backup og meta

ទម្លាប់កេះអាចម៍ច្រមុះ មាន​បញ្ហាអ្វីកើតឡើងអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 26, 2022

    ទម្លាប់កេះអាចម៍ច្រមុះ មាន​បញ្ហាអ្វីកើតឡើងអត់?

    ដៃ​នៅ​មិន​សុខ​ចេះ​តែ​ចង់​កេះ​អាចម៍​ច្រមុះ​ ដែល​នេះ​មិន​មាន​ជា​ទម្លាប់​ល្អ​នៅ​ទេ ពិសេស​បើ​យើង​កេះ​អាចម៍​ច្រមុះ​នៅ​សាធារណៈ​ទៀត​នោះ​។ ពិត​ណាស់​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​ថា​ការ​កេះ​អាចម៍​ច្រមុះ​ផ្ដល់​ប្រយោជន៍​សុខភាព​ដល់​យើង​នោះ​ទេ តែ​មាន​ការ​បង្ហាញ​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ទៅ​វិញ​។​

    ១. កេះ​អាចម៍​ច្រមុះ​មាន​ផល​ប្រយោជន៍​ទេ​?​

    មិន​មាន​ការ​សិក្សា​ស៊ីជម្រៅ​ណាមួយ​ត្រូវ​បាន​ធ្វើ​ទាក់ទង​នឹង​ការ​កេះ​អាចម៍​ច្រមុះ​នេះ​ទេ ព្រោះ​ថា​មនុស្ស​ជា​ច្រើន​បដិសេធ​ចូល​រួម​ក្នុង​ការ​សិក្សា​បែប​នេះ។

    ពេល​ខ្លះ​ការ​កេះ​ច្រមុះ អាច​ថា​ជា​វិធីមួយ​ជួយ​សម្អាត​ច្រមុះ ប៉ុន្តែ​ថា​បើ​គ្នា​យើង​ធ្វើ​ដូច​នេះ​កុំ​ធ្វើ​នៅ​ទី​សាធារណៈ និង​ត្រូវ​លាង​សម្អាត​ដៃ​ជាមុន​សិន មុន​នឹង​កេះ​ច្រមុះ ព្រោះ​ថា​ដៃ​មិន​ស្អាត​អាច​ចម្លង​មេរោគ​ទៅ​ក្នុង​ច្រមុះ​បាន​។

    ២. ហានិភ័យ​មាន​អ្វី​ខ្លះ?

    ​ដូច​គ្នា​ដែរ​ គ្មាន​ការ​សិក្សា​លើ​រាងកាយ​មនុស្ស​ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​​ពី​ហានិភ័យ​កេះ​អាចម៍​ច្រមុះ​នោះ​ទេ​។ ប៉ុន្តែ​អ្នក​ចូលចិត្ត​យក​ដៃ​កេះ​ច្រមុះ ទំនង​ជា​អាច​មាន​បាក់តេរី​ Staphylococcus aureus ឆ្លង​ចូល​ក្នុង​ច្រមុះ​ច្រើន​ជាង​អ្នក​មិន​ដែល​យក​ដៃ​កេះ​ច្រមុះ​។

    ដូច​គ្នា​ដែរ អ្នក​ចូល​ចិត្ត​យក​ដៃ​កេះ​ច្រមុះ​ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ច្រមុះ​ផង​ដែរ បើ​កេះ​ខ្លាំង​ពេក​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាលិកា​នៅ​ក្នុង​ច្រមុះ​។

    ក្មេង​ចូលចិត្ត​កេះ​ច្រមុះ​

    ក្មេង​ៗ​អាច​មាន​ទម្លាប់​កេះ​ច្រមុះ​ច្រើន អាច​ថា​នេះ​ដោយ​សារ​ពួកគេ​មិន​ដឹង​ពី​វិធី​ផ្សេង​ដើម្បី​ដោះស្រាយ​ពេល​រមាស់​ច្រមុះ ឬ​មាន​អ្វី​នៅ​ក្នុង​ច្រមុះ។ មួយ​វិញ​ទៀត ក្មេងៗ​ក៏​មិន​បាន​គិត​ថា​ការ​កេះ​ច្រមុះ ជា​រឿង​ឆ្គាំឆ្គង​មួយ​ដែល​មនុស្ស​ធំ​មិន​ធ្វើ​នៅ​ទី​សាធារណៈ​នោះដែរ​។

    ការ​ដែល​ក្មេង​យក​ដៃ​កេះ​ច្រមុះ និង​កេះ​អាចម៍ច្រមុះ​ អាច​ធ្វើ​ឲ្យ​ដៃ​ប៉ះ​ទៅ​នឹង​ស្បែក​ក្នុង​ច្រមុះ បង្ក​ឲ្យ​ងាយ​ឆ្លង​​​វីរុស និង​បាក់តេរី ដូចជា​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា​។ ដូច​គ្នា​ដែរ ក្មេងៗ​ចូល​ចិត្ត​យក​ដៃ​កេះ​ច្រមុះ​អាច​បង្ក​ឲ្យ​រមាស់​ច្រមុះ​ដែរ ដែល​នាំ​ឲ្យ​ក្មេង​បន្ត​កេះ​កាន់តែ​ខ្លាំង​។

    មនុស្ស​ពេញ​វ័យ​

    បើ​នៅ​ក្មេង​ចូល​ចិត្ត​យកដៃ​កេះ​ច្រមុះ នោះ​ពេល​ធំឡើង​ក៏​អាច​នៅ​បន្ត​កេះ​ច្រមុះ ឬ​អាចម៍ច្រមុះ​ដែរ​។ សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​កត្តា​មួយ​ចំនួន​ អាច​នាំឲ្យ​មាន​ទម្លាប់​បែប​នេះ។ ទី​មួយ អាច​ថា​វា​ក្លាយ​ជា​ទម្លាប់​ផ្ទាល់​ខ្លួន​ ភ្លេចៗ​ខ្លួន​យក​ដៃ​កេះ​ច្រមុះ និង​ថែមទាំង​កេះ​អាចម៍​ច្រមុះ​ចេញ​មក​ទៀត​ ដោយ​មិន​ដឹង​ខ្លួន​។ សម្រាប់​អ្នក​ខ្លះ​វិញ កេះ​ច្រមុះ ដោយសារ​តែ​វា​ជា​វិធី​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ថប់បារម្ភ។

    កេះច្រមុះ

    ៣. វិធី​បញ្ឈប់​ការ​កេះ​ច្រមុះ​

    ពេល​យើង​មាន​ទម្លាប់​កេះ​អាចម៍​ច្រមុះ​ហើយ​នោះ អាច​ថា​វាជា​ការ​ពិបាក​មួយ​ក្នុង​ការ​បញ្ឈប់​ទម្លាប់​នេះ ប៉ុន្តែ​មិន​មែន​មានន័យ​ថា​យើង​មិន​អាច​បញ្ឈប់​បាន​នោះ​ទេ។ តស់​សាក​ល្បង​តិច​និក​ទាំង​នេះ​៖

    កំណត់​មូលហេតុ៖ បើ​យើង​ចេះ​តែ​រមាស់ច្រមុះ នាំឲ្យ​យើង​ចង់​កេះ​ច្រមុះ នោះ​អាច​មកពី​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវកាល​ ឬអាលែកហ្ស៊ី​នឹង​សារធាតុ​អ្វី​មួយ​។ យើង​អាច​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​បញ្ហា​រមាស់​ច្រមុះ​ ហៀរសំបោរ តឹងច្រមុះ ដើម្បី​​កាត់​បន្ថយ​ចំនួន​អាចម៍​ច្រមុះ​ក្នុង​ច្រមុះ​។​

    ប្រើ​ទឹក​សេរ៉ូម​ប្រៃ៖ គួរ​ប្រើ​ទឹក​សេរ៉ូម​ប្រៃ​ដើម្បី​លាង ឬ​បន្សើម​ច្រមុះ ដើម្បី​កុំ​ឲ្យ​មាន​អាចម៍​ច្រមុះ​កក​រឹង ដែល​ការ​ធ្វើ​ដូច​នេះ អាច​កាត់​បន្ថយ​កុំ​ឲ្យ​យើង​ចេះ​តែ​ចង់​កេះ​យក​អាចម៍​ច្រមុះ​ចេញ​ពី​ច្រមុះ​។​

    កេះច្រមុះ

    ៤. ចំណុច​គួរ​ដឹង​

    អាចម៍ច្រមុះ​ជា​របាំង​ការពារ​ធម្មជាតិ​មួយ​ជួយ​ការពារ​រាងកាយ​របស់​យើង។ អាចម៍​ច្រមុះ​ជួយ​ចាប់​យក​ធូលី បាក់តេរី វីរុស និង​ភាគ​ល្អិត​ផ្សេង​ៗ​ទៀត​ មិន​ឲ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម។

    ការ​កេះ​អាចម៍ច្រមុះ​មិន​ទាន់​មាន​ការសិក្សា​ស៊ី​ជម្រៅ​ណាមួយ​បញ្ជាក់​ថា​មាន​ប្រយោជន៍​នោះ​ទេ តែ​ថា​ការ​ធ្វើ​បែប​នេះ​បែរ​ជា​ធ្វើ​ឲ្យ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ច្រមុះ​ទៅ​វិញ​។

    ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​ ការ​កេះ​អាចម៍​ច្រមុះ ក៏​ជា​កាយវិការ​ឆ្គាំឆ្គង​មួយ​ដែរ បើ​យើង​ធ្វើ​វា​នៅ​ទី​សាធារណៈ។ បើ​សិន​ជា​គ្នា​យើង មាន​ទម្លាប់​កេះ​ច្រមុះ និង​អាចម៍​ច្រមុះ​មិន​ឈប់ មិន​អាច​ទប់​ចិត្ត​ខ្លួន​ឯង​បាន គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម