មានផ្ទៃពោះ ស្លៀកពាក់រឹបៗពេកប៉ះពាល់អីខ្លះ?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ពេល​មាន​ផ្ទៃពោះ រាងកាយ​ស្រី​ចាប់​ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ ខណៈគភ៌កាន់តែធំ ការ​ស្លៀក​ពាក់​ក៏​ប្រែប្រួល​ទៅ​តាម​នោះដែរ។ គ្រូពេទ្យ​ផ្នែក​សម្ភព​តែង​ណែនាំ​ឲ្យ​ស្លៀក​ពាក់​ខោអាវ​រលុង​ចាប់​តាំង​ពី​ត្រីមាសទី២ រហូត​ដល់​ថ្ងៃ​សម្រាល។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ បាន​ពន្យល់​ថា ពោះ​កាន់​តែ​ធំជាង​មុន​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ស្លៀកពាក់ដូច្នេះ​គួរ​រើស​យក​ខោ​អាវ​ដែល​រលុង​ៗ ពាក់​ទៅ​ស្រួល​ខ្លួន និង​មិន​រមាស់។

ការ​ស្លៀកពាក់​រលុង ​សាច់យឺតៗ ឬខោអាវស្ត្រីមានផ្ទៃពោះអាច​ចៀស​ពី​ផល​ប៉ះពាល់​មួយ​ចំនួន​ខាង​ក្រោម​នេះ។

១- ក្រហាយ​ទ្រូង

ទោះ​មិន​ប៉ះពាល់​កូន​មែន តែ​សម្ពាធ​ពី​ការ​ស្លៀក​ពាក់​រឹប​តឹងៗ​ពេល​ពពោះ ពិសេស​នៅ​ចង្កេះ ធ្វើ​ឲ្យ​ចុក​ឆ្អល់ និង​ក្រហាយ​ដើម​ទ្រូង ពិបាក​ដក​ដង្ហើម។នៅ​​​ពេល​​​យើង​​​ពិបាក​​​ដក​​ដង្ហើម បរិមាណ​​​អុកស៊ីសែន​​​ក្នុង​​​ឈាម​មាន​​​ការ​​​ថយ​​​ចុះ នាំ​​​ឲ្យ​​​ឈាមដែល​​​នាំ​​​អុកស៊ីសែន​​​ទៅ​​​ឲ្យ​​​កូន​​​ក្នុង​​​ផ្ទៃ​​​មិន​​​គ្រប់​​​។
 
២- កើត​ជំងឺ​ផ្សិត

ឥទ្ធិពល​នៃ​ការ​ស្លៀក​សម្លៀក​បំពាក់​តឹងៗ មិន​មាន​ខ្យល់​អាកាស​ចេញ​ចូល គួបផ្សំ​នឹង​បម្រែ​បម្រួល​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ ទៅ​ជា​ឆ្លង​មេរោគ​ផ្សិត​នៅ​ក្នុង​ទ្វារមាស។ ស្ត្រី​មាន​ផ្ទៃពោះ​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​នេះ​ញឹក​ញាប់ បង្ក​ទៅ​ជា​ធ្លាក់​ស​មាន​ក្លិន មាន​ពណ៌។

អត្ថបទពាក់ព័ន្ធ៖ ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់

៣- កាត់​បន្ថយ​ចលនា​ឈាម​រត់

ការ​ស្លៀក​សម្លៀក​បំពាក់​តឹង​ណែន​មិន​ថា​មាន​ផ្ទៃពោះ ឬ​អត់​នោះ​ទេ អាច​ធ្វើ​ឱ្យ​ចលនា​ឈាម​រត់​យឺត​ក្នុង​រាង​កាយ។ នៅ​ពេល​មាន​ផ្ទៃពោះ​សរសៃឈាម​របស់​ស្ត្រី​រីក​ធំ ដើម្បី​ផ្គត់​ផ្គង់​សុក និងទារក។ ស្ត្រី​អាច​ជួប​ប្រទះ​ការ​ថយ​ចុះ​សម្ពាធ​ឈាម ដោយសារ​តែ​ការ​ងើប​ឈរ​លឿន​ពេក ឬ​ស្លៀក​ខោ​អាវ​រឹប​តឹង​ពេក អាច​កាត់​ផ្តាច់​ចរន្ត​ឈាម​បាន​យ៉ាង​ងាយ។

៤- ឈឺចាប់

ការ​ស្លៀក​ពាក់​រឹប​តឹងៗ​ពេក​ធ្វើ​ឲ្យ​រាង​កាយ​ស្រីៗ​មាន​ផ្ទៃពោះ​ឈឺ​ចាប់ ពិសេស​នៅ​តំបន់​ដើម​ទ្រូង ដៃ និង​ខ្នង ខណៈដើម​ទ្រូង​នឹង​ធំ​ជាង​មុន​ ​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួលនោះទេ ព្រោះ​អ័រ​ម៉ូន​យើងនឹង​ធ្វើ​ឲ្យ​ឈាម​រត់ទៅ​​ទ្រូង​កាន់តែច្រើន ​ដើម្បី​ត្រៀម​ផលិត​ទឹក​ដោះ។ ចំពោះ​ស្រីៗ​ដែល​ចូល​ចិត្ត​ពាក់​អាវ​ក្នុង​រឹប​តឹង​ពេក បណ្តាល​ឲ្យ​ឈឺ​ចាប់​នៅ​ដើម​ទ្រូង ទៅ​ជា​កន្ទួល រមាស់ ឬ​រលាក និង​ស្ទះ​បំពង់​ទឹក​ដោះ។

អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ចេះតែឈឺចាប់នៅអាងត្រគាក មានបញ្ហាទេ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 8, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 8, 2019

អ្នកអាចចូលចិត្ត