ជឿអត់ថា ទំនាក់ទំនងសង្គម ជួយមនុស្សចាស់ពីជំងឺភ្លេចភ្លាំង?

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

យើងគ្រប់គ្នា ប្រហែល​ធ្លាប់​ឃើញហើយ មនុស្សចាស់​មួយ​ចំនួន គ្រាន់តែ​ឈានដល់​វ័យ ៧០​ឆ្នាំ​ឡើងទៅ មាន​ការភ្លេចភ្លាំង​ច្រើនណាស់ ខ្លះដល់​ថ្នាក់​ភ្លេច លែង​ស្គាល់កូនចៅ ឬសាច់ញាតិ​ក៏មាន​ដែរ។ ចំណែក​យើង​គ្រប់គ្នា ច្បាស់ណាស់​មិនចង់​ឃើញ​សាច់ញាតិ​ណាមួយ​របស់​យើង ជួប​បញ្ហា​ភ្លេចភ្លាំង​បែប​នេះទេ ។

បើមិនចង់​ដូច្នេះ យើងគួរ​បង្កើន​ទំនាក់ទំនង​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន កុំទុក​គាត់​ចោលឲ្យ​នៅតែ​ផ្ទះ ឲ្យ​គាត់​ចូលរួម​ក្នុង​ទំនាក់ទំនង​សង្គម ព្រោះ​ការសិក្សា​មួយ​របស់​អង់គ្លេស រកឃើញ​ថា ទំនាក់ទំនង​សកម្ម​របស់​មនុស្ស​ចាស់ អំឡុង​វ័យ ៥០​ឆ្នាំ និង ៦០​ឆ្នាំ ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង។

ការសិក្សានេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ University College London របស់​អង់គ្លេស ដោយ​មាន​អ្នកចូលរួម ១០.២២៨​នាក់ ដោយ​សាកសួរ​អំពី​ភាព​ញឹកញាប់​របស់​ពួកគេ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ពួកម៉ាក និង​សាច់ញាតិ។ អ្នកស្រាវជ្រាវ រកឃើញ​ថា ការ​បង្កើន​ទំនាក់ទំនង​សង្គម នៅ​វ័យ ៦០​ឆ្នាំ ពាក់ព័ន្ធ​យ៉ាង​សំខាន់ ជាមួយហានិភ័យ​ទាប នៃ​ការកើត​ជំងឺ​ភ្លេចភ្លាំង នៅ​វ័យ​បន្ទាប់​ទៀត។ “អ្នកដែល​ជួប​ពួកម៉ាក់​រាល់ថ្ងៃ នៅ​វ័យ ៦០​ឆ្នាំ ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង តិចជាង ១២% បើធៀប​នឹង​អ្នក​ជួប​ពួកម៉ាក់ ១ ឬ ២​នាក់ ក្នុង​រយៈពេល ២-៣​ខែ/ម្ដង“។

អត្ថបទពាក់ព័ន្ធ៖ បង្រៀនចាស់ៗ រៀនជំនាញថ្មីៗ ជំនួយខួរក្បាលបានល្អចៀសផុតភ្លេចភ្លាំង

អ្នកដឹកនាំ​ការសិក្សា Gill Livingston បញ្ជាក់​ថា មនុស្ស​ដែល​ភ្ជាប់​ទំនាក់ទំនង​សង្គម កំពុង​ហ្វឹកហាត់​ជំនាញ​មុខងារ​ចងចាំ ដូចជា ការ​ចងចាំ និង​ភាសា ដែល​ប្រហែល​អាច​ជួយ​ពួកគេ​រក្សា​ការ​ចងចាំ។ ការរក្សា​មុខងារ​ចងចាំ អាច​ជួយ​មនុស្ស ដោះស្រាយ​បាន​ប្រសើរ​ជាមួយ​ផលប៉ះពាល់​នៃ​ការវិវត្ត​វ័យ និង​ពន្យារ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 5, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 11, 2019

អ្នកអាចចូលចិត្ត