ក្នុងបទសម្ភាសរវាងក្រុមការងារ Hello គ្រូពេទ្យ ជាមួយអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ទទួលបន្ទុកផ្នែករោគស្ត្រី និងសម្ភព លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា ថា ស្រីៗអាចសម្រាលកូនតាមធម្មជាតិបាន លុះណាតែមានសញ្ញាឈឺពោះ ការឈឺពោះ ធ្វើឲ្យស្បូនចាប់ផ្តើមកន្ត្រាក់ ទៅតាមដំណាក់កាលរបស់វា។ នៅពេលដល់ដំណាក់កាលសម្រាលកូន ស្បូនកន្ត្រាក់កាត់តែញឹក ឯរយៈពេលកន្ត្រាក់កាន់តែញាប់។
លោកស្រីវេជ្ជបណ្ឌិតថា ចំពោះស្រីៗដែលគ្រប់ខែហើយតែមិនឈឺពោះ ស្បូនឥតបើក អាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង ក្នុងនោះភាគច្រើនដោយសារតែស្ត្រីទាំងនោះប្រើថ្នាំខ្មែរ និងថ្នាំចិនសែ ដោយការញ៉ាំថ្នាំហ្នឹងទៅ សម្រាលកូនអត់សូវឈឺពោះទេ ប៉ុន្តែដល់ពេលសម្រាលហើយ ឈាមហូរខ្លាំងណាស់ ដោយសារស្បូនអត់កន្ត្រាក់។
“ខ្មែរយើងផឹកថ្នាំនេះ ផឹកថ្នាំនោះ ជន្ទល់ពងមាន់អីទៅ ថ្នាំចិនសែ ថ្នាំគេសូន្យ មិនដឹងគេដាក់ជាតិអីទេ គេថាផឹកអាហ្នឹងអត់ឈឺពោះខ្លាំង ស្រួលកើតកូន ប៉ុន្តែអាអត់ឈឺពោះហ្នឹង បញ្ហាច្រើនទៅវិញទេ ក្រោយសម្រាល កាលណាអត់ឈឺពោះ បានន័យថា ស្បូនអត់សូវសកម្ម អត់សូវកន្ត្រាក់ល្អ”។