១- មុខមាត់ និងរូបរាង
ក្មេងភាគច្រើនធំឡើងកាត់ទៅរកប៉ា ឬម៉ាក់ តែក្មេងខ្លះទៀតអត់មានកាត់ដូចអីតិច ករណីនេះអ្នកជំនាញបានពន្យល់ថា គឺដោយសារភាពខុសគ្នារវាងហ្សែនក្មេងនីមួយៗ ដែលជាធម្មតាទទួលបានបានពាក់កណ្តាលពីប៉ា និងពាក់កណ្តាលទៀតពីម៉ាក់។ បើសិនជាក្មេងមើលទៅដូចឪពុកច្រើន ឬម្តាយច្រើននោះ គឺដោយសារគេបានទទួលហ្សែនលុប (ហ្សែនខ្លាំងអាចលុបពីលើហ្សែនអន់) ពីម៉ាក់ៗ ឬប៉ាៗមិនខាន។ ផ្ទុយទៅវិញ បើក្មេងទទួលបានហ្សែនអន់ (Recessive genes) អាចនឹងមិនដូចទាំងម៉ាក់ ទាំងប៉ា បែរទៅជាដូចអ្នកផ្សេងទៅវិញ។ ហើយបងប្អូនបង្កើត មានមុខស្រដៀងគ្នា ក៏ដោយសារតែការរួមបញ្ចូលគ្នារវាងហ្សែនប៉ាម៉ាក់ស្រដៀងគ្នាដែរ។
លក្ខណៈរូបកាយមួយចំនួន គឺជាហ្សែនលុប ត្រូវបានចែកបន្តគ្នា រាប់រយជំនាន់មករួមមាន រូបរាងប្រអប់ដៃ ម្រាមដៃ ម្រាមជើង ថ្ពាល់ខួច ច្រមុះវៀចខ្ទង់ និងរូបរាងធ្មេញជាដើម។ តែក៏មានចំណុចខ្លះ នឹងប្រែប្រួលដែរ ដូចជា គ្រោងឆ្អឹងនឹងពេញលក្ខណៈនៅពេលអាយុ ២០ ឆ្នាំជាងប៉ុណ្ណោះ។ ដូចនេះរូបរាងកូននៅពេលនេះ នឹងវិវត្តបន្ថែមទៀតនៅពេលខាងមុខ។