រួមភេទពេលមានផ្ទៃពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្រីៗ​មាន​ផ្ទៃពោះ មិន​សូវ​ជា​ហ៊ាន​ប្រព្រឹត្ត​រឿង​លើ​គ្រែ​នោះ​ទេ ពិសេស​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ​ដំបូងៗ បារម្ភ​ខ្លាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យកូន​រលូត។ តើ​ការ​រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​កូន​រលូត​មែន​ទេ?

បើ​តាម​​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ កា​រួមភេទ​ពេល​មាន​ផ្ទៃពោះ​មិន​មែន​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​រលូត​កូន​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​គ្រូពេទ្យ​តែង​ឲ្យ​មាន​ការ​ប្រយ័ត្ន និង​កាត់​បន្ថយ​ការ​រួមភេទ​នៅ​ត្រីមាស​ដំបូងៗ​នៃ​ការ​ពពោះ។

“មិន​មែន​ការ​រួមភេទ​នៅ​ប៉ុន្មាន​ខែ​ដំបូងៗ ធ្វើ​ឲ្យ​កូន​រលូត​ទាំង​អស់​នោះ​ទេ កូន​រលូត​អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដូចជា​ភាពមិន​ប្រក្រតី​នៃ​ស្បូន-មាត់ស្បូន ម្តាយ​ឆ្លង​រោគ កត្តា​អ័រម៉ូន សកម្មភាពរួមភេទខ្លាំង ៗឬ​មាន​ជំងឺ​អី​ផ្សេងៗ​ទៀត អ៊ីចឹង​បើ​ម្តាយ​មាន​បញ្ហា​ទាំង​អស់​ហ្នឹង​ហើយ រួមភេទ​ទៀត​នោះ រឹត​តែ​ងាយ​ធ្វើ​ឲ្យ​រលូត​កូន”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។

ផ្ទុយទៅវិញ លោក​វេជ្ជបណ្ឌិតថា បើ​ស្រីៗ​ពពោះ​មាន​សុខភាព​ល្អ គ្មាន​កត្តា​ប្រឈម​អ្វី​ផ្សេងៗ ការ​រួមភេទ​នៅ​ក្នុង​ដំណាក់​កាល​ណា​ក៏​មិន​មាន​ហាម​ឃាត់​ដែរ ឲ្យ​តែ​មាន​ចំណង់។

តែ​ចំពោះស្រីៗពពោះ​គ្នាយើង​ដែល​មានបញ្ហា​មួយ​ចំនួន​ខាងក្រោម មិន​គួរ​រួមភេទ​​ពេល​ពពោះ​ឡើយ។

– ធ្លាប់រលូតកូនញឹកញាប់
– មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ
– សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង
– ប្តី ឬ​ប្រពន្ធ​មាន​ជំងឺកាមរោគ។

អត្ថបទពាក់ព័ន្ធ​៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 18, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 18, 2019

អ្នកអាចចូលចិត្ត