
បច្ចុប្បន្នព្រោះតែបន្លែផ្លែឈើសម្បូរសារធាតុគីមីពេក ក៏មានការផលិតទឹកសម្រាប់លាងជម្រះបន្លែ (ពែម៉ង់កាណាត)។ តើទឹកលាងបន្លែដែលលក់លើទីផ្សារសព្វថ្ងៃនោះ ពិតជាអាចលាងជម្រះមេរោគ ឬជាតិគីមីបាន ១០០% ឬយ៉ាងណា?
បើតាមការឲ្យដឹងពី លោក ចាន់ សេដ្ឋា អតីតនិស្សិតផ្នែកគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថាទឹកលាងបន្លែគ្រប់ប្រភេទមិនអាចសម្លាប់មេរោគ ឬជាតិគីមីបានទាំងស្រុងឡើយ ហើយបើយើងប្រើប្រាស់ខុសពីការណែនាំទៀត សឹងតែមិនបានទទួលផលអ្វីសោះ។ លោកក៏បន្ថែមទៀតថា សារធាតុគីមីមិនអាចលាងជម្រះដោយអ្វីមួយឡើយ គ្រាន់តែអាចកាត់បន្ថយខ្លះប៉ុណ្ណោះ តែយើងអាចលាងទឹកឲ្យច្រើនដង។
ដូចនេះ ដើម្បីសុខុមាលភាព គួរតែញ៉ាំបន្លែក្នុងស្រុក ព្រោះវាមិនចាំបាច់ត្រូវការប្រើថ្នាំដើម្បីរក្សាយូរដូចរបស់នាំចូលពីឆ្ងាយ ហើយយកល្អបន្លែបង្ការតិចតួច ដូចជា ជី ស្លឹកខ្ទឹម ស្លឹកគ្រៃ ត្រកួន ម្ទេស ស្ពៃមួយចំនួន អាចដាំនៅផ្ទះខ្លួនឯងបាន ហើយសុទ្ធតែងាយស្រួលដាំទាំងអស់។
អត្ថបទពាក់ព័ន្ធ៖ អ្នកចូលចិត្តតិចអត់ដឹងអត្ថប្រយោជន៍ ត្រយូងចេក ចំពោះសុខភាព
លើសពីនេះទៅទៀត បើចង់ដឹងថាបន្លែ ឬផ្លែឈើណាមួយមានសារធាតុគីមី ឬអត់ យើងមិនអាចមើលដោយភ្នែកទទេ ឬប៉ះបាននោះទេ ត្រូវឆ្លងកាត់ការពិសោធនៅមន្ទីរពិសោធសិន។ តែបើតាមស្ត្រីមេផ្ទះខ្លះ គាត់អាចចំណាំបានតាមរយៈក្លិនថ្នាំ ឬបន្លែទុកយូរហើយបែរជាមិនខូច មិនប្រែប្រួលពណ៌ និងខូចទ្រង់ទ្រាយក្នុងនោះមានដូចជាត្រសក់ សណ្ដែកបណ្ដុះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យថ្ងៃទី ខែធ្នូ 2, 2019 | កែសម្រួលចុងក្រោយ ខែធ្នូ 2, 2019