ក្រៅពី​​បាត់​រដូវ សញ្ញា​ទាំង​នេះ​ក៏​បញ្ជាក់​ថា​មាន​ផ្ទៃពោះ​​ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ក្រៅពី​​បាត់​រដូវ សញ្ញា​ទាំង​នេះ​ក៏​បញ្ជាក់​ថា​មាន​ផ្ទៃពោះ​​ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អំឡុង​ពេល​មាន​គភ៌ រាងកាយ​របស់​យើង​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ទាំង​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត និង​អារម្មណ៍​ ហើយ​ការ​ប្រែប្រួល​ទាំង​នេះ​ក៏​អាច​កើត​ឡើង​ភ្លាម​ៗ​ដែល​យើង​នឹកស្មាន​មិន​ដល់​ដូច​គ្នា​។ ខាងក្រោម​នេះ ជា​សញ្ញា​​មិន​ធម្មតា​ដែល​អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​មាន​ផ្ទៃពោះ​ ក្រៅ​ពី​ការ​បាត់​រដូវ​ ឬ​ចង្អោរ​។

    ១. ​​ដុះ​ដុំ​សាច់​តូច​ៗ​នៅ​លើ​ស្បែក​

    ​ដុំ​សាច់​តូច​ៗ​​នៅ​លើ​ស្បែក​ ​អាច​​លេច​ឡើង​នៅ​គ្រប់​​កន្លែង​នៃ​រាងកាយ​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ ដោយ​សារ​តែ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​ ឬ​ការ​ឡើង​ទម្ងន់​។ យ៉ាង​ណា​មិញ ភាគ​ច្រើន​ដុំ​សាច់​ទាំង​នេះ​អាច​​នឹង​បាត់​ទៅ​វិញ​ ក្រោយ​សម្រាល​កូន​រួច​។

    ២. ទឹក​មាត់​ច្រើន​ជ្រុល​

    ជាមួយ​គ្នា​នេះ​ដែរ ការ​ចេញ​ទឹក​មាត់​ច្រើន​​កើត​ឡើង​ជាមួយ​នឹង​អាការៈ​ចង្អោរ និង​ក្អួត​ ដែល​តម្រូវ​ឲ្យ​ស្ត្រី​ពពោះ​មួយ​ចំនួន​​ត្រូវ​ការ​ប្រើប្រាស់​​ក្រដាស​​ជូត​មាត់​ជា​ញឹកញាប់ ក៏​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​​។

    ៣. អាហារ​មាន​រសជាតិ​ច្រេះ​ដែក​

    នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ​ អាហារ​អាច​មាន​រសជាតិ​ជួរ និងដូច​​ច្រេះ​ដែក​។ ប៉ុន្តែ​ ម៉ាក់​ៗ​អាច​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​ ឬ​លាង​សម្អាត​ធ្មេញ​ជាមួយ​នឹង​អំបិល​ ឬ​ម្សៅ​Baking Soda បន្ទាប់​ពី​ដុស​ធ្មេញ​រួច​ ដើម្បី​កាត់​បន្ថយ​រសជាតិ​ជូរ​​ និង​រស់ជាតិ​ដូច​ច្រេះ​ដែក​នេះ​។

    ​៤. ឈឺ​អញ្ចាញ​ធ្មេញ​

    ការ​ប្រែប្រួល​របប​អាហារ​ និង​កម្រិត​អ័រម៉ូន​ក៏​អាច​បណ្ដាល​ឲ្យ​អញ្ចាញ​ឈឺ ឬ​ឈាម​អញ្ចាញ​ធ្មេញ​នៅ​អំឡុង​ពេល​ពពោះ​ដូច​គ្នា។​ ជំងឺ​អញ្ចាញ​ធ្មេញ​នេះ​ នឹង​បាត់​ទៅ​វិញ ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺ​ចាប់​នេះ ម៉ាក់​ៗ​គប្បី​រក្សា​អនាម័យ​​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ជាមួយ​នឹង​ការ​ដុស​សម្អាត​ធ្មេញ​ថ្នម​ៗ​។

    ៥. ហៀរ​សំបោរ​

    ការ​រលាក​ច្រមុះ​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ប៉ះពាល់​ទៅ​លើ​ស្ត្រី​ពពោះ​ប្រមាណ​២០​% ​ដែល​ប្រឈម​នឹង​អាការៈ​កណ្ដាស់​ និង​ហៀរ​សម្បោរ​។ យ៉ាង​ណា​មិញ រោគសញ្ញា​ទាំង​នេះ​នឹង​បាត់​ទៅ​វិញ ដោយ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ការ​បាញ់​ថ្នាំ​ច្រមុះ និង​ថ្នាំ​បំបាត់​ការ​តឹង​ចម្រុះ ។ ពេលមានផ្ទៃពោះ មុន​នឹង​សម្រចប្រើ​ថ្នាំ​ណាមួយ​ត្រូវ​សួរនាំគ្រូពេទ្យ ឬ​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់​។​

    មានផ្ទៃពោះ

    ៦. ដកដង្ហើម​ខ្លី​ៗ​

    នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​​​ការ​ដកដង្ហើម​ខ្លី​ៗ​។ ដើម្បី​ជួយ​ឲ្យ​​ផ្លូវ​ដង្ហើម​មាន​ភាព​ប្រសើរ​ឡើង​នៅ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គប្បី​រក្សា​ឥរិយាបថ​ល្អ និង​​ធ្វើ​លំហាត់​ប្រាណ​ដកដង្ហើម​ឲ្យ​វែង​ៗ​​​ ជា​ប្រចាំ​។

    ៧. មាន​អារម្មណ៍​ដឹង​ក្លិន​ខ្លាំង​ជាង​មុន​

    ទន្ទឹម​នឹង​នេះ​ដែរ​ ស្ត្រី​ពពោះ​ក៏​អាច​មាន​អារម្មណ៍​ដឹង​ក្លិន​ខ្លាំង​ជាង​មុន​ ជា​ពិសេស​ចំពោះ​ក្លិន​​ទឹក​អប់​ កាហ្វេ ប្រេង​សាំង​ ឬ​អាហារ​ដែល​ខូច។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី អាការៈ​នេះ​​នឹង​បាត់​ទៅ​វិញ​​ បន្ទាប់​ពី​ត្រី​មាស​ទី​១។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 12/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត