កើតហឺត អាច​ប៉ះពាល់រឿង​រួមភេទ​កម្រិត​ណា?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ហឺត ប៉ះពាល់​ដល់ដង្ហើម​យើង ថប់ដង្ហើម ចុះបើរួមភេទ​ម្ដងៗ ដែលត្រូវការអារម្មណ៍ និងសំឡេង​ស្រើបស្រាល តើហឺតអាចប៉ះពាល់ដែរអត់? “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ទំនាក់​ទំនង​ជំងឺ​ហឺត និង​បញ្ហា​ផ្លូវ​ភេទ ព្រមទាំងដំណោះស្រាយ ដើម្បី​ឲ្យ​ជីវិត​ផ្លូវភេទ​យើង​ស្រណុក​សុខស្រួល។

១- ជំងឺ​ហឺត​បង្ក​បញ្ហា​ដល់​ការ​រួមភេទ​

ជំងឺ​ហឺត បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​សួត ធ្វើ​ឲ្យ​បំពង់​ខ្យល់​ចង្អៀត និង​រលាក ពិបាក​ដក​ដង្ហើម​ដោយ​រោគ​សញ្ញា​មាន​ដូចជា បន្លឺ​សំឡេង​ហួច ពេល​ដក​ដង្ហើម​ក្អក ចុក តឹង​ទ្រូង ឬ​ហត់។

ហេតុ​ផល​ទាំង​លើសុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ការរួម​ភេទ។ បើ​យើង​មាន​អាការៈ​ថប់​ដើម​ទ្រូង ហើយ​បន្លឺ​សំឡេង​ដូច​ហួច​កាន់​តែ​ខ្លាំង​ឡើងៗ​អំឡុង​ពេល​រួមភេទ ឬ​មាន​អារម្មណ៍​ថាតឹង​ទ្រូង​ជិត​ផ្ទុះ ពិបាក​ដក​ដង្ហើម ដោយ​សារ​តែ​គ្មាន​ខ្យល់​ចេញ​ចូល​ក្នុង​សួត ត្រូវ​តែ​ឈប់​រួមភេទ និង​លេប​ថ្នាំ​ជា​បន្ទាន់ ដែលនេះធ្វើឲ្យ​​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវ​ភេទ​យើង។

មួយ​វិញ​ទៀត ចំពោះ​ស្រីៗ​មាន​ជំងឺ​នេះ ការ​រួម​ភេទតាម​មាត់ អាច​នឹង​មិន​ធ្វើ​ទៅ​រួច​ដូច​គ្នា ដោយសារ​តែ​បញ្ហា​​ដក​ដង្ហើម ធ្វើ​ឲ្យ​យើង​ងាយ​ប្រតិកម្ម​ជាមួយ​ទឹក​កាម​ប្រុសៗ ឬ​ស្រោម​អនាម័យ​ផលិត​ពី​កៅស៊ូ។

កត្តា​ទាំង​នេះអាច​ធ្វើ​ឲ្យ​យើង​ និង​ដៃ​គូ មាន​បញ្ហា​សតិ​អារម្មណ៍ ដូចជា ខ្មាស​អៀន គ្មាន​ផាសុកភាព​ ស្រ្ដេស និង​ខ្លាច​ដៃ​គូ​មាន​គ្រោះថ្នាក់ មាន​អារម្មណ៍​ថា​ដៃ​គូ​ឈប់​ស្រលាញ់​ខ្លួន ក៏​ដូច​ជា​អារម្មណ៍​ស្អប់​ខ្លួន​ឯង មិន​អាច​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​សម្រេច​ចិត្ត​កាត់​ផ្ដាច់​ទំនាក់ទំនង​ស្នេហ៍​ក៏​មាន។

២- ប្រាប់​ដៃ​គូ​យើងត្រង់ៗពី​បញ្ហា​ហឺត

ភាព​ស្មោះត្រង់ ធ្វើ​ឲ្យ​យើង​រក្សា​ទំនាក់ទំនង​ស្នេហា​បាន​យូរ​អង្វែង ក៏​មិន​ធ្វើ​ឲ្យ​ខាត​បង់​អ្វី​នោះ​ដែរ ក៏​អាច​សម្រួល​ដល់​ការ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​យើង​បាន ដូចជា៖

– អាច​ប្រើ​ស្រ្ពាយ​បាញ់​មាត់ដោយ​មិន​ចាំ​បាច់​ខ្លាច​ចិត្ត​ដៃ​គូ​
– ដៃគូ​ក៏​អាច​ជួយ​យើង​បាន ក្នុង​ករណី​មាន​អាសន្ន​ដោយ​សារ​ជំងឺ​
– ដៃគូមើល​ថែ​យើង និង​ជួយ​មិន​ឲ្យ​ជំងឺ​រើ​ឡើង​
– យល់​ពី​យើង​កាន់​តែ​ច្បាស់ពី​ហេតុផល​មិន​អាច​រួមភេទ ឬ​ចេញ​ក្រៅ​ដើរ​លេង​បាន។

អត្ថបទ​ពាក់ព័ន្ធ៖

៣- វិធីសាស្រ្ដ​រួមភេទ​ ពេល​មាន​ជំងឺ​ហឺត

ទោះ​កើតហឺត ​ក៏​នៅ​តែ​អាច​រួម​ភេទ​បាន​ដូចគ្នា ដោយ​គ្រាន់​តែ​ប្រើ​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម៖

– រៀប​រាប់​អាការៈ និង​ស្ថានភាព​ជំងឺ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​កាន់​ដៃ​គូ ព្រោះ​ការ​ចេះ​យោគយល់​គ្នា​នឹង​មិន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​អំឡុង​ពេល​រួមភេទ ដូចជា​ មាន​ស្រ្ពាយ​បាញ់​មាត់​ជិត​ខ្លួន​ពេល​រួមភេទ​ ដើម្បី​មាន​អារម្មណ៍​កាន់​តែ​ទុក​ចិត្ត។
– ឈប់​ខ្មាស​អៀន​រឿង​ប្រើ​ស្ព្រាយ​បាញ់​មាត់ ពេល​នៅ​ជិត​ដៃ​គូ ព្រោះ​ដៃ​គូ​ក៏​បារម្ភ និង​មិន​ចង់​ឲ្យ​មាន​រឿង​អ្វី​ប៉ះពាល់​ដល់​អាយុ​ជីវិត​យើង​ដែរ។
– ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ជំងឺ​ហឺត ដែល​ប៉ះពាល់​ទៅ​លើ​ជីវិត​ផ្លូវភេទ ទំនាក់ទំនង និង​អារម្មណ៍​ ព្រោះ​អាច​ធ្វើ​ឲ្យ​យើងលែង​មាន​ភាព​តានតឹង និង​ទទួល​បាន​ដំបូន្មាន​ល្អៗ​ពី​ពេទ្យ។
– កត់​សម្គាល់​រោគ​សញ្ញា និង​កត្តា​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង ដូចជា ​គ្រឿង​ស្រវឹង ក្លិន ឬ​ជាតិ​កៅស៊ូ។
– គោរព​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ ដោយ​លេប​ថ្នាំ​តាម​ផែនការ​ព្យាបាល និង​ទៅ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​កាត់​បន្ថយ​ការ​រើ​ឡើង​របស់​ជំងឺ​ហឺត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 12, 2019

ប្រភព
អ្នកអាចចូលចិត្ត