សម្រាប់អ្នកផ្លូវឆ្ងាយ! អង្គុយបើកឡានយូរៗ អាចមានបញ្ហាទាំងនេះ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ជិត​ដល់ពេល​ឆ្លង​ឆ្នាំ​ទៀត​ហើយ ដូច្នេះ​គ្នាយើង​ខ្លះ ប្រហែល​ជាមាន​គម្រោង​ដើរលេង​តាម​ទី​កម្សាន្ត​នានា ទាំង​ក្នុង និង​ក្រៅប្រទេស។ សម្រាប់​គ្នាយើង ដែល​បម្រុង​នៅ​កម្សាន្ត​ក្នុង​ប្រទេស ដោយ​បើកបរ​ឡាន​ចម្ងាយ​ឆ្ងាយ រយៈពេល​យូរ គួរ​ស្វែងយល់​ពី​ផលប៉ះពាល់ និង​វិធី​ដោះស្រាយ​បន្ដិចសិន ដើម្បី​ជួយ​ការពារ​សុខភាព ក៏ដូចជា​សុវត្ថិភាព​ពេល​ធ្វើដំណើរ។

ខាងក្រោមនេះ ជាផលប៉ះពាល់​បណ្ដាលមក​ពី​ការ​អង្គុយ​បើក​ឡាន​រយៈពេល​យូរ៖

១. ឈឺខ្នងរ៉ាំរ៉ៃ

ការ​ចំណាយ​រយៈពេល​យូរ​ក្នុង​ឡាន អាច​បណ្ដាលឲ្យ​យើង​ឈឺខ្នង ហើយ​បញ្ហា​នេះ គ្នាយើង​ខ្លះ ប្រហែល​ធ្លាប់​ជួប​ហើយ ដោយ​ភាគច្រើន វាបណ្ដាល​ឲ្យ​ឈឺ​ក្នុង​រយៈពេល​ណាមួយ​ប៉ុណ្ណោះ។ បញ្ហា​ឈឺខ្នង​នេះ បណ្ដាល​មកពី​ការប្រឹង​នៅ​ត្រង់​ខ្នង​ផ្នែក​ស្ដាំ​ខាងលើ។ បន្ទាប់មក សម្ពាធ​នេះ បាន​ធ្លាក់​ចុះមក​ខ្នង​ផ្នែក​ខាងក្រោម ដែល​បណ្ដាល​ឲ្យ​យើង​ឈឺចាប់ ឬចុក។ ដើម្បី​ដោះស្រាយ​បញ្ហានេះ ពេល​ធ្វើដំណើរ យើង​អាច​ឈប់​ឲ្យ​បាន​ច្រើន​ដង​បន្ដិច ដើម្បី​ពត់ខ្លួន ឬសម្រួល​រាងកាយ។

២. ខ្សោយភ្នែក

ការ​ចំណាយ​ពេល​យូរ ក្នុង​ការ​បើកឡាន ប៉ះពាល់​ដល់​ភ្នែក​របស់​យើង ដោយ​នៅពេល​យើង​ផ្ដោត​ការ​សំឡឹង​ផ្លូវ​ខ្លាំងពេក វា​បណ្ដាល​ឲ្យ​យើង​អស់កម្លាំង រមាស់ភ្នែក និង​សំឡឹងមើល​បាន​កាន់តែខ្សោយ។ ក្នុង​នោះ ការបើកបរ​ពេល​ងងឹត គឺអំឡុង​ពេល​ព្រឹកស្រាងៗ ឬពេលព្រលប់ បង្ក​ផលប៉ះពាល់​ដល់​ភ្នែក​ខ្លាំង​ជាងគេ។ ដើម្បី​ដោះស្រាយ​បញ្ហានេះ យើង​ត្រូវ​កាត់បន្ថយ​ពេល​ធ្វើដំណើរ ដើម្បី​សម្រាក​ភ្នែក​ឲ្យ​បាន​សមស្រប និង​ឈប់​ប្រឹង​សំឡឹង​ទៀត បើភ្នែក​កាន់តែ​ចុះខ្សោយ ឬស្រវាំង​ហើយ។

៣. វិវត្ត​ជា​ជំងឺធាត់

ការបើកបរ​រយៈពេល​យូរ អាច​បណ្ដាល​ឲ្យយើង​លើស​ទម្ងន់។ ការសិក្សា​របស់​អូស្ត្រាលី បង្ហាញថា អ្នក​ចំណាយពេល​បើកបរ លើស ២​ម៉ោង/ថ្ងៃ ៧៨% ប្រឈម​នឹង​ជំងឺធាត់។ ជំងឺ​ធាត់​នេះ ជាបញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ ហើយ​វាពាក់ព័ន្ធ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម តម្រងនោម និង​គេង​មិនលក់។

អត្ថបទពាក់ព័ន្ធ៖

ជាមួយ​គ្នានេះ ក៏មាន​ករណី​មួយ ដែល​បុរស​ឥណ្ឌា វ័យ ៣០​ឆ្នាំ ឈ្មោះ Saurabh Sharma ប៊ិះ​បាត់បង់​ជីវិត ដោយសារ​បើកបរ​រយៈពេល​យូរ។ បញ្ហានេះ បណ្ដាល​មកពី​កំណកឈាម​ក្នុង​សរសៃឈាម ដែល​នៅ​​ក្នុង​ជើង​របស់​គាត់។ កំណកឈាម​នេះ បានធ្វើដំណើរ​​ចូលទៅ​ដល់​ក្នុង​សួត និង​បង្ក​ជា​ដុំ​ឈាម​កក​ក្នុង​សួត (Pulmonary Embolism) រារាំង​ដល់​សរសៃ​អាកទែរ​មួយ​នៅក្នុង​សួត ដោយ​បណ្ដាល​ឲ្យ​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​សរីរាង្គ​សំខាន់ៗ ដូចជា បេះដូង និង​ខួរក្បាល។

បញ្ហានេះ បណ្ដាល​ឲ្យ​លោក Saurabh Sharma ពិបាក​ដកដង្ហើម និង​ដួល​សន្លប់។ ប៉ុន្ដែ​ក្រោយ​បញ្ចូនមក​ដល់​មន្ទីរពេទ្យ និង​បាន​ទទួល​ថ្នាំ​រំលាយ​កំណកឈាម លោក​បាន​ដឹង​ខ្លួន​វិញ ក្នុង​រយៈពេល ២៤​ម៉ោង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 28, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 28, 2019

ប្រភព
អ្នកអាចចូលចិត្ត