Gestational diabetes (ទឹកនោមផ្អែមពេលពពោះ)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​ជំងឺ​ទឹកនោម​ផ្អែម​​ពេល​ពពោះ?​

ជា​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម តែង​​កើត​មាន​អំឡុង​សប្តាហ៍​ទី ២៤ ក្រោយ​ពពោះ។​ ទឹក​នោម​ផ្អែម​ប្រភេទ​នេះ​ ប៉ះពាល់​​ការ​ប្រើប្រាស់​ជាតិ​ស្ករ​របស់​កោសិកា ជា​ហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ ជះ​ឥទ្ធិពល​អាក្រក់​ទាំង​អ្នកម៉ាក់ និង​បេប៊ី។ ​យ៉ាងណា ក្រោយ​សម្រាល ជាតិ​ស្ករ​ក្នុង​ពោះ​ម៉ាក់ៗ​នឹង​វិល​ត្រឡប់​មក​ធម្មតាវិញ ប៉ុន្តែ​ទាំង​ម៉ាក់ៗ និង​បេប៊ី ក៏​ប្រឈម​ហានិភ័យ​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី ២ ដូច​គ្នា។ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ តាម​ដាន​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ទៀងទាត់។

ជា​ដំបូន្មាន សម្រាប់​ស្រីៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ និង​ប្រភេទ ២ មុន​សម្រេច​ចិត្ត​ពពោះ​ គប្បី​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ណែនាំ​ល្អៗ បញ្ចៀស​ហានិភ័យ​ទាំង​ម៉ាក់ៗ និង​បេប៊ី ទៅ​ថ្ងៃ​ក្រោយ។

២- ​កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា?

ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពពោះ ១០នាក់ ​មាន​ជំងឺ​នេះ ​ហើយ​ភាគ​ច្រើន​កើត​មាន​លើ​ស្ត្រី​ធាត់ៗ។ ប៉ុន្តែ​យើង​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម​មួយ​ចំនួន។ គួរសួរ​គ្រូពេទ្យ​បន្ថែម​បើ​មាន​ចម្ងល់។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

ធម្មតា​មិន​បង្ក​ចេញជា​រោគ​សញ្ញា​អ្វីទេ​ អ្នកជំងឺ​អាច​ដឹង​ថា​ខ្លួន​កើត​ជំងឺ​នេះ នៅ​ពេល​គាត់ធ្វើ​តេស្ត​ពិនិត្យ​ផ្ទៃពោះ។ ម៉ាក់ៗ មួយ​ចំនួន​អាច​មាន​រោគសញ្ញា​ពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ដូចជា៖

– នោម​ញឹក
– ស្រេក​ទឹក​ញឹកញាប់
– ស្ងួត​មាត់
– នឿយហត់

ប៉ុន្តែ​រោគសញ្ញា​ខាង​លើ អាច​កើត​មាន​អំឡុង​ពេល​ពពោះ​ ហើយ​ក៏​មិន​ប្រាកដ​ជា​រោគសញ្ញា​ទឹកនោម​ផ្អែម​ទាំង​ស្រុង​ដែរ។ យ៉ាងណា បើ​មាន​រោគសញ្ញា​អ្វី​ប្លែក​ ឆាប់​ទៅជួប​គ្រូពេទ្យ។

៤- គួរ​ទៅ​ជួប​គ្រូពេទ្យ​ពេល​ណា?

បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

អាំងស៊ុយលីន ជា​អ័រម៉ូន​ផលិត​ចេញ​ពី​លំពែង​ មាន​តួនាទី​ជួយ​ដឹកនាំ​ស្ករ​ទៅ​ឲ្យ​កោសិកា​ សម្រាប់​ប្រើប្រាស់​ក្នុង​រាងកាយ និង​ជួយ​សម្រួល​ជាតិស្ករ​ក្នុងឈាម។ ពេល​លំពែង​ផលិត អាំងស៊ុយលីន មិន​គ្រប់​គ្រាន់ បណ្តាល​ឲ្យ​ម៉ាក់ៗ​ មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​នេះ។ មួយទៀត អ្នក​ខ្លះ​​មាន​បញ្ហា​នេះអំឡុង​ពេល​ជិត​សម្រាល និង​ខ្លះ​ទៀត​អាច​មាន​បញ្ហា​តាំង​ពី​ដំបូង ព្រោះ​លើស​កម្រិត​ជាតិ​ស្ករ​មុន​ពេល​ពពោះ ​ភាគ​ច្រើន​ដោយ​សារ​លើស​ទម្ងន់​ ហើយ​ពេល​ពពោះ កាន់​តែខ្វះ​ អាំងស៊ុយលីន ហេតុ​នាំឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែមពេល​ពពោះ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​ប្រឈម​ងាយ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​មានច្រើន​​ដូចជា៖

– លើស​ទម្ងន់​
– អាយុ​លើស ​២៥ឆ្នាំ
– ធ្លាប់​កើត​កូនថ្លោស​ពីមុន
– មាន​ជំងឺ​ដុំគីស​នៅ​ក្រពេញ​អូវែ
– សាច់ញាតិ​ក្នុង​ផ្ទះ​មាន​កើតជំងឺ​នេះ
– ធ្លាប់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ពីមុន
– គណនា​ធម្យម​ភាគ​ទម្ងន់​ និង​គីឡូ (BMI) លើសពី ៣០
– មាន​ជំងឺ​ប្រចាំ​កាយ​ ពិសេស​ជំងឺ Glucose Intolerance (ជំងឺ​បំបែក​ជាតិ​ស្ករមិន​បាន​ល្អ)
– លេប​ថ្នាំ Glucocorticoids (ថ្នាំ​ប្រឆាំង​រលាក​សន្លាក់ ជំងឺ​ហឺត ឬ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ខ្លួនឯង) ប្រើថ្នាំ Beta-blockers (ថ្នាំ​លើស​​ឈាម ឬចង្វាក់​បេះដូង​ដើរ​លឿន) ឬថ្នាំ Antipsychotic (សម្រាប់​ជំងឺ​ផ្លូវចិត្ត)។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​ នឹង​សួរ​យើង​សំណួរមួយ​ចំនួន​ពេល​ណាត់​ជួប​ពិនិត្យ​ផ្ទៃពោះ​ចន្លោះ​សប្តាហ៍​ទី ៨-១២​ ដើម្បី​​រកមើល​មានជំងឺ​​ទឹកនោម​ផ្អែម​ពេល​ពពោះ​ ឬ​អត់។

ក្នុង​ករណី​មាន​កត្តា​ប្រឈម​មួយ​ ឬ​ច្រើន យើង​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូចជា៖

– តេស្ត​ជាតិ​ស្ករ (Initial Glucose Challenge Test)៖ ត្រូវ​ផឹកទឹក​ស្ករ ១ ម៉ោងមុន បន្ទាប់​មក​គ្រូពេទ្យ​នឹង​ធ្វើ​ការ​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម បើក​ម្រិត​ជាតិ​ស្ករ​ក្រោម ១៣០-១៤០ មិលី្លក្រាម/​ដេស៊ីលីត្រ​ឈាម ឬ ៧,២-៧,៨ មិល្លីម៉ួល/​លីត្រឈាម ចាត់​ទុក​ជា​កម្រិត​ធម្មតា ប៉ុន្តែ​បើ​ជាតិ​ស្ករ​វាស់​ឃើញ​ខ្ពស់​ជាង​នេះ យើង​នឹង​ត្រូវ​ធ្វើ​តេស្ត​ជាតិ​ស្ករ​មួយ​បែប​ទៀត ​ដើម្បី​ឲ្យ​ប្រាកដ​យើង​ពិតជា​គ្មាន ឬ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ។

– តេស្ត Glucose tolerance testing៖ ទាមទារ​តម​ញ៉ាំ​ចំណី​ពេញ ១យប់​ ហើយ​នៅ​ពេល​ព្រឹក​គ្រូពេទ្យ​នឹង​ធ្វើការ​វាស់​កម្រិត​ជាតិ​ស្ករ បន្ទាប់​មក​ឲ្យ​យើង​ញ៉ាំ​ទឹក​ស្ករ​ផ្អែម​ខ្លាំង​ជាង​មុន និង​ពិនិត្យ​ជាថ្មី​ចន្លោះ​ពេល ១ ម៉ោង​ម្តង និង​ធ្វើតេស្ត​សរុប ៣ដង។ បើ​មើល​ទៅ​ឃើញ​ថា​ជាតិស្ករ​ក្នុង​ឈាម​កាន់​ឡើង​លើស​ធម្មតា​ ២ ក្នុង ​៣ដង បញ្ជាក់​ថា​យើង​ពិតជា​មាន​ជំងឺទឹក​នោម​ផ្អែម​ពេល​ពពោះ​ពិតមែន​ហើយ។

៨- ព្យាបាល​ដោយ​វិធីណា?

ការ​ព្យាបាល​អាច​មិនមែន​សម្រាប់​តែ​ម៉ាក់ៗ​ទេ ក៏​ដើម្បី​ជួយ​បេប៊ី​ គេច​ផុត​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២។ គោលដៅ​​​ព្យាបាល ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ស្ថិត​នៅ​កម្រិត​មួយ​អាច​ទទួល​យក​បាន ខណៈ​អ្វី​យើង​គួរ​ធ្វើ​រួម​មាន៖

– ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព
– ចាក់ អាំងស៊ុយលីន បើ​ចាំ​បាច់
– ធ្វើ​លំហាត់​ប្រាណ ​យ៉ាង​តិច​ ៣០នាទី ក្នុងមួយថ្ងៃ​ បើ​ចង់​ហាត់​ដោយ​ប្រើ​កម្លាំង​ខ្លាំង គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។ ក្នុង​ត្រីមាស​ទី ១ ពេល​ពពោះ​គប្បី​កុំ​ហាត់​កីឡា​ណា​ប្រើខ្នង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– អាហារ​មាន​ជីវជាតិ៖ ញ៉ាំ​អាហារ​​សម្បូរ​ជាតិ​សរសៃ​ និង​ជាតិ​ខ្លាញ់​ទាប កុំភ្លេច​ញ៉ាំ​ផ្លែឈើ​ បន្លែ​ និង​ស្រូវ​សាឡី។ គួរ​តែ​ញ៉ាំ​ឲ្យ​បាន​គ្រប់មុខ ​ប៉ុន្តែ​កុំ​ច្រើន​ពេក។

– បញ្ចេញជាតិពុល៖ បញ្ចេញ​សកម្មភាព ឬ​ហាត់​ប្រាណ​រៀង​​រាល់ថ្ងៃ​ ជិះកង់​ ហែល​ទឹក យ៉ាង​ហោច​ណាស់ ៣០ នាទី។ បើ​មិន​អាច​ហាត់​ម្តង​បាន ​៣០​នាទី​ ហាត់​តិច​ជាង​នេះ​ក៏​បាន។

– សម្រក​ទម្ងន់មុន​​ពពោះ៖ សម្រក​គីឡូ​អាច​ជួយ​យើង​មាន​សុខភាព​ល្អ​ពេល​ពពោះ។ លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដោយ​គិតថា​ យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​នៅ​ពេល​ក្រោយ​ ដូចជា​ បេះដូងមាន​សុខភាព​ល្អ កម្លាំង​​ខ្លាំង​ជាង​មុន​ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 11, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

ប្រភព
អ្នកអាចចូលចិត្ត