ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?

    ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?

    ចាស់ៗ​តែងហាមកូនចៅមិនឲ្យគេង​ផ្កាប់មុខ ខ្លាច​រកស៊ី​អត់ឡើង។តែបើតាម​ហេតុផល​វេជ្ជសាស្ត្រ ពេទ្យ​ក៏​ហាម​មិន​ឲ្យ​ក្មេងៗ ឬគ្នា​យើង ទម្លាប់​គេង​ផ្កាប់​មុខដែរ ព្រោះ​ប៉ះពាល់​សុខភាព​ច្រើន។ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​ហេតុផល​​ខាងក្រោម។

    ១- ប៉ះពាល់​ឆ្អឹង​កងខ្នង

    មនុស្ស​ជា​ច្រើន មិន​ថា​ក្មេង​មិន​ថា​ចាស់ សុទ្ធ​តែ​ធ្លាប់​គេង​ផ្កាប់ ហើយ​គេង​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ចំនួន មិន​ថា​តែ​ក្នុង​សន្លាក់ ខ្នង ឆ្អឹង​កង ឬ​ក​នោះ​ទេ។ ពេល​ខ្លះ អាច​បង្ក​ឲ្យ​ឈឺ​កាន់​តែ​ខ្លាំង នាំ​ឲ្យ​យើង​ភ្ញាក់​ភ្លាមៗ​ទាំង​កណ្តាល​យប់​ក៏​មាន។

    ផល​វិបាក​អាការៈ​ឈឺ​ចាប់​នេះ អាច​ប៉ះពាល់​ដល់​ផាសុកភាព​ជីវិត មាន​ទាំង​ការគេង​មិន​លក់ និង​ឈឺ​ចាប់​ ​ពេល​បញ្ចេញ​សកម្មភាព​រាង​កាយ​ម្តងៗ ព្រោះ​ថា ពេល​គេង​ផ្កាប់​មុខ ការ​សង្កត់ និង​ភាព​តឹង​ណែន​លើ​ឆ្អឹង​ខ្នង ឆ្អឹង​ជំនីរ​កាន់​តែ​កើន​ឡើង ហេតុ​នេះ​ទម្រង់​ឆ្អឹង​ផ្សេងៗ​ត្រូវ​ទ្រ​បន្ទុក​កាន់​តែ​ខ្លាំង។ ឆ្អឹង​ខ្នង​ស្រដៀង​ទៅ​នឹង​បំពង់​សម្រាប់​ដាក់​សរសៃ​ប្រសាទ នាំ​ឲ្យ​រាង​កាយ​ទាំង​មូល មាន​ការ​ឈឺចាប់​បណ្តាល​មក​ពី​ការ​សង្កត់​លើ​ឆ្អឹង​ខ្នង។

    ២- ប៉ះ​ពាល់​ដល់ឆ្អឹង​ក

    អំឡុង​ពេល​គេង​ផ្កាប់​មុខ ​យើង​ច្បាស់​ជា​ត្រូវ​គេង​ងាក​កទៅ​ម្ខាង​ ដើម្បី​ងាយ​ស្រូប​យក​អុកស៊ីហ្សែន។ ធ្វើ​បែប​នេះ នឹង​នាំ​ឲ្យ​ក្បាល និងឆ្អឹង​កង​មិន​ត្រង់ មាន​ន័យ​ថា ក​យើង​រមួល។ បញ្ហា​​នេះ ភ្លាមៗ​មិន​បង្ក​ផល​វិបាក​ធំ​ដុំ​អី​ទេ តែ​យូរៗ​ទៅ​នឹង​កាន់​តែ​ធ្ងន់ និង​ក៏​ជា​កត្តា​គ្រោះថ្នាក់​បំផុត​មួយ​ផង​ដែរ។

    បន្ទាប់​មក ពេល​គេង​ក្នុង​ទម្រង់​បែប​នេះ ក​នឹង​មាន​ហានិភ័យ​លៀន​ទ្រនាប់​ឆ្អឹង​កង​នៅ​ក ដែល​ចាត់​ទុក​ជា​ការ​ភ្លាត់​ឆ្អឹង​ធ្ងន់ធ្ងរ​ ត្រូវ​ចៀស​វាង​ឲ្យ​បាន។ ពេល​ឆ្អឹង​ខ្នង​ឈាន​ព្រំដែន​របស់​វា ឬ​និយាយ​ម្យ៉ាង​ទៀត ការ​បត់​បែន​ដល់​ព្រំ​ដែន​ នោះ​ទ្រនាប់​ឆ្អឹង​ខ្នង​នឹង​មាន​សភាព​ទន់​ ងាយ​នឹង​បែក​បាក់​បាន។ ពេល​ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ ហើយ​សង្កត់​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ យើង​នឹង​ប្រឈម​នឹង​បញ្ហា​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ។

    គេងផ្កាប់​មុខ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    • ខ្លាច​ក្មេងៗ​លង់ខ្លួនរត់​ចេញ​ពីផ្ទះ ប៉ាម៉ាក់​ត្រូវ​ដឹង​តិចនិក​ដោះ​ស្រាយ​ទាំងនេះ​
    • មូលហេតុ​ធ្វើឲ្យ​ម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន

    ៣- កត្តា​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ

    ចំពោះ​ស្រីៗ​ចូល​ចិត្ត​គេង​ផ្កាប់​មុខ ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ្វី​ទាំង​អស់​យើង​ធ្វើ គឺ​ធ្វើ​សម្រាប់​មនុស្ស ២នាក់ មិន​មែន​ម្នាក់​ឯង​ទៀត​ទេ។ ហេតុ​នេះ ត្រូវ​តែ​សម្រាក​ឲ្យ​បាន​ច្រើន​ដើម្បី​ប្រាកដ​ថា​ កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ។ បើ​គិត​ចង់​គេង​ផ្កាប់​មុខ​ពេល​កំពុង​ពពោះ កុំ​អី ពិត​ជា​គ្រោះ​ថ្នាក់​ណាស់ ក៏​ស្តាប់​ទៅ​មិន​ទំនង​ដែរ។ យ៉ាងណា ស្រីៗ​ទម្លាប់​គេង​បែប​នេះ ត្រូវ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ចេញ ដើម្បី​សុវត្ថិភាព​ទាំង​ខ្លួន​យើង និង​កូន​ ពិសេស​គេង​បែរ​ទៅ​ឆ្វេង​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សុខ​ស្រួល។

    បើ​យើង​ពិបាក​ខ្លាំង​ប្តូរទម្លាប់​គេង​របៀប​នេះ ឬ​មាន​ការ​ឈឺចាប់​ដោយ​ការ​គេង​ផ្កាប់​មុខ ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​កាន់​តែ​លឿន​កាន់​តែ​ប្រសើរ ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា និង​ជម្រើស​ព្យាបាល​ត្រឹម​ត្រូវ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូមពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Is It Bad to Sleep on Your Stomach? http://www.healthline.com/health/is-it-bad-to-sleep-on-your-stomach?s_con_rec=false#Overview1 Accessed March 3, 2017

    Is it safe to sleep on my stomach during pregnancy? http://www.babycenter.com/404_is-it-safe-to-sleep-on-my-stomach-during-pregnancy_1245307.bc Accessed March 3, 2017

    Sleeping on Your Stomach: Make the Most of It! https://hullopillow.com/sleeping-on-your-stomach-make-the-most-of-it/ Accessed March 3, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 27/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត