សប្តាហ៍ទី ៦៖ គភ៌វិវត្តដល់ណាហើយ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2019
Share now

ការលូតលាស់គភ៌

កាល​ពី​លេខ​មុន ស្រីៗ​យើង​បាន​ដឹង​ហើយពី​ការវិវត្តរបស់គភ៌នៅសប្តាហ៍ទី ៥ ហើយ​ឈាន​ដល់​សប្តាហ៍​ទី ៦​ នេះ​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា​មាន​ការ​ប្រែប្រួល​យ៉ាង​ម៉េច​ខ្លះ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បំប៉ន និង​តាម​ដាន​សុខភាព​ទាំង​ម៉ាក់ៗ និង​អា​អូន។

គភ៌លូត​លាស់​ដល់​ណា​ហើយ?
នៅ​សប្តាហ៍​ទី ​៦​ គភ៌មាន​ទំហំ​ប៉ុន​គ្រាប់​សណ្តែក​ប្រវែង ០,៦ សង់​ទី​ម៉ែត្រ ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ចាប់​ផ្តើម​លូតលាស់​ជា​បន្តបន្ទាប់​។ ថង់​ចក្ខុ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំហៀង​ណាមួយ​នៃ​បេប៊ី​ដែល​ជា​កន្លែង​ភ្នែក​លូត​លាស់​ក្នងសប្តាហ៍នេះ​។ ផ្នែក​ជ្រួញ​នៅ​ក្បែរ​នោះ​នឹង​បង្កើត​ជា​ត្រចៀក​ខាង​ក្នុង​នាថ្ងៃ​ខាង​មុខ។

បេះដូង​អាអូន​ក៏​ចាប់​ផ្តើម​លោត​នៅ​សប្តាហ៍​ទី ​៦ នេះ​ដែរ យើង​អាច​ស្តាប់​ឮពេល​ធ្វើ​អេកូសាស្ត្រ។ ប្រព័ន្ធ​រំលាយ​អាហារ និង​ដង្ហើម​ក៏​បាន​បង្កើត​ឡើង កោសិកា​ពន្លក​នឹង​វិវត្តទៅ​ជា​ដៃ​​ជើង។ តែ​ដោយសារ​អំឡុង​ពេលនៅ​ក្នុង​ផ្ទៃ​ម៉ាក់ ជើង​របស់​អាអូន​បត់​មក​រក​ដង​ខ្លួន អ៊ីចឹង​គេ​មិន​អាច​វាស់​​កម្ពស់​ពី​ក្បាល​ដល់​ចុង​ជើង​បាន​ទេ។ យ៉ាងណាមិញ​កម្ពស់​អា​អូន​គិត​ពី​ក្បាល​មក​ត្រគាក​មាន​ប្រវែង​ពី ២-៥​ មិល្លី​ម៉ែត្រ

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?
ស្រីៗ​យើង​មាន​អារម្មណ៍​ថា​ហត់ ​និង​អស់​កម្លាំង​​ជាង​សប្តាហ៍​មុន​ដោយសារ​តែ​រាង​កាយ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​ទៅ​ចិញ្ចឹម​បេប៊ី។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​ដែល​អាច​ជួយ​សម្រួល​ដល់​ម៉ាក់​ដែល​កំពុង​មាន​អាអូនបាន​៖

– ស្តាប់​រាង​កាយ​៖ បើ​មាន​អារម្មណ៍​ថា​ហត់​ហើយ ​គួរ​តែ​សម្រាក​ទៅ កុំ​ព្យាយាម​ធ្វើ​ការ​ទាំង​បែបនោះ។
– សុំ​ជំនួយ​៖ គួរ​តែ​ឲ្យ​ប៉ាៗ​ដឹង​សុខ​ទុក្ខ​ក្នុង​ខ្លួន​ ដើម្បី​សម្រាល​ការងារ​បាន​ខ្លះ។
– គេង​ឲ្យ​បាន​ច្រើន​៖ បើ​មាន​អារម្មណ៍​ងងុយ​គេង​រហូត​នោះ ម៉ាក់ៗ​គួរ​តែ​ចាប់​ផ្តើម​ទម្លាប់​ចូល​គេង​ឲ្យបានលឿន​ ហើយ​ងើប​យូរ​ក៏​បាន​ដែរ ព្រោះ​វា​ជា​តម្រូវ​ការ​របស់​រាង​កាយ។
– ញ៉ាំឲ្យ​បាន​ត្រឹម​ត្រូវ​៖ ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន ស្រីៗ​យើង​ប្រាកដ​ជា​ត្រូវ​ការ​ថាមពល​ទាំង​នោះ​ពី​អាហារ​ហើយ។ ចូរ​កុំ​ភ្លេច​របប​អាហារ​របស់​ស្រីៗ​​មាន​ផ្ទៃ​ពោះ​ដោយ​ញ៉ាំ​អាហារ​ដែល​ផ្តល់​ថាមពល​បាន​យូរ​ដូច​ជា ពពួក​ប្រូតេអ៊ីន​ និង​កាបូអីដ្រាត​ចម្រុះ​ជាដើម។ ចូរ​ចង​ចាំ​ថា​ស្រីៗ​យើង​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​ឲ្យ​គ្រប់​កាឡូរី​ដែល​ត្រូវ​ការ ហើយ​បើ​ការ​ចាញ់​អាអូន​ធ្វើ​ឲ្យ​មិន​ឃ្លាន​នោះ ​ចាំ​បាច់​រក​អាហារ​ណា​ដែល​ស្រួល​ញ៉ាំ​ដូច​ជា បបរ​ និង​ស៊ុប​ល្ពៅ​ជាដើម។ ឯ​ការ​បន្ថែម​ខ្ញី​បន្តិច​ក៏​អាច​ជួយ​សម្រាល​ការ​ក្អួត​ចង្អោរ​ចាញ់​អាអូន​បាន​ដែរ។
-ញ៉ាំ​ឲ្យ​បាន​ញឹក​ញាប់៖ ការ​ញ៉ាំ​អាហារ​ឲ្យ​បាន ​៦​ ពេល​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​ការ​នឿយ​ហត់​បាន។ យក​ល្អ​គួរ​តែ​ទទួល​ទាន​អាហារ​សម្រន់​ណា​ដែល​អាច​ផ្តល់​ថាម​ពល​ដល់​ខ្លួន។
-ធ្វើ​ចលនា​រាង​កាយ​៖ ស្រីៗ​មាន​ផ្ទៃពោះ​ប្រហែល​ជា​ចង់​តែ​សម្រាក​គេង​គ្រប់​ពេល​ហើយ​ត្រូវ​ទេ? តែ​វា​ជា​រឿង​ល្អ​ជាង​បើជា​យើង​អាច​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ​ដែល​ជួយ​ពង្រឹង​ថាម​ពល អាច​ជា​ការ​ដើរ​មួយ​ភ្លែត​ជុំ​វិញ​ផ្ទះ ឬ​ក៏​ហែល​ទឹក​ពេល​ព្រឹក​ ៣០​នាទី​ជាដើម។ សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​យើង​​ស្រស់​ស្រាយ មាន​ថាមពល​ព្រម​ទាំង​គេង​លក់​ស្រួល​ពេល​យប់។

តើ​អ្វី​ដែល​ស្រីៗ​យើង​គួរ​បារម្ភ?
សូម​កុំ​ទាន់​ភ័យ​បើ​យើង​​សង្កេត​ឃើញ​ខ្លួន​ចូល​បន្ទប់​ទឹក​ញឹក​ញាប់ វា​ជា​រឿង​ធម្មតា​ដោយសារ​អ័រម៉ូន HCG ធ្វើ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​នោម​ញឹក​ជាង​មុន​តាម​រយៈ​ការ​បង្កើន​ចលនា​ឈាម​ទៅ​កាន់​តម្រង​នោម​ដើម្បី​លាង​ជម្រះ​សំណល់​ពី​អាអូន​ និង​ខ្លួន​យើង។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ដែល​ឲ្យ​ជួយ​សម្រួល​​បាន​៖
– ឱន​ទៅ​មុខ​ពេលបត់ជើងតូច​៖ វិធី​នេះ​ជួយ​ឲ្យ​យើង​នោម​បាន​អស់ ពេល​ដែល​ឈប់​ជុះ​នោម​ហើយ ​គួរ​តែ​ព្យាយាម​ឱន​នោម​ម្តង​ទៀត​ដើម្បី​ប្រាកដ​ថា​ទឹក​នោម​បាន​ចេញ​ពី​ប្លោក​នោម​​អស់។ អ៊ីចឹងយើង​មិន​បាច់​ឡើង​ចុះ​ទៅ​កាន់​បន្ទប់​ទឹក​ញយ​ដង​ទេ។
– ផឹក​ទឹក​ឲ្យ​​​ច្រើន​៖ សូម​កុំ​គិត​ថា​បើ​យើង​​ផឹក​ទឹក​តិច​ជាង​មុន​នឹង​មិន​ធ្វើ​ឲ្យ​​ឧស្សាហ៍​ជុះ​នោម​ឲ្យ​សោះ។ ទាំង​រាង​កាយ​យើង និង​គភ៌​សុទ្ធ​តែ​ត្រូវ​ការ​ជាតិ​ទឹក​គ្រប់​គ្រាន់​កំឡុង​ពេល​នេះ។ ជាពិសេស​កង្វះ​ជាតិ​ទឹក​នឹង​នាំ​ឲ្យ​មាន​ការ​ចម្លង​មេរោគ​នៃ​ផ្លូវ​ទឹក​នោម​។
– ​បន្ថយ​កាហ្វេ៖ ផឹក​កាហ្វេ​កាន់​តែ​តិច​កាន់​តែ​ល្អ។ ជាតិ​កាហ្វេ​អ៊ីន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យយើង​នោម​ញឹក​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​បេះ​ដូង​ដើរ​ញាប់​ទៀត​ផង។

ការជួបជាមួយគ្រូពេទ្យ

២- ប្រាប់អីខ្លះទៅពេទ្យ?
នៅ​ខែ​ទី ​២​ នេះ អារម្មណ៍​រំភើប​ដែល​មាន​ផ្ទៃ​ពោះ​នឹង​បាត់​បន្តិច​ម្តង​ៗ​ ហើយ​យើង​នឹង​ចាប់​ផ្តើមភ័យ​ខ្លាច​ច្រើន​។ យើង​នឹង​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ជាច្រើន​ដូច​ជា តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​យើង​​ធ្វើ​ឲ្យ​បេប៊ី​​មាន​គ្រោះ​ថ្នាក់? តិច​ច្រឡំលេប​ថ្នាំ​អាស្ពីរីន​អី​ទៅ? ធ្វើ​យ៉ាង​ម៉េច​ទៅ​បើ​សិន​ជា​ផ្តាសាយ?

កុំ​បារម្ភ​ពេក​! គ្រូ​ពេទ្យ​អាច​ជួយ​កុំ​ឲ្យ​មាន​រឿង​អ្វី​អាក្រក់​កើត​ឡើង​ចំពោះ​គភ៌ ​និង​ម៉ាក់​បាន ​ប្រសិន​ជា​យើង​​ទៅ​ជួប​ពេទ្យ​​និយាយ​ពី​បញ្ហា​ទាន់​ពេល​វេលា។

ធ្វើតេស្តអីខ្លះ?
​គ្រូពេទ្យ​អាច​ធ្វើ​តេស្ត​មួយ​ចំនួន​នៅ​ថ្ងៃ​ពិនិត្យ​ដំបូង​ដូច​ជា មើល​ប្រភេទ​ក្រុម​ឈាម​ (A. B. AB. O) និង​ប្រភេទ​រ៉េស៊ីស (+ ឬ -) ហើយ​ពិនិត្យ​មើល​ថា​យើង​នៅ​មាន​អង់ទីករ​ការពារ​ជំងឺ​ដែល​បាន​ចាក់​វ៉ាក់​សាំង​ហើយ​ទេ ដូច​ជា កញ្ជ្រឹល ​ឬ​រលាក​ថ្លើម​ប្រភេទ B ឬទេ។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?
ដូច​ដែល​យើង​ធ្លាប់​រៀប​រាប់​រួច​មក​ហើយ ស្ត្រេស​ពិត​ជា​មិន​ល្អ​ចំពោះ​អាអូន​ក្នុង​ផ្ទៃ​សោះ​ឡើយ។ មនុស្ស​មួយ​ចំនួន​តែង​ឆ្ងល់​ថា​តើ​ស្ត្រេស​អាច​ធ្វើ​ឲ្យ​មាន​ការ​រលូត​បេប៊ីដែរ​ឬ​ទេ? ជាការ​ពិត​ណាស់ ស្ត្រេស​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​កត្តា​ជំរុញ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង ​គ្រាន់​តែ​ពុំ​សូវ​មាន​ភស្តុតាង​បញ្ជាក់​ពី​វា។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ១០​-​២០%​ នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ​បាន​ជួប​នឹង​បញ្ហា​រលូត​កូន ដែល​ជាទូទៅ​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​បញ្ហា​នៃ​ការ​លូត​លាស់​អំប្រ៊ីយ៉ុង។

កត្តានាំឲ្យរលូតកូនផ្សេងទៀត៖
-​ ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​ឪពុក​ឬ​ម្តាយ
– ជំងឺ​ទាក់​ទង​នឹង​កំណក​ឈាម (coagulation disorder)
– ភាព​មិន​ប្រក្រតី​នៃ​ស្បូន​ ឬ​មាត់​ស្បូន
– អតុល្យភាព​នៃ​អ័រម៉ូន
– ប្រព័ន្ធ​ភាព​ស៊ាំ​បំផ្លាញ​ការ​ដាំ​អំប្រ៊ីយ៉ុង​ក្នុង​ស្បូន។

បើ​ស្រីៗយើង​បារម្ភ​ខ្លាច​រឿង​នេះ​កើត​ឡើង ​ត្រូវ​ជៀសវាង​រឿង​គ្រោះ​ថ្នាក់​ដូច​ជា​ជក់បារី​ ​ផឹក​ស្រា​ជាដើម។ សូម​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ខ្លួន​ និងអាអូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​ល្អ។ រង់ចាំ​តាម​ដាន​វគ្គ​បន្ត តើ​សប្តាហ៍​ក្រោយ​គភ៌វិវត្ត​ដូច​ម្តេច​ទៀត​?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    សប្ដាហ៍​ទី ​១៖ ធ្វើ​ម៉េច ទើបដឹងថាម៉ាក់ៗមានអាអូន?

    បើ​គិត​តាម​ក្បួន​វេជ្ជសាស្ត្រ ទម្រាំ​តែ​ស្រីៗ​យើង​ដឹង​ថា​ខ្លួន​​ពពោះ ហោច​ណាស់​ល្បាក់ 

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    សប្តាហ៍ទី ២៤៖ អាអូនកាន់តែធំ ចេះបណ្តែតខ្លួនក្នុងទឹកភ្លោះ

    កា​រកន្រ្តាក់​ស្បូន​នៅ​ពេល​នេះ​គេ​ហៅ​ថា (Braxton Hicks) វា​មិន​សូវឈឺ និង​មាន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ២៥៖ បេប៊ីស្តាប់សំឡេងម៉ាក់ប៉ាបានកាន់តែច្បាស់

    សប្តាហ៍​នេះ​ម៉ាក់ៗកាន់​តែ​ពិបាក ដោយសារ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ នាំឲ្យ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Oum Voutha

    សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

    កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Ros Khemary