ស្ត្រីមានផ្ទៃពោះគ្រប់រូបច្បាស់ជាព្រួយបារម្ភហើយរឿងសង្វារនៅលើពោះ ខា្លចលែងស្អាត កើតកូនហើយពោះមានសង្វារខ្លាំងពិបាកមើល។ ដូចនេះមានម៉ាក់ៗខ្លះ លាបឡេផ្តេសផ្តាសទៅលើពោះ ដើម្បីការពារកុំឲ្យកើតសង្វារខ្លាំង ដោយមិនដឹងថា វាមានប៉ះពាល់ដល់កូន ឬក៏អត់។
ចំពោះបញ្ហាមួយនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន បានបកស្រាយឲ្យដឹងថា ផលិតផលដែលជួយការពារសង្វារអំឡុងពេលពពោះមានខ្លះមិនប៉ះពាល់ ហើយក៏មានមួយចំនួនដែលអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបានដែរ។ ផលិតផលដែលមានផលប៉ះពាល់ទាំងនោះអាច ជ្រាបតាមស្បែកចូលទៅសរសៃឈាម ហើយជាតិគីមីមាននៅក្នុងផលិតផលនោះអាចបណ្តាលឲ្យប៉ះពាល់ដល់កូន។