ឃើញអីក៏ឃ្លាន ញ៉ាំមិនចេះឆ្អែត មកពីបញ្ហាអី?

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

យើងជា​ធម្មតា ទើបញ៉ាំអីហើយ លឿនបំផុតក៏ត្រូវ​ការពេល ៣-៦ ម៉ោងដែរ ទើប​អាហារ​ទាំង​នោះ​រលាយ​អស់ ធ្វើ​ឲ្យ​យើង​ឃ្លាន​ចង់​ញ៉ាំរបស់​ផ្សេងទៀត។ ប៉ុន្តែ​គ្នា​យើង​ខ្លះ ឃ្លាន​គ្រប់​ពេល​តែ​ម្តង ទោះ​ទើប​តែ​ញ៉ាំ​ឆ្អែតក៏ដោយ ឃើញអីផ្សេង ក៏​ឃ្លាន​ភ្លាមតែម្តង ខណៈ​បញ្ហានេះត្រូវ​គេ​ជឿថា ជាប់ពាក់​ព័ន្ធ​កត្តាសុខភាព​មួយ​ចំនួន រាប់​ទាំង​កត្តា​ផ្លូវចិត្តដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ​កត្តា​អ្វី​ខ្លះធ្វើ​ឲ្យ​ចេះ​តែ​ឃ្លាន​ញ៉ាំ​មិន​ចេះ​ឆ្អែត?

មាន​កត្តា​ជាមួយ​ចំនួន ធ្វើ​ឲ្យ​មាន​បញ្ហា​ឃ្លាន​គ្រប់​មុខបែប​នេះ ដូចជា៖

– បញ្ហា​សុខភាព​
– ទំនាស់​ជាមួយ​មិត្ត​ភក្តិ​ គ្រួសារ ​និង​មិត្ត​រួម​ការងារ
– ស្ត្រេស
– ស្ថានភាព​ហិរញ្ញវត្ថុ
– នឿយ​ហត់។

២- គន្លឹះជួយ​បញ្ឈប់​អារម្មណ៍​ចេះ​តែ​ចង់​ញ៉ាំ​គ្រប់​មុខ

– បង្ក្រាប​ភាព​ស្រ្តេស៖ ក្រៅ​ពី​​បន្ធូរ​ស្ត្រេស​ដោយ​ការ​ញ៉ាំ​ យើង​​អាច​សាក​ល្បង​អ្វី​ផ្សេង​ ​អាចជាការ​ហាត់​ប្រាណ​ ដូចជា​ យូ៉ហ្កា​ សមាធិ​ ឬ​ដក​ដង្ហើម​វែងៗ។

– បំបាត់​ភាព​អផ្សុក៖ គ្នា​យើង​​ភាគ​ច្រើន​ ចូលចិត្ត​ញ៉ាំ​នៅ​ពេល​​អផ្សុក ខណៈ​​វិធី​នេះ ​មិន​ល្អ​សម្រាប់​សុខភាព ​និង​ស្ថានភាព​លុយ​កាក់​ប៉ុន្មាន​ទេ។ ត្រូវ​ព្យាយាម​ស្ដាប់​ចម្រៀង ​មើល​កុន​ ឬ​ទៅ​ Gym​ នៅ​ពេល​​មាន​អារម្មណ៍​ឃ្លាន។

– បង្ការកុំ​ឲ្យ​ញ៉ាំ​ច្រើន៖ វិធីនេះ ត្រូវ​ឈប់​ទិញ​អាហារ​មក​ស្ដុក​ទុក​ក្នុង​ផ្ទះ ​ព្រោះពេល​យើង​មើល​ឃើញ​អាហារ​ទាំង​នោះ​ញឹកញាប់​ ក៏​ជា​មូល​ហេតុ ​ធ្វើ​ឲ្យ​ចង់​ញ៉ាំ​ភ្លាមៗ​ដូចគ្នា។

– អាហារ​សម្រន់​សុខភាព៖ បើ​​មិន​អាច​រារាំង​អំណាចឃ្លាន​របស់​ខ្លួន​បាន គួរ​​ធ្វើ​ការ​ផ្លាស់​ប្ដូរពី​អាហារ​មិន​ល្អ ​មក​ជា​អាហារមាន​សុខភាព​ល្អ​វិញ ដូចជា​បន្លែ​ ​ផ្លែ​ឈើ​ ឬ​សណ្ដែក។ យ៉ាអួរ ​​មួយ​ចាន​ ផ្សំ​ជាមួយ​ផ្លែ​ស្ត្ររប៊ើរី ​ប្លូប៊ែរី ផ្លែ​គីវី​ និង​ប្រភេទ​សណ្ដែក​មួយ​ចំនួន​ទៀត​ អាច​​ជួយ​បន្ថែម​រសជាតិ​ឆ្ងាញ់​ និង​មាន​សុខភាព​ល្អ។

អត្ថបទ​ពាក់ព័ន្ធ៖

– កុំ​បង្អត់​អាហារ​ខ្លួន​ឯង៖ កំហុស​ធំមួយគ្នា​យើង​តែង​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន គឺ​ព្យាយាម​ញ៉ាំ​តិច​ និង​ញឹកញាប់​ ដើម្បី​កាត់​បន្ថយ​ចំនួន​កាឡូរី​ បង្ខំ​ចិត្ត​ខ្លួន​ឯង ​ញ៉ាំ​អាហារ​សុខភាព​ដដែលៗ​ និង​ចៀសវាង​ការ​ញ៉ាំ​ហួស​ប្រមាណ។ ទោះ​ជា​វិធី​នេះ ល្អ និង​​មាន​ប្រសិទ្ធភាពក៏​ដោយ ប៉ុន្តែ​អាច​ប្រើ​បាន​​ចំពោះ​គ្នាយើង​មាន​សតិ​អារម្មណ៍​ខ្ពស់ប៉ុណ្ណោះ ខណៈគ្នា​យើង​​ខ្លះ​ទៀត​ បើ​ប្រើ​វិធី​នេះ នឹង​​កាន់​តែ​ធ្វើ​ឲ្យ​ឃ្លាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ហើយនៅ​ពេល​មួយ​យើង​លែង​គ្រប់​គ្រង​ការ​ស្រេក​ឃ្លាន​បាន យើង​នឹង​​ញ៉ាំ​កាន់​តែ​ច្រើន​ជាង​មុន​ ​ស្មើ ឬលើស​បរិមាណ​អាហារ​យើង​បាន​​តមទៅទៀត។

– ស្វែង​រក​ការ​​គាំទ្រ៖ ​សម្រក​ទម្ងន់ ​និង​​ព្យាយាម​គ្រប់គ្រងស្រេក​ឃ្លាន ​គឺ​ពិត​ជា​ពិបាក​ ពិសេស​នៅ​ពេលយើង​ព្យាយាម​ធ្វើ​តែ​ម្នាក់​ឯង​ ទាំង​​មិន​ឲ្យ​សមាជិក​គ្រួសារ​ ឬ​មិត្ត​ភក្តិ​ណា​មួយ​ដឹង។ ជំនួយ​ទាំង​ផ្លូវ​កាយ​ នឹង​ផ្លូវ​ចិត្ត​ យើងទទួល​បាន អាច​ជួយយើង​​ធ្វើ​ការ​សម្រក​ទម្ងន់​បាន​ជោកគ​ជ័យ។

– រៀន​ពី​អតីតកាល៖ ​បើយើង​ធ្លាប់​បរាជ័យក្នុង​ផែន​ការ​សម្រក​ទម្ងន់​ និង​ធ្លាប់​មាន​អារម្មណ៍​ចេះ​តែ​ចង់​ញ៉ាំ​ សូម​កុំ​ទាន់​បោះបង់​ចោល​អី។អនុគ្រោះ​ឲ្យ​ខ្លួន​ឯង ​និងក្រោក​ឈរ​​បន្ត​ទៅ​មុខ​ទៀត។ អាច​កត់ត្រា​ទុក​អ្វី​មួយ​យើង​បាន​​ធ្វើ​ខុស​ បន្ទាប់​មក​ព្យាយាម​ឈប់​ធ្វើ​ម្តង​​ទៀត​នៅថ្ងៃ​មុខ។

ត្រូវចាំ​ថា មិនមែន​លើ​លោក​នេះ មាន​តែ​យើង​ម្នាក់​ឯង ចេះ​តែ​មាន​អារម្មណ៍​ចង់​ញ៉ាំ ឃ្លាន​គ្រប់​ពេល​នោះទេ នៅ​មាន​មនុស្ស​ជា​ច្រើន អាច​កំពុង​ជួប​ប្រទះ​បញ្ហា​ដូច​ជាយើងដែរ ហើយ​ត្រូវ​ចាំ​ក្នុង​ចិត្ត ញ៉ាំ​ដោយ​សារតែ​​ស្រ្តេស​ ទុក្ខ​សោក​ ឬ​ដោយ​សារ​បញ្ហា​អ្វី​មួយ មិន​បាន​ជួយ​សុខភាព​យើង​អីឡើង ​មាន​តែ​ធ្វើ​ឲ្យយើង​​មាន​បញ្ហា​សុខភាព​ស៊ាំញ៉ាំ​ទៅវិញ។ ធ្វើ​តាម​គន្លឹះ​ខាង​លើ​ ដើម្បីអាច​​គ្រប់គ្រង​លើ​អារម្មណ៍​ចេះ​តែ​ចង់​ញ៉ាំ​នេះ ហើយ​បែរ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព គួរ​តែ​​ទៅ​ជួប​ជាមួយ​អ្នក​ជំនាញឲ្យ​ជួយ​ហើយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 11, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 11, 2019

ប្រភព
អ្នកអាចចូលចិត្ត