ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម

    ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម

    អូទីស្សឹម ជាបញ្ហា​ការអភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង ពិសេស​ធ្វើ​ឲ្យក្មេងប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃមិន​ល្អ ហើយ​វាជាកង្វល់​ធំ​មួយរបស់​ប៉ាម៉ាក់ផងដែរ ព្រោះ​មិន​ទាន់​ដឹង​ច្បាស់​ថា​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​សារ​អ្វី​ឲ្យ​ប្រាដក ប៉ុន្តែ​ការ​សិក្សា​ថ្មី​នៅ​អាមេរិក រកឃើញ​ថា ញ៉ាំអាហារ​កែច្នៃពេលពពោះ អាច​បង្ក​ឲ្យកូនកើតអូទីស្សឹម។

    អ្នកស្រាវជ្រាវ នៅ​មហាវិទ្យាល័យ​ឱសថសាស្ត្រ នៃ​សាកលវិទ្យាល័យ Central Florida រកឃើញ​ថា កម្រិត​ខ្ពស់​នៃ​អាស៊ីដ Propionic ប្រើដើម្បី​រក្សាអាហារកែច្នៃ​ទុក​បាន​យូរ បាន​កែប្រែ​ការ​អភិវឌ្ឍ​ប្រព័ន្ធសរសៃ​ប្រសាទ​ក្នុង​ខួរក្បាល។

    វេជ្ជបណ្ឌិត Saleh Naser អ្នកដឹកនាំ​ក្នុង​ការស្រាវជ្រាវនេះ បញ្ជាក់​ថា លោកចាប់អារម្មណ៍​ក្នុង​ការស្វែងយល់ លើបញ្ហា​ក្មេងកើត​អូទីស្សឹម ជាញឹកញាប់ មាន​ជំងឺ​ក្រពេះ​ពោះវៀន។ ដូច្នេះ លោក​បាន​ធ្វើការ​សិក្សា​ លើបញ្ហា​ពាក់ព័ន្ធ​​រវាង​ប្រព័ន្ធ​រំលាយអាហារ និង​អាស៊ីដ Propionic ក្នុង​គំរូ​លាមក​ក្មេង ដែល​មាន​បញ្ហា​ការអភិវឌ្ឍ​ខួរក្បាល។

    តាមរយៈ​ការពិសោធន៍ ក្រុមអ្នកស្រាវជ្រាវ រកឃើញ​ផលប៉ះពាល់​លើ​ប្រព័ន្ធសរសៃ​ប្រសាទ ​ដោយសារ​កម្រិត​ខ្ពស់​នៃ​អាស៊ីដ Propionic បាន​រារាំង​តុល្យភាព​បែប​ធម្មជាតិនៃកោសិកា​ខួររក្បាល ដោយ​បាន​បន្ថយ​ចំនួន​កោសិកា Neuron និង​បង្កើន​ចំនួន​កោសិកា Glial ដែល​​ជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​ប្រសាទ។

    ទោះបីកោសិកា Glial ជួយ​ដល់ការ​លូតលាស់ និង​ការពារ​កោសិកា Neuron ក្នុង​ខួរក្បាល ប៉ុន្ដែ​ប្រសិនបើ​មាន​កោសិកា Glial ច្រើនពេក វានឹងប៉ះពាល់​ដល់​​ទំនាក់ទំនង​រវាង​សរសៃប្រសាទ និង​បង្ក​ការរលាក ដែល​ប្រទះឃើញ​នៅ​ក្នុង​ខួរក្បាលក្មេង​មាន​ជំងឺអូទីស្សឹម។

    ក្នុង​ការ​សិក្សា​ដដែល កត្តា​រួមផ្សំ​គ្នា​រវាង​ការ​ធ្លាក់ចុះ​កោសិកា Neurons និង​ខូច​ការឆ្លងកាត់ (Pathway) ក្នុង​ខួរក្បាល បាន​រារាំង​ដល់​សមត្ថភាព​ទំនាក់ទំនង ហើយ​លេចចេញ​ជា​អាកប្បកិរិយា ​ដូច​ប្រទះឃើញ​លើ​ក្មេង​កើតជំងឺ​អូទីស្សឹម។

    អូទីស្សឹម Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់ដែរថា អាហារ​កែច្នែ ជា​ប្រភេទ​អាហារ​ឆ្លងកាត់​ការ​កែឆ្នៃ​តាម​បែប​ឧស្សាហកម្ម ដោយ​បញ្ចូល​គ្រឿងផ្សំ អាច​ទុក​បាន​យូរ ផ្អែម​ខ្លាំង និង​មាន​ពណ៌ ជួយ​ឲ្យ​មើលទៅគួរ​ឲ្យ​ចង់ញ៉ាំ។ អាហារ​ប្រភេទ​នេះ មាន​ដូចជា សាច់ក្រក ​ប៊ឺហ្គឺរ សាច់មាន់​បំពង នំប៉័ង ភីហ្សា ការ៉េម និង​សូកូឡា​ជាដើម។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Beware! Eating Junk Food During Pregnancy May Up Risk Of Autism – https://food.ndtv.com/news/beware-eating-junk-food-during-pregnancy-may-up-risk-of-autism-in-kids-says-study-2057182
    Eating Processed Foods While Pregnant Linked To Autism – https://www.cbsnews.com/newyork/news/processed-foods-autism-link-study/
    The Rise in Autism Could Be Linked to Preservatives – https://www.splice-bio.com/the-rise-in-autism-could-be-linked-to-preservatives-in-processed-foods/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 6 ថ្ងៃកន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត