backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Chlamydia (តេស្តរកមើលមេរោគប្រមេះទឹកថ្លា)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Aug 27, 2019

Chlamydia (តេស្តរកមើលមេរោគប្រមេះទឹកថ្លា)

និយមន័យ

១- អ្វី​ជា​តេស្ត​រក​​មើល​មេរោគ​ប្រមេះ​ទឹក​ថ្លា?

ការ​ធ្វើ​តេស្ត​ស្វែង​រកមេរោគ​​ប្រមេះទឹក​ថ្លា ​គឺ​ដើម្បី​កំណត់​មូលហេតុ​ច្បាស់លាស់​​នាំ​ឲ្យ​មាន​ជំងឺ​ប្រមេះ​ទឹក​ថ្លា ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ប្រមេះ​ម្យ៉ាង គេ​ស្គាល់​ថា Chlamydia។

នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​មេរោគប្រមេះមាន​ច្រើន​ប្រភេទ​ ហើយ​សម្រាប់​មេរោគ​ប្រមេះឈ្មោះ Chlamydia Psittaci​ គឺ​វា​បង្ក​រោគ​នៅ​ផ្លូវ​ដង្ហើម អាច​​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​សត្វ​បក្សី​​មាន​ជំងឺ។

មេរោគប្រមេះមួយ​ប្រភេទ​ទៀត​ ហៅថា Chlamydia Trachomatis​ ​ជា​មេរោគភាគ​ច្រើន​ឆ្លង​តាម​ការ​រួម​ភេទ​ ពិសេស​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ហើយ​មេរោគ​នេះ​បង្ក​រោគ​នៅ​លើ​ប្រដាប់​ភេទ​ ព្រម​ទាំង​ប្រស្រីភ្នែក​ បំពង់​អាហារ បង្ហួរ​នោម​ និង​រន្ធ​គូទ។

ប្រភេទ​ទី ២ ​នៃ​មេរោគ​ Chlamydia Trachomatis ​បង្កដោយ​​មេរោគ​ Trachoma​ ​ច្រើន​បណ្ដាល​ឲ្យ​អាច​បង្ការ​ពិការ​ភ្នែក។ មេរោគ​ប្រភេទ​នេះ​ ឆ្លង​ពី​ម្តាយ​ទៅ​គភ៌ តាម​រយៈ​​ការ​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​​ទារក​ទើប​ចាប់​កំណើតតាម​​ទ្វារមាស​ ដោយ​ម្តាយ​បាន​ឆ្លង​មេរោគ​នេះ​អំឡុង​ពេល​រួម​ភេទ

មេរោគ​ប្រមេះ អាចជា​មូល​ហេតុ​ជំងឺ​រលាក​អាង​ត្រគាក ​ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ ខណៈស្រីៗភាគ​ច្រើន​ដែល​មាន​មេរោគ Chlamydia មិន​លេច​ចេញ​នូវ​រោគ​សញ្ញា​នោះ​ទេ។

​មាន​វិធី​ ២​យ៉ាង​ ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ​ប្រមេះនេះ ដូចជា៖

– វិធី​ទី​ ១៖ ធ្វើ​ការ​បណ្ដុះ​ជាលិកា​ចាប់​ពី​ក​ស្បូន​ និង​ទ្វារមាស​ ដើម្បី​កំណត់​ថា ​តើ​មាន​មេរោគ​ប្រមេះ ឬ​អត់?

– វិធី​ទី​ ២៖ ​ស្វែង​រក​អង់ទីករ​​ប្រឆាំង​នឹង​មេរោគ​ Chlamydia ​មាន​ក្នុង​រាងកាយ។ ការ​ធ្វើ​តេស្ត​នេះ ​អាច​ធ្វើ​បាន​ដោយ​ជូត​នឹង​សំឡី​ចេញ​ពី​មាត់​បង្ហួរ​នោម​ ក​ស្បូន ​ឬ​ទឹក​នោម។

២- ហេតុ​អ្វី​ចាំបាច់​ធ្វើ​តេស្ត​រក​មេរោគ​ប្រមេះទឹក​ថ្លា?

​ការ​ធ្វើ​តេស្ត​នេះ គឺ​នៅ​ពេល​យើង​សង្ស័យ​មាន​ឆ្លង​មេរោគ​នេះ ខណៈ​​គ្រូពេទ្យ​ ក៏​នឹង​តម្រូវ​ឲ្យ​យើង​ធ្វើ​តេស្ត​រក​មេរោគប្រមេះ​ទឹកថ្លា​ក្នុងករណី៖

– យើង ឬដៃ​គូ​មាន​រោគ​សញ្ញា​បង្ក​ដោយ​​មេរោគ​ប្រមេះទឹក​ថ្លា

– រួមភេទ​ដោយ​មិន​បាន​ការពារ​ជាមួយ​ដៃ​គូ​ថ្មី

– ស្រោម​អនាម័យ​រហែក

– យើង ឬ​ដៃ​គូ​ រួមភេទ​ជាមួយមនុស្ស​​មិន​គួរ​ទុក​ចិត្ត

– គិត​ថា​បាន​ឆ្លង​មេរោគ​តាម​ការ​រួម​ភេទ

– ដៃ​គូគិត​ថា​បាន​ឆ្លង​មេរោគ​តាម​ការ​រួម​ភេទ

– មាន​គភ៌ ​ឬ​ត្រៀម​ចង់​មាន​កូនរ

– អាង​ត្រគាក​មាន​ការ​រលាក​ ឬ​មាន​ជំងឺ​ទាក់ទង​នឹង​ទ្វារមាស។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ធ្វើ​តេស្ត​រក​មេរោគ​ប្រមេះទឹក​ថ្លា?

បើ​ធ្វើ​តេស្ត​ដោយ​ប្រើ​គំរូ​ទឹក​នោម​ យើង​នឹង​មាន​សុវត្ថិភាព​ពេញលេញ​ ​គ្មាន​ផល​វិបាក​ក្រោយ​ការ​ធ្វើ​តេស្ត​អ្វី​ទាំង​អស់។ តែ​ប្រសិន​បើ​ធ្វើ​តេស្ត​នៅ​លើ​ក​ស្បូន​ មាត់​បង្ហួរ​នោម ​រន្ធ​គូទ​ ភ្នែក ​ឬ​បំពង់​ក អាច​នឹង​មាន​ផល​វិបាក​មួយ​ចំនួន​មិន​អាច​ចៀស​បាន។

សម្រាប់​ករណី​កម្រ​វិញ ​អាច​សន្លប់​ដោយ​សារ​តែ​ភ័យ​ខ្លាច​ពេក ​ឬ​រង​សម្ពាធ​ខ្លាំង​ពេក ​នៅ​ពេល​គ្រូពេទ្យ​ចាប់​ផ្ដើម​យក​ដាក់​សំឡី​ជូត​យក​គំរូ​សម្រាប់​ធ្វើ​តេស្ត​នៅ​ក្នុង​មាត់​បង្ហួរ​នោម។

កត្តា​អាច​ប៉ះពាល់​ដល់​លទ្ធផល​តេស្ត​រួមមាន៖

– មក​រដូវ

– ​មាន​ជំងឺ​ត្រូវ​ព្យាបាល​ជាមួយ​ថ្នាំ​ផ្សះ

ការ​ធ្វើ​តេស្ត​នេះ ​សំខាន់​បំផុត យើង​ត្រូវ​យល់​អំពី​ហានិភ័យ ​និង​ផល​វិបាក​ជា​មុន ហើយ​បើ​មាន​សំណួរ​ សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ឬ​គ្រូពេទ្យ​វះកាត់​សម្រាប់​ព័ត៌មាន​បន្ថែម។

ដំណើរការតេស្ត

៤- តើ​គួរ​ត្រៀម​អ្វី​ខ្លះមុន​ធ្វើ​តេស្ត​មេរោគប្រមេះទឹក​ថ្លា?

​ការ​ធ្វើ​តេស្ត​នេះ​ គ្រូពេទ្យ​នឹង​ប្រើ​គំរូ​ទឹក​នោម ​ឬ​សារធាតុរាវ​ពី​កន្លែង​ផ្សេងៗ​នៃ​រាងកាយ ដើម្បី​យក​ទៅ​ពិនិត្យ។ ជា​ទូទៅ​ការ​យក​គំរូ​សម្រាប់​ការ​ធ្វើ​តេស្ត​ អាស្រ័យ​ទៅ​លើ​កន្លែង​បង្ក​រោគ។ បើយើង​​ប្រើ​គំរូ​ទឹក​នោម​សម្រាប់​ធ្វើ​តេស្ត​ គឺ​មិន​ត្រូវ​នោម​ ២​ម៉ោង​ មុន​នឹង​ធ្វើ​តេស្ត​នោះ​ទេ។ ​បើយក​គំរូ​ចេញ​ពី​ក​ស្បូន​ មិន​គួរ​ប្រើ​ថ្នាំ​ ឬ​ជែល​លាប​លើ​ក​ស្បូន​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ មុន​ធ្វើ​តេស្ត​នោះដែរ។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

គ្រូពេទ្យ​ នឹង​ធ្វើ​ការ​បូម​ឈាម​ សម្រាប់​ជា​គំរូ​ក្នុង​ការ​ធ្វើ​តេស្ត​ ដោយ​ដាក់​ចូល​ទៅ​ក្នុង​បំពង់​គម្រប​ពណ៌​ក្រហម។ ​បើ​​ត្រូវ​ការ​ធ្វើ​តេស្ត Serological​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ពី​ការ​ឆ្លង​មេរោគ​ស្រួច​ស្រាល ​គ្រូពេទ្យត្រូវ​ការ​គំរូ​បន្ថែម​ក្រោយ ​២-​៣ សប្ដាហ៍។

សម្រាប់​ការ​យក​គំរូ​ក្នុង​ប្រស្រីភ្នែក ​គ្រូពេទ្យ​នឹង​ប្រើ​សំឡី​ជូត​នៅ​លើ​កន្លែង​​របួស​ភ្នែក​ ឬ​ប្រើ​សំឡី​សម្លាប់​មេរោគ ​រួច​ជូត​ទៅ​លើ​ស្នាម​ប្រឡាក់​លើ​បន្ទះ​មីក្រូទស្សន៍។

គ្រូពេទ្យ​នឹង​ធ្វើ​ការ​បណ្ដុះ​ជាលិកា​បាក់តេរី​ចេញ​ពី​កំហាក​ ក្នុង​ករណី​មាន​ការ​ឆ្លង​មេរោគ ​Chlamydia Psittaci ​នៅ​ក្នុង​បំពង់​ដង្ហើម។

​បើ​ត្រូវ​ការ​បណ្ដុះ​ជាលិកា​បាក់តេរី​នៅ​ក្នុង​ក​ស្បូន​ គ្រូពេទ្យ​នឹង​ធ្វើ​តាម​ជំហាន​ខាង​ក្រោម​ដូចជា៖

– យើង​មិន​ត្រូវ​បាញ់​លាង​ក្នុង​ប្រដាប់​ភេទ​ និង​ងូត​ទឹក​ មុន​គ្រូពេទ្យ​ធ្វើ​ការ​បណ្ដុះ​ជាលិកា​បាក់តេរី​ក្នុង​ក​ស្បូន​នោះ​ទេ

– គ្រូពេទ្យ​នឹង​តម្រូវគេង​ដើម្បី​ឲ្យធូរ​ស្រាល

– គ្រូពេទ្យ​នឹង​ប្រើ​ប្រដាប់​ពង្រីក​ទ្វារមាស​ ដើម្បី​មើល​ឲ្យ​ឃើញ​ក​ស្បូន

– គ្រូពេទ្យ​នឹង​លាង​សម្អាត​សារធាតុ​រាវ​ក្នុង​ក​ស្បូន

– គ្រូពេទ្យ​នឹង​ប្រើ​សំឡី​​សម្លាប់​មេរោគ​រួច​ ​ជូត​យក​គំរូ​ធ្វើ​តេស្ត​ក្នុង​រយៈ​ពេល​ ៣០​ វិនាទី។

បើ​ត្រូវ​ការ​បណ្ដុះ​ជាលិកា​បាក់តេរី​ចេញ​ពី​មាត់​បង្ហួរ​នោម​ គ្រូពេទ្យ​នឹង​ធ្វើ​តាម​ជំហាន​ខាង​ក្រោម​ដូចជា៖

– គ្រូពេទ្យ​នឹង​យក​គំរូ​ធ្វើ​តេស្ត​មុន​យើងនោម

– គ្រូពេទ្យ​នឹង​យក​គំរូ​ ដោយ​ប្រើ​សំឡី​សម្លាប់​មេរោគ ​រួច​ជូត​ក្នុង​មាត់​បង្ហួរ​នោម​ ក្នុង​ប្រវែង ​៣-៤​ សង់ទីម៉ែត្រ។

គ្រូពេទ្យ​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​នាទី​ ក្នុង​ការ​យក​គំរូដើម្បី​ធ្វើ​តេស្ត។ ហេតុនេះ ត្រូវ​អត់ធ្មត់ ​និង​សហការជា​មួយ​ពេទ្យ​ឲ្យ​បាន​ល្អ ព្រោះ​អំឡុង​ពេល​យក​គំរូ​ធ្វើ​តេស្ត យើង​អាច​មាន​ការ​ពិបាក​ក្នុង​ខ្លួន​បន្តិច​បន្តួច។

៦- មាន​អ្វី​កើត​ឡើង​ក្រោយ​ធ្វើ​តេស្ត?

បើ​គ្រូពេទ្យ​សង្ស័យ​ថា​ យើងមាន​មេរោគ​ប្រមេះ​ទឹក​ថ្លា យើង​មិន​ត្រូវ​រួមភេទ​រហូត​ដល់​ពេល​ធ្វើ​តេស្ត​រួចរាល់ និង​ទទួល​បាន​លទ្ធផល​តេស្ត​សិន។

បើ​លទ្ធផល​បញ្ជាក់​ថា យើង​​មាន​ឆ្លង​មេរោគ​ គ្រូពេទ្យ​នឹង​ព្យាបាល​ជាមួយ​ថ្នាំ​ផ្សះ​ ហើយ​មិន​ត្រូវ​រួមភេទ​រយៈ​ពេល ​៧​ថ្ងៃ​អំឡុង​ពេល​រ​ព្យាបាល ខណៈ​ដៃ​គូ​យើង ត្រូវ​ធ្វើ​ការ​ព្យាបាល​ដែរ​ ព្រោះ​អាច​មាន​ការ​ឆ្លង​រោគ។

បើ​យើង​មាន​ផ្ទុក​មេរោគប្រមេះទឹក​ថ្លា ​អាច​ប្រឈម​ការ​ឆ្លង​ជំងឺតាម​ការ​រួមភេទ​ជា​បន្ត​បន្ទាប់។ ហេតុ​នេះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​​ធ្វើ​តេស្ត Screening​ សម្រាប់​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ ​រួមមាន ជំងឺ​ស្វាយ ​ប្រមេះទឹក​បាយ​ និងជំងឺ​អេដស៍​ ជាដើម។

អត្ថបទ​ពាក់​ព័ន្ធ៖

  • តេស្ត​ពិនិត្យ​លាមក
  • តេស្ត​ទឹកកាម​បុរស

លទ្ធផល

៧- ​លទ្ធផល​តេស្ត

លទ្ធផល​ធម្មតា

– សម្រាប់​ការ​ធ្វើ​តេស្ត​បណ្ដុះ​មេរោគ​ដាច់​ដោយ​ឡែក៖ មិន​អាច​រក​ឃើញ។

– សម្រាប់​ការ​ធ្វើ​តេស្ត​អង់ទីករ៖

  • Chlamydophila pneumoniae

    IgG <១:៦៤

    IgM <១:១០

  • Chlamydophila psittaci

    IgG <១:៦៤

    IgM <១:១០

  • Chlamydia trachomatis

    IgG <១:៦៤

    IgM <១:១០

លទ្ធផល​មិន​ប្រក្រតី (មាន​ឆ្លង​មេរោគ)

ដោយ​អាស្រ័យ​ទៅ​តាម​មន្ទីរ​ពិសោធន៍ ​និង​មន្ទីរ​ពេទ្យ​ កម្រិត​ធម្មតា​សម្រាប់​ការ​ធ្វើតេស្ត​រក​មេរោគ​ប្រមេះទឹក​ថ្លា ​ អាច​មាន​ការ​ប្រែប្រួល ​ដូចនេះ​​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​​ សម្រាប់​ចម្ងល់​​លើ​លទ្ធផល​ក្រោយ​ការ​ធ្វើ​តេស្ត។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ​មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Aug 27, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម