backup og meta

តិចនិកងាយៗ ជួយការពារបញ្ហាក្រួសក្នុងសាច់បំពង់ក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 31, 2021

    តិចនិកងាយៗ ជួយការពារបញ្ហាក្រួសក្នុងសាច់បំពង់ក

    ក្រួសក្នុងសាច់បំពង់កអាចធ្វើឱ្យយើងឧស្សាហ៍មានក្លិនមាត់ និងឈឺក ប៉ុន្តែភាគច្រើនយើង​មិនដឹងថាអាការៈទាំងនេះ​បណ្តាលមកពីការ​មានក្រួសក្នុងសាច់​បំពង់កទេ រហូតដល់ក្រួសទាំងនោះរីកធំទៅៗដែលបណ្តាល​ឱ្យសាច់បំពង់កហើម ហើយអាចឈានដល់ការកាត់សាច់បំពង់ក​ថែមទៀតផង។ ហេតុអ្វីបានជាយើង​មាន​ក្រួស​ក្នុងសាច់ក្នុងបំពង់ក? គួរការពារបែបណា?

    នៅខាងក្រោយបំពងកយើងមានសាច់បំពង់ក (អាមីដាល់) ពីរដែលមាន​រាងពងក្រពើ ហើយមានផ្នត់ និងប្រហោង។ ក្រួសក្នុងសាច់បំពង់​កគឺកំណក់កាល់ស្យូម ដែលកើត​ឡើង​ដោយសារការជាប់បាក់តេរី សម្បោរ ស្លេស្ម ឬកំទេចអាហារ​នៅក្នុង​សាច់​បំពង់​ករបស់យើង។ យើងអាច​មានក្រួសក្នុងសាច់បំពង់កមួយ ឬច្រើនក្នុងពេលតែមួយ។

    ខាងក្រោមនេះជាវិធីសាស្រ្តការពារការមានក្រួសក្នុងសាច់បំពង់ក៖

    ១. អនាម័យមាត់ធ្មេញ

    ការដុសធ្មេញពីរដងក្នុងមួយថ្ងៃ ឬក្រោយញុំាអាហាររួច ការសម្អាត​អណ្តាត និង​រូស​ធ្មេញ​អាចជួយសម្អាតកំទេចអាហារ និងកម្ចាត់បាក់តេរី​ពីក្នុងមាត់ ​និងការពារ​ការ​ប្រមូលផ្តុំបាក់តេរី និងកម្ទេចអាហារនៅក្នុងប្រហោង និងផ្នត់សាច់បំពង់ក។ លើសពី​នេះ​ទៅទៀតការសម្អាតអណ្តាតក៏ជួយសម្អាតស្លេស្មដែលនៅជាប់អណ្តាតយើងដែរ។

    ២. ខ្ពុរមាត់ជាមួយទឹកអំបិល

    យើងអាចលាយ​អំបិល​មួយ​ស្លាបព្រា​បាយ​ជាមួយ​ទឹក​មួយ​ពែងដើម្បីខ្ពុរមាត់។ ការធ្វើ​បែប​នេះអាចជួយកម្ចាត់​បាក់តេរី​ចេញពី​មាត់​របស់​យើង។

    ៣. ញុំាទឹកឱ្យបានគ្រប់គ្រាន់

    ការញុំាទឹកគ្រប់គ្រាន់ធ្វើឱ្យមាត់យើងមានសំណើម មានទឹកមាត់ច្រើន ព្រមទាំង​អាច​កម្ចាត់ និងរារាំងបាក់តេរីពីការលូតលាស់នៅក្នុងមាត់។

    ៤. ចៀសវាងការជក់បារី និងញុំាគ្រឿងស្រវឹង

    ការជក់បារី និងញុំាគ្រឿងស្រវឹង​ធ្វើឱ្យមាត់យើងស្ងួត​ដែលងាយ​បណ្តាល ឱ្យ​មាន​បាក់តេរី​ក្នុងមាត់។

    ៥. កាត់បន្ថយផលិតផលធ្វើពីទឹកដោះ

    ការញុំាផលិតផលធ្វើពីទឹកដោះដូចជា ទឹកដោះគោ ទឹកដោះគោជូរ និងឈីស ច្រើន​អាច​បណ្តាលឱ្យយើងឡើងស្លេស្មនៅក្នុងបំពង់ក និងបង្កជាកំណក​កំបោរ។

    ផលិតផលទឹកដោះ

    ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!

    ៦. ចៀសវាងភេសជ្ជៈមានជាតិស្ករ

    ការញុំាភេសជ្ជៈមានជាតិស្ករខ្ពស់ដូចជា ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូចកំប៉ុង ទឹកផ្លែឈើ​កំប៉ុងជាដើមអាចបង្កើនការកកើតបាក់តេរីក្នុងមាត់។

    ៧. គ្រប់គ្រងអាលែកហ្ស៊ី និងបញ្ហាច្រមុះ

    អាលែកហ្ស៊ី និងបញ្ហាច្រមុះអាច​ធ្វើឱ្យយើងហៀរ​សម្បោរដែលអាចបណ្តាល​​ឱ្យ​សម្បោរ​ហូរចូលបំពង់ក។ យើងគួរចៀសវាងអាហារ ឬសារធាតុដែល​ធ្វើឱ្យ​យើង​អាលែកហ្ស៊ី។

    ​ក្រួសក្នុងសាច់បំពង់កអាចមានទំហំប៉ុនគ្រាប់ស្រូវរហូតដល់គ្រាប់សណ្តែក។ ប្រសិន​បើ​មិន​ព្យាបាល ក្រួសទាំងនោះអាចរីកធំ និងបណ្តាល​ឱ្យសាច់បំពងករបស់យើងហើម។ យើងអាចការពារការកើតក្រួសក្នុងសាច់បំពង់កដោយរក្សាអានាម័យមាត់ធ្មេញ និង​ចៀសវាង​អាហារមួយចំនួន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម