ជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ដោយសារតែស្ត្រីពពោះផឹកថ្នាំបុរាណ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ចាស់​បុរាណ​និយម​ឲ្យ​ស្ត្រី​ពពោះ​ប្រើ​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ដែល​ផ្សំ​ពី​ដើម​រុក្ខជាតិ ឫស ផ្លែ ផ្កា ឬ​ស្លឹក​ឈើ ដើម្បី​រក្សា​គភ៌ ជំនួយ​ដល់​ការ​ឈឺ​ពោះ​លឿន ងាយ​កើត​កូន។ មក​ដល់​សព្វ​ថ្ងៃ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើ​ជំនឿ​ទាំង​នោះ​នៅ​ឡើយ ខណៈ​ក្បួន​វេជ្ជសាស្ត្រ​ហាម​ផ្តាច់​ចំពោះ​ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ។

ចំពោះ​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ផឹក​ថ្នាំ​បុរាណ លោកជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ នៃ​ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភពនៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ថា ការ​ប្រើ​ថ្នាំ​ខ្មែរ ជា​ការ​ចេះ​តាម​គ្នា ​ដាក់​មួយ​ឆ្នាំង ទឹក ​៣ យក​ទឹក ១ បែប​នេះ​បែប​នោះ មិន​ត្រូវ​តាម​ក្បួន​ខ្នាត ឬ​ការ​សិក្សា​ស្រាវ​ច្បាស់​លាស់ លទ្ធផល​ក៏​មិន​ដឹង​យ៉ាង​ម៉េច។

លោក​ជំទាវ​វេជ្ជបណ្ឌិត​ថា ថ្នាំ​បុរាណ​ផ្ទុយ​ពី​ថ្នាំពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការសិក្សា ឆ្លងកាត់​ការ​ពិសោធ ថ្លឹងថ្លែង​បាន​ត្រឹមត្រូវ ថា​ប៉ុន្មាន​មិល្លីក្រាម លេប​បាន​ប៉ុន្មាន​ដង។

ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រីនៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព ​កម្ពុជា-ចិន សែនសុខ ក៏​លើក​ឡើង​ពី​គុណ​វិបត្តិ​នៃ​ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ​ថា ​ថ្នាំ​បុរាណ​មិន​មែន​ជា​ថ្នាំ​រក្សា​គភ៌​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ថ្នាំ​ជំនួយ​សុខភាព​ដែរ។ ផ្ទុយ​ទៅ​វិញ ការ​ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ពេល​ពពោះ មិន​បាន​ជួយ​អ្វី​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

ចំពោះ​ការ​លើក​ឡើង​ថា ផឹក​ថ្នាំ​បុរាណ ធ្វើ​ឲ្យ​កូន​កើត​ស្រួល​ លោក​វេជ្ជបណ្ឌិត​អះអាង​ថា មិន​ពិត​នោះ​ទេ កត្តា​ដែល​ជំរុញ​ឲ្យ​ស្រីៗ​កើត​កូន​ស្រួល គឺ​ម៉ាក់ៗ​មាន​អាង​ត្រគាក​ធំ​ល្អ កូន​មិន​ថ្លោស​ពេក មិន​មាន​សុក​ពាំង​ចំ​មាត់​ស្បូន សុខភាព​ម្តាយ​ល្អ  ភាព​រហ័ស​រហួន​ពេល​ពពោះ រាងកាយ​មាំមួន មិន​មាន​ជំងឺ​ប្រចាំ​កាយ​អ្វី​មក​ពាក់ព័ន្ធ។

អត្ថបទពាក់ព័ន្ធ៖

ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ៖

– សុកក្រិន ស្អិតជាប់ស្បូន
– សុកអត់ធ្លាក់
– ទឹកភ្លោះមិនថ្លាល្អ
– មាត់ស្បួនមិនបើក
– កូនពិបាកកើត
– ធ្លាក់ឈាមខ្លាំង
– ឈាមរាវ
– កូនខ្សោយ ឬស្លាប់ក្នុងពោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 9, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 9, 2019

អ្នកអាចចូលចិត្ត