អ្នកវិទ្យាសាស្ត្រអះអាងថា ញ៉ាំដក់ដឿ កណ្ដូប ចង្រិត អាចជួយការពារមហារីក

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

នៅ​ស្រុកខ្មែរ​យើង ចង្រិត កណ្ដូប អង្ក្រង ឬដក់ដឿ ត្រូវបាន​ពលរដ្ឋ​ជាច្រើន យក​មកធ្វើ​ជា​អាហារ​ញ៉ាំ ហើយ​ប្រទេស​អាស៊ាន​ផ្សេងទៀត ក៏មាន​អាហារ​ប្រភេទ​នេះ​ច្រើនដែរ។ ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំអាហារ​ប្រភេទ​សត្វល្អិត​នេះ អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា វាអាច​ជួយ​ការពារ​ជំងឺ​មហារីក ដោយសារ​វាមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Rome របស់​អ៊ីតាលី បាន​ធ្វើការ​សិក្សា​លើ​សត្វ​ល្អិត​ជាច្រើន ប្រភេទ ដូចជា អង្ក្រង កណ្ដូប ចង្រិត និង​ដក់ដឿ។ ពួកគេ​បាន​ធ្វើតេស្ដេ​ពិនិត្យ​មើល​លើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមមាន​វីតាមីន A វីតាមីន C វីតាមីន E នៅ​ក្នុង​ខ្លួន​សត្វល្អិត តាមរយៈ​ការផឹក​ទឹក​ម្សៅ​សត្វទាំង​នេះ។

លទ្ធផល រកឃើញ​ថា ដក់ដឿ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ច្រើនជាង​ប្រេង​អូលីវ រហូត​ដល់ ២​ដង។ ចំណែក​ម្សៅ​ចង្រិត កណ្ដូប និង​ដក់ដឿ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម លើស​ទឹកក្រូច​ស្រស់ រហូត​ដល់ ៥ដង។ អ្នកវិទ្យាសាស្ត្រ ថា សត្វល្អិត ជាប្រភព​នៃប្រូតេអ៊ីន អាស៊ីតខ្លាញ់​មិនឆ្អែត រ៉ែ វីតាមីន និង​ជាតិ​សរសៃ។ ប៉ុន្ដែ បច្ចុប្បន្ន ពុំទាន់​មាន​នរណា ចាត់ទុក​វាជា​អាហារ​មាន​មុខងារ​ល្អ ដូចជា​ប្រេង​អូលីវ ឬ​ទឹកក្រូច​ស្រស់​ទេ។

អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំអាហារ​ប្រភេទ​សត្វ​ល្អិត គឺ​វា​ជួយ​កាត់បន្ថយ​ពពួក​រ៉ាឌីកាល់សេរី នៅក្នុង​រាងកាយ។ ពួករ៉ាឌីកាល់សេរី​ទាំងនេះ អាច​ទៅ​បំផ្លាញ DNA ប្រូតេអ៊ីន និង​កោសិកា​នៅ​ផ្នែក​ផ្សេងទៀត ដែល​បណ្ដាល​ទៅ​ជាជំងឺ។ អ្វីដែល​គ្រោះថ្នាក់​នោះ គឺ​ការ​បំផ្លាញ DNA អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក ដោយ​ធ្វើឲ្យកោសិកា​ផលិត​ដុំសាច់​ដែល​មិន​អាច​គ្រប់គ្រង​បាន។

អត្ថបទពាក់ព័ន្ធ៖ ចង្រិត កណ្ដូប និង​ខ្យាដំរី ជួយឲ្យយុវជនអង់គ្លេសម្នាក់ កើនកម្លាំងទ្វេដង

ដូច្នេះ សារធាតុអុកស៊ីតកម្ម ដែល​មាន​នៅ​ក្នុង​សត្វល្អិត ឬ​ប្រភេទ​អាហារ​សុខភាព​ផ្សេងទៀត អាច​កាត់​បន្ថយ​ពពួក​រ៉ាឌីកាល់សេរី ក្នុង​រាងកាយ​របស់​យើង មិន​ឲ្យវិវត្ត​ទៅ​ប្រឈម​នឹង​ជំងឺ​មហារីក។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 17, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 17, 2019

អ្នកអាចចូលចិត្ត