គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង

    គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង

    ក្នុង​ចំណោម​បញ្ហា​ច្រើន មាន​រឿង​សំខាន់​៣​យ៉ាង ដែល​ស្រ្តី​ពពោះ​មិន​សូវ​គិត​គូរ​ប៉ុន្មាន​នោះ​ទេ ដោយ​សម្អាង​ថា វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ តែ​តាម​ពិត​ធ្វើ​ឲ្យ​ម្តាយ និង​កូន​ជួប​បញ្ហា​ប្រឈម​ច្រើន​យ៉ាង។ នេះ​បើ​តាម​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

    ១. បណ្តោយឲ្យឡើងគីឡូខ្លាំង

    អាង​តែ​ឃ្លាន ណា​មួយ​គ្រូពេទ្យ​ឲ្យ​បំប៉ន​អាហារ​ឲ្យ​បាន​ច្រើន និង​គ្រប់​មុខ​ទៀត​នោះ ស្រីៗ​មាន​ផ្ទៃពោះ​មួយ​ចំនួន​បណ្តាយ​ឲ្យ​ឡើង​គីឡូ​តាម​ចិត្ត។ បែប​នេះ​មិន​ល្អ​នោះ​ទេ អំឡុង​ពពោះ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ឡើង​គីឡូ​ចន្លោះ​ពី ១០- ១២ គីឡូ បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់​ទាំង​ពេល​ពពោះ និង​សម្រាល​កូន ដូចជា កូន​ថ្លោស​ពេក​ពិបាក​សម្រាល​តាម​ធម្មជាតិ ម្តាយ​ប្រឈម​នឹង​លើស​សម្ពាធ​ឈាម ជំងឺ​ទឹក​នោម​ផ្អែម បម្រុង​ក្រឡា​ភ្លើងធ្ងន់ធ្ងរ-ក្រឡាភ្លើង កូន​ស្លាប់​ក្នុង​ពោះ ធ្លាក់​ឈាម​ខ្លាំង​ពេល​សម្រាល​ជា​ដើម។

    អត្ថបទពាក់ព័ន្ធ៖

    ២. មិន​ខ្វល់​រឿង​ធ្លាក់​ស​មាន​ពណ៌ និង​ក្លិន

    ដោយ​ហេតុ​ថា​ធ្លាក់​ស​អំឡុង​ពពោះ​ជា​រឿង​ធម្មតា​ពាក់​ព័ន្ធ​នឹង​ការ​ប្រែប្រួល​អ័រម៉ូន ម្ល៉ោះ​ហើយ​ស្រីៗ​​មួយ​ចំនួន​មិន​សូវ​ខ្វាយ​ខ្វល់​នោះ​ទេ។ ទោះ​បី​ជា​ធ្លាក់​ស​ពេល​ពពោះ​មិន​មាន​បញ្ហា​ចោទ​ក៏​ពិត​មែន តែ​ស្រីៗ​គ្នា​យើង​កុំ​ប្រហែស​ឲ្យ​សោះ ចាំ​បាច់​ត្រូវ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ ទ្វារមាស​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ហើយ​បើ​មាន​ធ្លាក់​ស​ក្នុង​បរិមាណ​ច្រើន មាន​ពណ៌ មាន​ក្លិន​​ស្អុយ​ខុស​ធម្មតា វា​ជា​សញ្ញា​នៃ​ការ​ឆ្លង​រោគ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?

    ៣. ចេះ​តែ​មួរម៉ៅ តាន​តឹង​អារម្មណ៍

    ការ​ផ្លាស់ប្ដូរ​កម្រិត​អ័រម៉ូន ​ជា​មូល​ហេតុ​នាំ​ឲ្យ​ស្រីៗ​ពពោះ​មាន​អារម្មណ៍​ប្រែ​ប្រួល ជួប​អាការៈ​អស់​កម្លាំង ធេងធោង ពេល​ខ្លះ​ចាញ់​អា​អូន ញ៉ាំ​អី​មិន​បាន ណា​មួយ​អត់​អ្នក​យល់​ចិត្ត​ទៀត​នោះ អារម្មណ៍​កាន់​តែ​មួរម៉ៅ។ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍​តាន​តឹង​ទាំង​នោះ បើ​មិន​អ៊ីចឹង​ទេ​អាច​នឹង​​ប៉ះពាល់​​ដល់​សុខភាព​ខ្លួន ដូចជា​មានជំងឺ​លើស​សម្ពាធឈាម ជំងឺ​បេះដូង និង​ការប៉ះពាល់​ដល់​​​ការ​វិវត្ត​កូន​ក្នុង​ផ្ទៃ កូន​កើត​មក​មិន​គ្រប់គីឡូ កូន​អាចកើតមុនខែជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 12/02/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម