អ្នកស្រាវជ្រាវមិនទាន់អាចពន្យល់អំពីមូលហេតុរបស់ជំងឺ hoard disorder នេះបាននៅឡើយទេ។ មានអ្នកខ្លះគិតថា វាប្រហែលជាបណ្ដាលមកពីជំងឺអ្វីមួយផ្សេង ដូចជាជំងឺខ្លាចមិនចង់បន្លាស់ទី មិនចូលចិត្ដភាពសាំញ៉ាំ ឬមិនអាចបែងចែកភាពខុសគ្នារវាងរបស់ដែលខ្លួនបានទិញជាដើម។ ប៉ុន្តែមានអ្នកជំនាញខ្លះទៀត បានលើកឡើងថា អ្នកជំងឺមានបញ្ហាបាក់ទឹកចិត្ដធ្ងន់ធ្ងរ មានជំងឺវិកលចរិក ឬជំងឺ obsessive-compulsive disorder ក៏អាចពិបាកក្នុងការបែងចែកវត្ថុជំវិញខ្លួនគាត់បានដែរ។ ដូចនេះពួកគាត់អាចនឹងមានអារម្មណ៍ឯកា ហើយមិនខ្វាយខ្វល់ជាមួយជីវិតខ្លួនឯង។ មានអ្នកខ្លះទៀតនិយាយថា មនុស្សកើតក្នុងគ្រួសារធ្លាប់មានប្រវត្ដិជំងឺពិបាកក្នុងការចងចាំ ក៏ងាយប្រឈមជាមួយជំងឺមួយនេះ ដោយសារតែពួកគាត់មិនសូវខ្វាយខ្វល់អំពីការចាត់ទុកអ្វីមួយជាចម្បង ឬមិនសូវខ្វាយខ្វល់អំពីស្ថានភាពជុំវិញខ្លួនឡើយ។ ប៉ុន្តែយើងក៏ត្រូវចែកឲ្យដាច់រវាង hoarders ជាមួយ collectors។ Collectors គឺកើតឡើងដោយសារចំណង់ចំណូលចិត្ដរបស់អ្នកនោះ ដែលវាមិនទាក់ទងជាមួយបញ្ហាជីវិតរស់នៅរបស់គាត់ឡើយ។ ចំណែកឯ hoarders គឺជាអ្នកប្រមូលរបស់គ្រប់យ៉ាងរក្សាទុក ហើយភាគច្រើនវាប៉ះពាល់ដល់ជីវិតរស់នៅរបស់ពួកគាត់។
៣-គ្រោះថ្នាក់បណ្ដាលមកពីជំងឺ hoarding disorder
ពេលអ្នកណាម្នាក់បើកទ្វារបន្ទប់ឃើញរបស់របរគរពេញបន្ទប់ ច្បាស់ជាមិនចង់ចូលក្នុងបន្ទប់នោះ ឬមិនមានអារម្មណ៍ចង់សម្អាតវាទេ។ វាមិនត្រឹមតែទាក់ទងតែជាមួយបញ្ហាសោភ័ណ្ណភាពមួយមុខនោះទេ វាធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការងារ អនាម័យក្នុងបន្ទប់ និងបញ្ហាប្រស្រ័យទាក់ទងផ្សេងៗទៀតដែរ។ នេះជាមូលហេតុដែលធ្វើឲ្យ hoarders មិនសូវមានមិត្ដភក្គច្រើន ចូលចិត្ដនៅម្នាក់ឯង និងមានអារម្មណ៍ឯកា។ មិនតែប៉ុណ្ណោះការប្រមូលរបស់របរទុកច្រើនពេកក្នុងបន្ទប់ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ខ្លួន ឬអ្នកដែលចូលលេងក្នុងបន្ទប់គាត់បាន។ យើងក៏ធ្លាប់បានឮដែរហើយអំពីគ្រោះថ្នាក់បណ្ដាលឲ្យបាត់បង់ជីវិត ដោយសារតែរបស់របរដែលគរខ្ពស់បាក់មកសង្កត់លើមនុស្ស។