
គោលដៅចម្បង ព្យាបាលមហារីកដោះដោយបាញ់កាំរស្មីទៅបំផ្លាញកោសិកាមហារីក គឺដើម្បីកុំឲ្យកោសិកាទាំងនោះរាលដាល និងកាត់បន្ថយការឡប់ឡើងវិញ។ ស្រីៗខ្លះអាចទ្រាំការព្យាបាលនេះបាន តែខ្លះវិញអាចលេចចេញផលរំខានមួយចំនួន ដូចជា វង្វេងវង្វាន់ ឬពិបាកចិត្ត ព្រួយបារម្ភ ជាដើម។ ហើយផលរំខានក្រោយការព្យាបាលដោយវិធីនេះ ត្រូវបែងចែកជា ២ផ្នែក ធំៗ ដូចជា៖
១- ផលរំខានរយៈពេលខ្លី
ផលរំខានទាំងនោះច្រើនលេចឡើងកំឡុង ២-៣ សប្តាហ៍ ពេលចាប់ផ្តើមព្យាបាល និងបាត់ទៅវិញ ២ -៣ សប្តាហ៍ ក្រោយចប់ការព្យាបាល។ ក្រៅពីនេះ នៅមានផលប៉ះពាល់ច្រើនទៀត ដូចជា៖
– អស់កម្លាំង៖ ជាផលរំខានទូទៅគេច្រើនប្រទះឃើញ ហើយនឹងបាត់ទៅវិញនៅ ២-៣សប្តាហ៍ចុងក្រោយ។
– ស្រេ្តស៖ ដោយសារតែការព្យាបាលទាមទាររយៈពេលយូរ ដូចនេះ វាអាចប៉ះពាល់ដល់ការងារផ្ទះ និងកន្លែងធ្វើការបាន។
– ជ្រុះរោម៖ ទោះបីជាការព្យាបាលពុំបណ្តាលឲ្យជ្រុះសក់ក្បាល តែវាក៍ធ្វើឲ្យជ្រុះរោមក្លៀក ឬរោមទ្រូងបាន។
– រលាកស្បែក៖ នៅកន្លែងបាញ់កាំរស្មី។ បន្ទាប់ពីបាញ់បាន ២-៣ ដង ស្បែកអាចចេញពណ៌ក្រហម ហើយឈឺដូចរលាកថ្ងៃ។ ការរលាកអាស្រ័យលើប្រភេទស្បែក ហើយវានឹងបាត់ទៅវិញនៅសប្តាហ៍ចុងក្រោយ នៃការព្យាបាល។ បើឃើញបែបនេះឆាប់ប្រាប់គ្រូពេទ្យ។
២- ផលរំខានយូរអង្វែង
ក្រោយពីការព្យាបាល អាចមានការផ្លាស់ប្តូររូបរាងខាងក្រៅ និងសរីរាង្គមួយចំនួនខាងក្នុង ដោយសារតែត្រូវកាំរស្មី។ បញ្ហាទាំងនោះមាន៖
– Lymphoedema៖ ស្រ្តីមួយចំនួនក្រោយវះកាត់ត្រង់ក្លៀក និងបាញ់កាំរស្មីហើយ ច្រើនឡើងហើមដៃ។ សព្វថ្ងៃនេះគ្រូពេទ្យមិនណែនាំឲ្យព្យាបាលបែបនេះនៅតំបន់ក្លៀកទេ លើកលែងតែកោសិកាមហារីករាលដាលដល់បរិវេណនេះ។
– ពិបាកដកដង្ហើម៖ ជាករណីកម្រ គ្នាយើងអាចក្អក ឬពិបាកដកដង្ហើមរាប់ឆ្នាំ ក្រោយការព្យាបាល ដោយសារតែកាំរស្មី បានទៅបំផ្លាញ កោសិកាសួត។
– បញ្ហាបេះដូង៖ ក្នុងករណីដែលដុំមហារីកនៅខាងឆ្វេងបាន អាចធ្វើឲ្យប៉ះពាល់ដល់បេះដូង។
– ប្រឈមកើតមហារីកនៅកន្លែងផ្សេងទៀត៖ ព្យាបាលដោយកាំរស្មីរយៈពេលយូរ អាចបំផ្លាញកោសិកាល្អ និងប្រព័ន្ធការពាររាងកាយបាន។ មុនពេលព្យាបាលដោយកាំរស្មី គួរពិភាក្សាជាមួយគ្រូពេទ្យពីផលរំខានយូរអង្វែង ដើម្បីឲ្យយើងបានត្រៀមខ្លួនទុកជាមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕