ស្រីៗ​អាច​មាន​ផ្ទៃពោះ​ទេ បើ​មិន​បាន​រួមភេទ​ផង?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

រួមភេទ ជា​ទូទៅ​សំដៅ​លើ​ការ​ដាក់​ស៊ក​បញ្ចូល​លិង្គ​របស់​ប្រុសៗ​ទៅ​ក្នុង​ទ្វារ​មាសស្រីៗ។ ចុះ​បើ​ការ​រួមភេទ​ដែល​ប្រុសៗ​មិន​បាន​ស៊កបញ្ចូល​លិង្គ និង​បាញ់​ទឹក​កាម​ចូល​ទ្វារ​មាស​ទេ តើ​ស្រីៗ​អាច​មាន​ផ្ទៃពោះ​ដែរ​ទេ?

ចម្លើយ គឺ​អាច​មាន​ផ្ទៃពោះ តែ​ក្នុង​កម្រិត​ទាប។ សូម​អាន​ការ​បកស្រាយ​ខាង​ក្រោម៖

១. ការ​មាន​ផ្ទៃពោះ

ការ​មាន​ផ្ទៃពោះ កើត​ឡើង​នៅ​ពេល​ដែល​មេ​ជីវិត​ឈ្មោល​ជួប​​ជាមួយ​មេ​ជីវិត​ញីនៅពេលដែលស្រ្តីមានការធ្លាក់មេជីវិតជារៀងរាល់ខែ ដែល​នេះ​ក៏​អាច​កើត​ឡើង​ដែរ ទោះ​យើង​មិន​បាន​រួមភេទ​ដោយ​មាន​លិង្គ​ស៊ក​ចូល ហើយ​បាញ់​ទឹក​កាម​ចូល​ក្នុង​ទ្វារ​មាស​ក៏​ដោយ។

អំឡុង​ពេល​រួម​ភេទ ទឹកកាម​បុរស​នឹង​បញ្ចេញ​ចូល​ទៅ​ក្នុង​ទ្វារមាស​របស់​ស្ត្រី។ ទឹក​កាម​មាន​មេ​ជីវិត​ឈ្មោល​រាប់​លាន។ រាល់​ការ​បាញ់​បញ្ចេញ​ទឹក​កាម​មួយ​លើក អាច​មាន​មេ​ជីវិត​ឈ្មោល​ច្រើន​ជាង ៣០០ លាន​ក្បាល​ឯណោះ។

នៅ​ពេល​ដែល​លិង្គ​ឡើង​រឹង មុន​ពេល​ទឹក​កាម​ត្រូវ​បាញ់​បញ្ចេញ​មែន​ទែន លិង្គ​មាន​ចេញ​នូវ​ទឹក​រ​ម្អិល ដែល​គេ​ហៅ​ថា pre-ejaculate។ ទឹក​រ​ម្អិលនេះ អាច​មានផ្ទុក​មេ​ជីវិត​ឈ្មោល​ក្នុង​នោះ​រាប់​ពាន់​ក្បាល។ ឯ​បុរស​វិញ មិន​អាច​គ្រប់គ្រង​លើ​ការ​ផលិត​ទឹក​រម្អិល​នេះ​បាន​ទេ គឺ​ហៀរ​ចេញ​សើមៗ​ដោយ​ឯកឯង​ពេល​កំពុង​ត្រេកត្រអាល។

អូវែ​ស្ត្រី ជា​ទូទៅ​តែង​បញ្ចេញ​ពង​មេ​ជីវិត​ញី​មួយ ឬ​ច្រើន នៅ​ចន្លោះ ១២-១៦ ថ្ងៃ​មុន​ពេល​ស្រីៗ​មក​រដូវ​បន្ទាប់។

មេ​ជីវិត​ឈ្មោល ចូល​ក្នុង​រាងកាយ​ស្ត្រី​តាម​រយៈ​ទ្វារ​មាសនៅពេលមានការរួមភេទ រួច​ធ្វើ​ដំណើរ​ឆ្លងកាត់ចូលមាត់​ស្បូន និងទៅដល់​ស្បូន  ដែល​ជា​កន្លែង​ស៊ុត​បង្ក​កំណើត។ ស៊ុត​អាច​បង្ក​កំណើត​ដោយ​សារ​មេ​ជីវិត​ឈ្មោល និងមេជីវិតញីជួបគ្នា​ដែល​មាន​នៅ​ក្នុង​ទឹក​កាម ឬ​ទឹក​រម្អិល​ដែល​មាន​លើ​លិង្គ​អំឡុង​រួម​ភេទ។ ដូច្នេះ ទោះ​ប្រុសៗ​ចាក់​ទឹក​ក្រៅ​ពាង​ក៏​ដោយ (បាញ់​ទឹក​កាម​ក្រៅ​ខ្លួន​ស្រីៗ) ក៏​ស្រីៗ​នៅ​អាច​មាន​ផ្ទៃ​ពោះ​ដដែល។

អត្ថបទពាក់ព័ន្ធ៖ 

២. ចុះ​បើ​សិន​មិន​បាន​រួមភេទ​ផង តើ​អាច​មាន​ផ្ទៃ​ពោះ​ទេ?

ស្រីៗ​អាច​មាន​ផ្ទៃពោះ ទោះ​មិន​បាន​រួមភេទ​ក៏​ដោយ តាម​លក្ខខណ្ឌ​ខាង​ក្រោម​នេះ៖

– មេ​ជីវិត​ឈ្មោល​ហូរ​ចូល​ក្នុង​ទ្វារមាស ប្រសិន​បើ​ខាង​ប្រុស ឬ​ខាង​ស្រី មាន​ទឹក​កាម ឬ​ទឹក​រម្អិល​របស់​បុរស​នៅ​ជាប់​នឹង​ម្រាម​ដៃ ហើយ​យក​ម្រាម​ដៃ​នោះ​ទៅ​ប៉ះ​មាត់​ទ្វារមាស ឬ​លូក​ចូល​ក្នុង​ទ្វារ​មាស

– ការ​បាញ់​ទឹក​កាម​បង្ហៀរ​ក្បែរ​មាត់​ទ្វារមាស

– ការ​យក​លិង្គ​ដែល​កំពុង​ឡើង​រឹង (មាន​ចេញ​ទឹក​រំអិល) មក​ត្រដុស​សសៀរៗ​ក្បែរ​មាត់​ទ្វារមាស។

លក្ខខណ្ឌ​ខាង​លើ អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ តែ​ក្នុង​កម្រិត​ទាប​ប៉ុណ្ណោះ ដោយសារ​មេ​ជីវិត​អាច​មាន​​រស់​នៅបរិយាកាសខាងក្រៅ​បាន​រយៈ​ពេល​ខ្លី។ បើ​សិន​យើង​មិន​ទាន់​មាន​គម្រោង​យក​កូន​ទេ គួរ​ប្រើវិធី​ការពារ​ដោយ​ប្រើ​ស្រោម​អនាម័យ ឬ​វិធី​ពន្យារ​កំណើត​ផ្សេងៗ ដូចជាលេបថ្នាំ ចាក់ថ្នាំ កងដាក់ក្រោមដៃ ឬកងដាក់ក្នុងស្បូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 7, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 7, 2019

ប្រភព