មូលហេតុចេះតែឧស្សាហ៍វិលមុខ ដំណោះស្រាយ និងសញ្ញាត្រូវទៅជួបពេទ្យ

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

វិល​មុខ​ ខ្សោយ​អស់​កម្លាំង​ ករណី​ខ្លះ​​ជា​រឿង​ធម្មតា អាច​​បណ្តាល​មក​ពី​​​​ការ​ប្រែ​ប្រួល​​​​​លឿនពេក​​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ ​ដែល​ធ្វើ​ឱ្យ​រាង​កាយ​ពុំ​អាច​ទទួល​យក​បាន​​​ភ្លាម​ៗ។ ប៉ុន្តែ​ ករណី​ខ្លះ អាការៈ​វិល​មុខ ក៏​ជា​សញ្ញា​​មិន​ប្រក្រតី​បង្ហាញ​ប្រាប់​ថា ក្នុង​ខ្លួន​យើងមាន​បញ្ហា ដែល​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ។

១. ខ្សោះ​ជាតិ​ទឹក

ខ្សោះ​ជាតិ​ទឹក ធ្វើ​​​ឱ្យ​ពិបាក​ដល់​ដំណើរ​នៃ​ចរន្ត​ឈាម ដែល​ធ្វើ​ឱ្យ​អុកស៊ីសែន​ទៅ​ដល់​ខួរ​ក្បាល​មិន​បាន​ល្អ បណ្តាល​ឱ្យ​វិល​មុខ។ ដំណោះ​ស្រាយ ​គឺញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ ដែល​ជា​មធ្យម​ ២​លីត្រ​សម្រាប់​មនុស្ស​ពេញ​វ័យ។ តែ​បើ​​បាន​ញ៉ាំជាតិ​ទឹក​គ្រប់​គ្រាន់ នៅ​តែ​មាន​អាការៈ​វិល​មុខ​​ នោះ​​គប្បី​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ​ពី​ស្ថានភាព​នេះ។

២. ខ្វះជាតិ​ស្ករ

ឧស្សាហ៍​រំលង​ ឬមិន​ញ៉ាំ​​អាហារ​ឱ្យ​ត្រូវ​ពេល យើង​អាច​ខ្វះ​ជាតិ​ស្ករ​​នៅ​ក្នុង​ឈាម​ ដែល​ជា​ថាម​ពល​សម្រាប់​រាង​កាយ​ និង​ខួរ​ក្បាល​ប្រើ​ប្រាស់។ ដោយ​សារ​ខ្វះ​ជាតិស្ករ​​ ទើប​ធ្វើ​ឱ្យ​យើង​វិលមុខ និង​ឈឺ​ក្បាល។ ដំណោះ​ស្រាយ​ គឺញ៉ាំ​ទឹក​​ក្រូច​​ស្រស់​​​មួយ​កែវ និង​ញ៉ាំ​អាហារ​ឡើង​វិញ ដើម្បី​ប៉ះ​ប៉ូវ។ តែ​ដោយ​ឡែក ក្រោយ​​ញ៉ាំ និង​សម្រាក​រួច នៅ​តែ​មាន​អាការៈ​​ធេង​ធោង​ វិល​មុខ យើង​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ។​

៣. លេង​កីឡា​ខ្លាំង​

លេង​កីឡា​បញ្ចេញ​កម្លាំង​ខ្លាំង ធ្វើ​ឱ្យ​បេះ​ដូង​ដើរ​បាន​ល្អ ដែល​​ពេល​ខ្លះ កីឡា​ធ្វើ​ឱ្យ​រាងកាយ​បត់​បែន​ប្តូរ​ទី​តាំង​ភ្លាម​ៗ អាច​​​ឱ្យ​បេះ​ដូង​ធ្វើ​ការ​ខ្លាំង រហូត​បង្ក​ជា​អាការៈ​វិល​មុខ។ ដំណោះ​ស្រាយ​​ គឺ​បន្ថយ​ល្បឿន​លេង​​​កីឡា​សន្សឹម​ៗ ហើយ​ព្យាយាម​ដើរ​យឺត​ៗ និង​សម្រាក​។ ប៉ុន្តែ​ បើ​នៅ​តែ​មិន​បាត់​សោះ យើង​ត្រូវ​ការ​ជំនួយ​ជា​ចាំ​បាច់​ពី​គ្រូពេទ្យ។​

៤. សម្ពាធ​ឈាម​ខ្សោយ

ករណី​មួយ​ចំនួន​ បង្ក​ឡើង​ដោយ​​​ប្រព័ន្ធ​សរសៃ​​ឈាម​ ដំណើរ​ការ​មិន​ប្រក្រតី​​​ ដោយ​សារ​​ការ​ដួល រួម​ផ្សំ​​នឹង​កត្តា​​អាយុ​ច្រើន​ ​បង្ក​ឱ្យ​អាការៈ​វិល​មុខ​កើត​ឡើង។ ដំណោះ​ស្រាយ គឺ​ប្រុង​ប្រយ័ត្ន​​មិន​ឱ្យ​ដួល គួរ​តាម​ដាន​អាការៈ​នោះ បើ​សិន​កើត​ឡើង​ញឹក​ញាប់ គប្បី​ទៅ​​ជួប​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​។

អត្ថបទពាក់ព័ន្ធ៖ 

៥. ឥទ្ធិពល​​មក​​ពី​​​​​ថ្នាំ

ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល ក៏​ជា​ករណី​មួយ​​ ​បង្ក​ជា​អាការៈ​វិល​មុខ​បាន​ដែរ​ ដែល​ជា​ហេតុ​តម្រូវ​ឱ្យ​ អាន​ការ​ណែ​នាំ ឬ​វេជ្ជបញ្ជា​ឱ្យ​បាន​ច្បាស់​លាស់ មុន​ប្រើ​។ ញ៉ាំ​ទឹក និង​សម្រាក​ ញ៉ាំ​អាហារ​ឱ្យ​បាន​គ្រប់​គ្រាន់ ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​នេះ បើ​បញ្ហា​នៅ​តែ​កើត​ឡើង អ្នក​គប្បី​តែ​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ៕​​​

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

​​

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 8, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 9, 2019

អ្នកអាចចូលចិត្ត