១- មានថ្នាំពេទ្យមានសុវត្ថិភាពទាំងស្រុងចំពោះស្រីៗពពោះដែរទេ?
ជាការពិត គ្មានថ្នាំពេទ្យណាមានសុវត្ថិភាព ១០០% ចំពោះស្រីៗមានផ្ទៃពោះនោះទេ ទោះជាថ្នាំមានវេជ្ជបញ្ជា មិនត្រូវការវេជ្ជបញ្ជា ថ្នាំបំប៉ន ឬថ្នាំបុរាណក៏ដោយ។ ជារឿងចាំបាច់សម្រាប់ស្ត្រីពពោះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ បើចង់ប្រើថ្នាំពេទ្យប្រភេទថ្មីណាមួយ ឬផ្លាស់ប្ដូរថ្នាំយើងកំពុងប្រើ។ យើងត្រូវប្រើថ្នាំតាមកម្រិតណែនាំពីគ្រូពេទ្យ ដើម្បីចៀសវាងពីការភ្លេចប្រើថ្នាំ ឬប្រើថ្នាំលើសកម្រិត។
២- ថ្នាំទូទៅមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ
ថ្នាំទូទៅមានសុវត្ថិភាពចំពោះស្រីៗកំពុងពពោះ គឺសំដៅលើថ្នាំមានកម្រិតគ្រោះថ្នាក់ទាបបំផុត ហើយត្រូវប្រើតាមកម្រិតណែនាំ និងស្ថានភាពសុខភាពដែលត្រូវការ ខណៈថ្នាំទាំងនោះរួមមាន៖
– ថ្នាំប៉ារ៉ាសេតាមុល (Acetaminophen) ប្រើដើម្បីព្យាបាលគ្រុនក្ដៅ ផ្ដាសាយ ឈឺចាប់ ឈឺក្បាល។ មិនត្រូវប្រើថ្នាំនេះ ច្រើនជាង ៣ ថ្ងៃជាប់គ្នា ដើម្បីបន្ថយបញ្ហាគ្រុនក្ដៅ និងច្រើនជាង ១០ ថ្ងៃជាប់គ្នា ដើម្បីបន្ថយការឈឺចាប់នោះទេ។
– ថ្នាំប្រឆាំងអាស៊ីដក្រពះ (Antacids) និងថ្នាំ Simethicone ប្រើដើម្បីព្យាបាលបញ្ហាក្រហាយទ្រូងដោយសារអាស៊ីដក្រពះ (Heartburn) និងបញ្ហាក្រពះ ដូចជា ឈឺពោះ និងភើជូរ។