ជឿ​ត​គ្នា​យូរ​ហើយ​ ញ៉ាំ​ត្រប់ ឬ​ទំពាំង ​កើត​រោគ​ស្ត្រី អ៊ីចឹង​មែន​អត់?​

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

យើង​តែ​ឮ​ការ​ល្បីៗ​ត​គ្នា​ជា​យូរ​មក​ហើយ​ថា ការ​ញ៉ាំ​បន្លែ​​ត្រប់ ទំពាំង ធ្វើ​ឲ្យ​កើត​រោគ​ស្ត្រី ឬ​រើ​រោគ​ស្ត្រី​កាន់​តែ​ខ្លាំង។ តើ​បន្លែ​ទាំង​២​មុខ នេះ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​កើត​រោគ​ស្ត្រី ដូច​ជា​ធ្លាក់ស រមាស់​ទ្វារមាស កើត​រោគ​ផ្សិត មែនទេ?

បើ​និយាយ​ពី​រោគ​ស្ត្រី​មាន​ច្រើន​មុខ​ណាស់ ឯ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​រោគ​ទាំង​នេះ​ពុំ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ណា​មួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ត្រប់ ឬទំពាំង ធ្វើ​ឲ្យស្រីៗ​ធ្លាក់​ស ឬ​រលាក​មាត់​ស្បូន​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

លោក​ថា “ញ៉ាំ​បន្លែ​ទំពាំង​ធ្វើ​ឲ្យ​ធ្លាក់​ស មិន​មែន​ទេ ជា​ទូទៅ​ស្ត្រី​ខ្លះ​គាត់​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ទាំង​អស់​ហ្នឹង កាល​ណា​តែ​គាត់​អាលែកហ្ស៊ី មិន​ថា​តែ​ទំពាំង ឬ​ត្រប់​នោះ​ទេ សូម្បី​តែ​ប៉ះ​ខ្យល់​អាកាស​មិន​ល្អ​ហ្នឹង​ក៏​រមាស់​ដែរ។ អ៊ីចឹង​ទៅ​តាម​លក្ខណៈ​ស្ត្រី​ម្នាក់ៗ មិន​មែន​ចំណី​អាហារ​ទេ ជួន​​កាល​អាលែកហ្ស៊ី​ទៅ គាត់​រមាស់​ស្បែក យូរៗ​ទៅ​ទ្វារមាស​ក៏​រមាស់ ធ្វើ​ឲ្យ​ធ្លាក់​ស​ដូចគ្នា”

អត្ថបទពាក់ព័ន្ធ៖

ត្រពាំង រប​បអាហារ រោគស្ត្រី

ចំពោះ​មូល​ហេតុ​ពិត​ប្រាកដ​ដែល​ជំរុញ​ឲ្យ​មាន​ធ្លាក់​ស រមាស់​ទ្វារមាស​ មាន​កើត​រោគ​ផ្សិត​អី​ជាដើម​នោះ វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​ដដែល​នេះ អះអាង​ថា មក​ពី​ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ ឬ​ទ្វារមាស​មិន​បាន​ល្អ និង​ទៀងទាត់​ពេល​វេលា ការ​ស្លៀក​ពាក់​ខោ​រឹបៗ​ពេក ការប៉ះទង្គិចត្រង់ប្រដាប់ភេទនាំឲ្យមានរបួស ការដាក់របស់ប្លែកចូលក្នុងប្រដាប់ភេទ (កងស្បូន)  ប្រើ​ថ្នាំ​បំបាត់​ក្លិន​លើ​ទ្វារមាស ឬ​ក៏​ការ​ចម្លង​ជំងឺ​ពី​ដៃគូ។

អត្ថបទពាក់ព័ន្ធ៖ កន្លែង​សម្ងាត់​របស់​ស្រីៗ ហេតុ​អី​ងាយ​នឹង​ឆ្លង​រោគ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 13, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 13, 2019

អ្នកអាចចូលចិត្ត