ចាស់ៗពីដើម ពេលមានសូរ្យគ្រាស ឬចន្ទគ្រាស តែងតែហាមស្ត្រីមានផ្ទៃពោះមិនឲ្យមើលនោះទេ ព្រោះខ្លាចកូនផ្ទៃពោះកើតមកគ្រាសកន្លង ហើយជំនឿទាំងនោះនៅតែមានអ្នកជឿតាមនៅឡើយ ពិសេសអ្នកនៅជនបទ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចាស់ៗពីដើម ពេលមានសូរ្យគ្រាស ឬចន្ទគ្រាស តែងតែហាមស្ត្រីមានផ្ទៃពោះមិនឲ្យមើលនោះទេ ព្រោះខ្លាចកូនផ្ទៃពោះកើតមកគ្រាសកន្លង ហើយជំនឿទាំងនោះនៅតែមានអ្នកជឿតាមនៅឡើយ ពិសេសអ្នកនៅជនបទ។
នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួនណាត មនុស្សគ្រាសកន្លង ឬគ្រោះកន្លង គឺមនុស្សដែលល្មេញល្មើពីកំណើត ដោយកាលពីនៅក្នុងផ្ទៃម្តាយ ហើយជួនពេលនោះមានសូរ្យគ្រាស ឬចន្ទគ្រាស។ តាមទំនៀមទម្លាប់ខ្មែរពីបុរាណ ស្ត្រីមានផ្ទៃពោះកាលបើប្រទះមានសូរ្យគ្រាស ចន្ទគ្រាស ត្រូវយកអកកំបោរមកដក់នឹងថ្នក់ ជាដំណើរអបឲ្យគ្រាសកន្លងអកកំបោរចុះ កុំឲ្យកន្លងកូនក្នុងផ្ទៃ។
ជំនឿថា ស្ត្រីមានផ្ទៃពោះមើលសូរ្យគ្រាស ឬចន្ទគ្រាស អាចប៉ះដល់កូនក្នុងផ្ទៃពោះនោះ ត្រូវលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត អះអាងថា គ្រាន់តែជាពាក្យបោកបញ្ឆោតរបស់ចាស់ៗនោះទេ មិនចង់ឲ្យស្ត្រីមានផ្ទៃពោះ នៅទ្រាំចាំមើលចន្ទគ្រាស ឬសូរ្យគ្រាស រយៈពេលយូរ ឬចាំដល់យប់ជ្រៅ។
“មើលចន្ទគ្រាស ឬសូរ្យគ្រាស អត់មានកូនកើតគ្រាសកន្លងអីទេ ពាក្យហ្នឹងចាស់ៗគាត់បោកបញ្ឆោត បំភ័យស្រីមានផ្ទៃពោះទេ គាត់មិនចង់ឲ្យស្រីៗមានផ្ទៃពោះអត់ងងុយពេលយប់ ត្រូវនៅចាំមើលចន្ទគ្រាសដល់យប់ជ្រៅ ដូចចាស់ៗថា ស៊ីចុងអំពៅឆាប់ចេះហែលទឹកអ៊ីចឹង”។ លោកវេជ្ជបណ្ឌិត រៀបរាប់។
ស្ត្រីមានផ្ទៃពោះដែលមានសុខភាពខ្សោយស្រាប់ កាលណាអត់ងងុយ ឬប្រឹងមើលសូរ្យគ្រាសដោយ ភ្នែកទទេ ពុំមានពាក់អ្វីការពារ អាចធ្វើឲ្យធេងធោង វិលមុខ ទៅជាឈឺ ឬដួល នេះហើយដែលចាស់ៗបារម្ភនោះ។ គ្រាសកន្លងនោះ លោកវេជ្ជបណ្ឌិតថា ចាស់ៗប្រហែលចាស់ចង់សំដៅលើជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងលើស្ត្រីមានផ្ទៃពោះ ដែលធ្វើឲ្យឡើងឈាម ទៅជាប្រកាច់។
តែតាមក្បូនពេទ្យ ជំងឺបម្រុងក្រឡាភ្លើង បណ្តាលមកលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ជាដើម។ ស្រីៗមានផ្ទៃពោះ និងមានសម្ពាធឈាមធម្មតា ក៏អាចមានជំងឺនេះបានដែល ភាគច្រើនកើតនៅសប្តាហ៍ទី ២០ នៃការពពោះ និងលើអាចកើតលើស្រីៗមានសម្ពាធឈាមលើសតិចតួច ប៉ុន្តែមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតទាំងម៉ាក់ៗ និងគភ៌។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕