ទោះ​ថ្នាំជាតិដែកល្អចំពោះម្ដាយ និងកូន តែស្រីៗមួយចំនួនមិនសូវលេបព្រោះ...

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

នៅ​ពេល​ដែល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ ​យើង​​ត្រូវ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ និង​ដំបូន្មាន​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ថែទាំ​ខ្លួន និង​កូន។ បន្ទាប់ពី​ពិនិត្យ​រួចរាល់ គ្រូពេទ្យនឹង​តម្រូវឲ្យ​​ម៉ាក់​ៗ​លេប​ថ្នាំ​ជាតិ​ដែក ៩០ គ្រាប់ ដែល​នេះ​ជា​គោលការណ៍​ក្រសួង​សុខាភិបាល។ តែ​ម៉ាក់​មួយ​ចំនួន​មិន​សូវ​បាន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ឡើយ តើ​នោះ​មក​ពី​អ្វី?

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ប្រាប់​ពី​សារធាតុ​សំខាន់​ៗ​ដែល​មាន​ក្នុង​ថ្នាំ​ជាតិ​ដែក​នោះ​ មាន​ដូចជា​ជាតិ​ដែក និង​ជាតិ​អាស៊ីដ​ហ្វូលិក ដែល​ថ្នាំ​នេះ​មាន​សមត្ថភាព​ជួយ​ឲ្យ​អាច​ធ្វើឲ្យ​កូន​ក្នុង​ផ្ទៃ​មិនប្រឈមមុខ​នឹង​ពិការ​ភាពផ្នែក​​អវយវៈ បញ្ហា​ខួរក្បាល​លូតលាស់​បាន​ល្អ ហើយ​ហេតុផល​ដែល​តម្រូវឲ្យ​អ្នក​ស្ត្រី​មាន​ផ្ទៃពោះ​លេប​ថ្នាំ​ជាតិ​ដែក ព្រោះ​រាងកាយ​ងាយ​នឹង​ស្លេក​ស្លាំង ​ខ្វះ​អាហារូបត្ថម្ភ។

ពពោះ

វេជ្ជបណ្ឌិត​ផ្នែក​រោគ​ស្រ្តី​ខាង​លើ ក៏​បាន​បន្ថែម​ទៀត​ថា សម្រាប់​ស្ត្រី​មួយ​ចំនួន​ដែល​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ មិន​បាច់​លេប​ថ្នាំ​ក៏បាន​ដែរ តែ​ភាគរយ​នៃ​អ្នក​ខ្វះ​ច្រើន ទើប​តម្រូវ​ឲ្យ​លេប​ជា​ទូទៅ ហើយ​ប្រសិនបើ​ខ្វះ​សារធាតុ​សំខាន់​ទាំង​នេះ អាច​បណ្ដាល​ឲ្យ​ទារក​ពក​ឆ្អឹង​ខ្នង ឬកើត​មក​​មិន​​ឆ្លាត​​ជាដើម។

សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា ចំណែក​ម៉ាក់ៗចង់​ទិញ​ថ្នាំ​ជំនួយ​ផ្សេង​ៗ​ដែល​មាន​តម្លៃ​ថ្លៃ ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ តែ​ស្ត្រី និង​កូន​ក្នុង​ផ្ទៃ​ពេល​ទទួល​បាន​ថ្នាំ​ជាតិ​ដែក និង​ជាតិ​អាស៊ីដ​ហ្វូលិក នេះ​គឺ​គ្រប់គ្រាន់​ហើយ។ តែ​លោកវេជ្ជបណ្ឌិតថា មាន​ស្រ្តី​មួយ​ចំនួន​មិន​សូវ​លេប​បាន​គ្រប់​តាម​ការ​កំណត់​ឡើយ “ព្រោះ​ថ្នាំ​នោះ​ផ្សំ​ចម្រាញ់​ពី​ជាតិ​ដែក​សុទ្ធ ទើប​ពេល​លេប​ទៅ​មាន​ធ្វើ​ទុក្ខ​ខ្លះ​ៗ ដូចជា ឈឺក្បាល វិលមុខ ទល់​លាមក ក្អួត​ចង្អោរ ហើយ​មួយ​វិញ​ទៀត​ម៉ាក់​ខ្លះ​គិត​ថា​ថ្នាំ​ថោក ឬ free មិន​សូវ​ល្អ ម្យ៉ាង​ទៀត​គាត់​គិត​ថា គួរ​រក​ថ្នាំ​អ្វី​ផ្សេង​ដែល​មាន​តម្លៃ​ថ្លៃ​ជាង”

អត្ថបទពាក់ព័ន្ធ៖ ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 12, 2019

អ្នកអាចចូលចិត្ត