សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​តម្រង​នោម​ គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​តម្រង​នោម​ គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​មហារីក​​តម្រង​នោម​ គឺ​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​​ដែល​អាច​​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​​​។ ជំងឺ​នេះ​​ចាប់ផ្ដើម​កើត​ឡើង​​នៅ​ពេល​ដែល​មាន​​ការ​លូតលាស់​ខុស​ប្រក្រតី​នៃ​កោសិកា​​នៅ​លើ​តម្រង​នោម​​ម្ខាង​ ឬ​ទាំង​សង​ខាង​ និង​ក្រោយ​មក​វិវត្ត​ទៅ​ជា​ដុំ​សាច់​។ ដុំ​សាច់​នេះ​​មាន​២​ប្រភេទ​ គឺ​ដុំ​សាច់​ស្លូត​ និង​ដុំ​សាច់​កាច​។ ខណៈ​ពេល​ដែល​ដុំ​សាច់​ស្លូត អាច​ព្យាបាល​ជា​សះស្បើយ​ ដោយ​មិន​មាន​ការ​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ ដុំ​សាច់​កាច​​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​បាន​។

    មូលហេតុ​​បង្ក​នៃ​ជំងឺ​មហារីក​តម្រង​នោម​ និង​កត្តា​ហានិភ័យ

    កត្តា​ហានិភ័យ​មួយ​ចំនួន​ ដែល​អាច​បណ្ដាល​ឲ្យ​​កើត​ជំងឺ​មហារីក​តម្រង​នោម​ មាន​​ដូច​តទៅ​៖

    ១. លើស​ទម្ងន់ ឬ​ធាត់​ជ្រុល​

    ​ជាក់​ស្ដែង ការ​លើស​ទម្ងន់​ ឬធាត់​ជ្រុល​មាន​ពាក់ព័ន្ធ​នឹង​​ការ​​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ជា​ច្រើន​ ដូចជា​ជំងឺ​មហារីក​សុដន់​ ថ្លើម​ លំពែង ក្រពះ និង​មហារីក​តម្រង​នោម​។ ម្យ៉ាង​វិញ​ទៀត​ ពេល​វេលា​នៃ​ការ​ឡើង​ទម្ងន់​ ក៏​អាច​ប៉ះពាល់​ដល់​ការ​កើត​ជំងឺ​មហារីក​ដូច​គ្នា​ ជា​ពិសេស​ គឺ​នៅ​ពេល​ដែល​យើង​នៅ​ក្មេង និង​នៅ​ក្នុង​វ័យ​ជំទង់​។

    ២. ការ​ជក់បារី​

    យើង​ដឹង​ហើយ​ថា ការ​ជក់​បារី​ផ្ដល់​ផលវិបាក​ដល់​សុខភាព​ជា​ច្រើន​ ហើយ​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នៃ​ការ​ជក់បារី គឺ​ជំងឺ​មហារីក​តម្រង​នោម​។ កត្តា​នេះ​ បណ្ដាល​មក​ពី​សួត​​ទាំង​ពីរ​របស់​យើង​​ស្រូប​យក​សារធាតុ​គីមី​​ដែល​បង្ក​ជំងឺ​មហារីក​ភាគ​ច្រើន​។ នៅ​ពេល​ដែល​សារធាតុ​គីមី​ទាំង​នេះ​លាយ​ជាមួយ​នឹង​ឈាម​ វា​អាច​ទៅ​កាន់​តម្រង​នោម​ ដែល​ជា​ហេតុ​នាំ​​ឲ្យ​តម្រង​នោម​របស់​យើង​ត្រូវ​បំផ្លាញ​។

    ៣. តំណ​ពូជ​

    ដូច​ទៅ​នឹង​ជំងឺ​មហារីក​ដទៃ​ទៀត​ដែរ ជំងឺ​មហារីក​តម្រង​នោម​អាច​កើត​ឡើង​ដោយ​សារ​កត្តា​តំណ​ពូជ​​។ យោង​តាម​អ្នក​ជំនាញ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ការ​ប្រែប្រួល​ហ្សែន​ ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​​កើត​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​គ្មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​។

    ៣. សម្ពាធ​ឈាម​ខ្ពស់​

    មួយ​វិញ​ទៀត​ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ ត្រូវការ​​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ មាន​គ្រោះថ្នាក់​ដល់​តម្រង​នោម​ ក៏​ដូចជា​បង្ក​ជា​ជំងឺ​មហារីក​ថែម​ទៀត​ផង​។

    មហារីកតម្រងនោម៤

    សញ្ញា​គ្រោះថ្នាក់ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​តម្រង​នោម​

    ១. នោម​ឈាម​

    សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ គឺ​​នោម​មាន​ឈាម​។ ជំងឺ​មហារីក​នេះ​អាច​បង្ហាញ​រោគសញ្ញា​តែ​នៅ​ក្នុង​ដំណាក់កាល​​២​ចុងក្រោយ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ឃើញ​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​ វា​អាច​បង្ហាញ​ថា​ ជំងឺ​មហារីក​តម្រង​នោម​របស់​យើង​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​។

    ២. អស់​កម្លាំង​ជា​ប្រចាំ​

    អាការៈ​អស់​កម្លាំង​ជា​ប្រចាំ​ក៏​អាច​បង្ហាញ​ពី​រោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​​ ដូចជា​ជំងឺ​មហារីក​តម្រង​នោម​ជា​ដើម​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ ក៏​ដូចជា​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។​

    ៣. ស្រក​ទម្ងន់​ភ្លាម​ៗ​​

    ការ​ស្រក​ទម្ងន់​ភ្លាម​ៗ​ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផង​ដែរ​។ តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំលាយ​អាហារ​ និង​ការ​ធ្វើ​មេតា​ប៉ូលីស​ក្នុង​រាងកាយ​។ ប្រសិនបើ​​យើង​មាន​ជំងឺ​មហារីក​តម្រង​នោម​ វា​ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​​​រំលាយ​អាហារ​ ក៏​ដូចជា​ធ្វើ​ឲ្យ​​យើង​ស្រក​ទម្ងន់​ ឬ​ប្រែប្រួល​ចំណង់​អាហារ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 20/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត