ម៉ាក់ៗសម្រាលកូន​ដោយវះកាត់ គួរជ្រើស​រើសខោទ្រនាប់​បែបណា?

    ម៉ាក់ៗសម្រាលកូន​ដោយវះកាត់ គួរជ្រើស​រើសខោទ្រនាប់​បែបណា?

    ការ​ដែល​ក្លាយ​ជា​​ម៉ាក់​ៗ​គេ​​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​​។​ បន្ទាប់​ពី​នឿយ​ហត់​​​​​នៅ​ក្នុង​ការ​ពពោះ​អស់​រយៈពេល​ជាង​៩ខែ​មក​​ ​​​​​ម៉ាក់​ៗ​​នឹង​ត្រូវ​សម្រាល​កូន​​ដោយ​ធម្មជាតិ​ ឬ​វះកាត់​។ ពិត​ណាស់​ ទោះ​ជា​សម្រាល​កូន​បែប​ណា​ក៏ដោយ​ ការ​ឈឺ​ចាប់​ដែល​ម៉ាក់​​​ៗ​ជួប​ប្រទះ គឺ​​ពិត​ជា​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ​ ទម្រាំ​​បាន​ឃើញ​មុខ​អា​អូន​​តូច​ជា​ទី​ស្រលាញ់​។

    យ៉ាងណាមិញ ​ខណៈ​​ដែល​ម៉ាក់​ៗ​ផ្ដោត​ទៅ​លើ​ការ​មើល​​ថែទាំ​អា​អូន​ ម៉ាក់​ៗ​ក៏​មិន​គួរ​ភ្លេច​ថែទាំ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ផង​ដែរ​ ជា​ពិសេស​ ម៉ាក់​ៗ​ ដែល​សម្រាល​ដោយ​ការ​វះកាត់​ ពី​ព្រោះ​​ការ​សម្រាល​កូន​​ដោយ​វះកាត់​មិន​មែន​ជា​ការ​វះកាត់​តូចតាច​នោះ​ទេ​។ ​ហេតុនេះ​ហើយ​​ ការ​ថែទាំ​បរិវេណ​វះ​ឲ្យ​បាន​ល្អ​ គឺ​ជា​រឿង​ចាំបាច់​បំផុត។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រើសរើស​ខោ​ទ្រនាប់​ត្រឹមត្រូវ​ ​ក៏​រួម​ចំណែក​​ជួយ​​ឲ្យ​ម៉ាក់​ឆាប់​ជា​សះស្បើយ​​​ផង​​ដែរ​។

    ១.តើ​​គួរ​ជ្រើសរើស​ខោ​ទ្រនាប់​ប្រភេទ​ណា​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​?​​​​

    បន្ទាប់​ពី​សម្រាល​កូន​រួច​ ​ម៉ាក់​ៗ​អាច​​មាន​អារម្មណ៍​ច្របូកច្របល់​​ ទោះបី​ជា​សម្រាល​តាម​វិធី​ណា​ក៏​ដោយ។​ ប៉ុន្តែ​សម្រាប់​ម៉ាក់​ៗ​​ដែល​សម្រាល​កូន​ដោយ​វះកាត់​ គឺ​ត្រូវ​ប្រឈម​ជាមួយ​នឹង​ផលវិបាក​នៃ​ការ​វះកាត់​ត្រង់​ពោះ​ដ៏​ធំ​​មួយ​។

    ម៉ាក់​ៗ​ជាច្រើន​តែង​មាន​អារម្មណ៍​ឈឺ​ចាប់​ ឬ​ស្ពឹក​នៅ​បរិវេណ​វះកាត់​ ដែល​អាច​បង្ក​​ឲ្យ​ទៅ​ជា​ហើម​ និង​មាន​​​ពណ៌​ក្រម៉ៅ​​ថែម​ទៀត​ផង​។ ​ម្យ៉ាង​ទៀត​​យើង​ក៏​មិន​អាច​​មិន​ស្លៀកពាក់​អ្វី​ ត្រឹម​ចង្កេះ​ចុះ​ក្រោម​បាន​​រយៈពេល​យូរ​នោះ​ដែរ​។

    ខោទ្រនាប់

    ដូច​នេះ​ហើយ​ ក្រោយពេល​សម្រាល​ ម៉ាក់​ៗ​គួរ​ជ្រើសរើស​​ខោ​ទ្រនាប់​សម្រាប់​អ្នក​ទើប​សម្រាល​កូន​ដោយ​វះកាត់​តែ​ម្តង​ ដែល​ស្លៀក​បាន​នៅ​លើ​ចង្កេះ​ និង​មាន​​ចង្កេះ​ខោ​រលុង​ៗ​ ​ដើម្បី​មាន​ខ្យល់​ចេញ​ចូល​ ​ព្រម​ទាំង​​មាន​ផាសុកភាព​ ចៀសវាង​ការ​បង្ក​ការ​ឈឺចាប់​ ​ឬ​រលាក​ណាមួយ​កើត​ឡើង​។ ម្យ៉ាង​វិញ​ទៀត​ នៅ​អំឡុង​ពេល​ក្រោយ​សម្រាល​ ម៉ាក់​ៗ​ប្រាកដ​​ជួប​បញ្ហា​រ​ធ្លាក់​ឈាម​​មិន​ខាន​​ ដែល​តម្រូវ​ឲ្យ​​ម៉ាក់​ៗ​គួរ​ប្រើ​ខោ​ទ្រនាប់​ដែល​មាន​​ពណ៌​ងងឹត​ៗ​​ និង​​ធន់​នឹង​ស្នាម​ប្រឡាក់​​​។

    ​​​​​​​២.​ការ​ជាសះស្បើយ​ ក្រោយ​សម្រាល​ដោយ​វះកាត់

    ក្រោយ​​សម្រាល​កូន​ដោយ​វះ​កាត់​រួច​ ម៉ាក់ៗ​មិន​​គួរ​ធ្វើ​ការងារ​ផ្ទះ ឬ​លើក​អ្វី​មួយ​ដែល​ធ្ងន់​ជាង​ទម្ងន់​ខ្លួន​​របស់​កូន​ឡើយ​​ នៅ​​រយៈពេល​៦ ទៅ​៨​សប្ដាហ៍​ដំបូង​​។ ចូរ​ព្យាយាម​ទុកដាក់​របស់របរ​ដែល​ចាំបាច់​នៅ​ជិតៗ​ដៃ​។​បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​​យើង​មាន​អាការៈ​​កណ្ដាស់ ក្អក​ ឬ​សើច​ ​គួរ​យក​ដៃ​ក្តោប​ពោះ​ត្រង់​បរិវេណ​វះកាត់​ថ្នម​​ៗ​។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 09/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត