ឲ្យ​ឆ្លងមេរោគ​ផ្សិត​ដល់​អ្នក​ប្រើប្រាស់ ជាពិសេស​បណ្ដាល​ឲ្យ​រមាស់ និង​កើត​មុន។ វិធី​ល្អ គឺ​បោកគក់​កន្សែង​ឲ្យ​បាន​ញឹកញាប់ និង​ហាល​វា​ឲ្យ​ស្ងួត។

៨. ប្រដាប់​ដុសខ្លួន

ប្រដាប់ដុសខ្លួន ជារោងចក្រ​នៃ​បាក់តេរីតែ​ម្តង ដោយសារ​វាតែងតែ​មាន​សភាព​សើម។ ដូច្នេះ យើង​គួរ​ហាល​វា​ឲ្យ​ស្ងួត និង​កុំប្រើប្រាស់​រួមគ្នា​ជាមួយ​អ្នក​ដទៃ។

៩. គ្រឿង Makeup

យើងគួរចៀសវាង​ការប្រើ​គ្រឿង Makeup ដែល​ប៉ះផ្ទាល់​ជាមួយ​សារធាតុ​រាវ​លើ​រាងកាយ ដូចជា ទឹកភ្នែក ទឹកមាត់ សំបោរ ឈាម ឬខ្ទុះ​មុន ជាមួយ​អ្នកដទៃ ព្រោះ​វា​ងាយ​បង្ក​ការ​ឆ្លងបាក់តេរី និង​មេរោគ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 3, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 4, 2019

អ្នកអាចចូលចិត្ត