សម្រាលកូនតាមធម្មជាតិ និងសម្រាលដោយវះកាត់ គួរជ្រើសរើសមួយណា?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្រីៗ​គ្នា​យើង ទើប​ដឹង​ថា​មាន​កូន​ថ្មី​ថ្មោង ច្បាស់​ជា​ពិបាក​សម្រេច​ចិត្ត​បន្តិចពាក់​ព័ន្ធ​រឿង​សម្រាល​កូន គួរ​សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់​ទើប​ល្អ។ ពាក់​ព័ន្ធការ​សម្រេច​ចិត្ត​នេះ គ្នា​យើង​ធម្មតា​តែង​ពិភាក្សា​ជា​មួយ​ប្តី ក្រុម​គ្រួសារ​មិត្ត​ភក្តិ មុន​ថ្ងៃ​សម្រាល​ចូល​មក​ដល់។ ប៉ុន្តែ​ត្រូវចាំ​ថា ទោះ​យើង​សម្រេច​ចិត្ត​យក​វិធី​សម្រាល​ណា​ក៏​ដោយ គឺ​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ហេតុនេះ​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ទាំង​ការ​សម្រាល​កូនដោយ​ធម្មជាតិ និង​វះកាត់ ​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- សម្រាលកូនតាមធម្មជាតិ

ការ​សម្រាល​កូន​តាម​ធម្មជាតិ ឬ​ការ​សម្រាល​កូន​តាម​ទ្វារមាស គឺ​ជា​វិធី​ធម្មជាតិ​មួយ ដែល​គ្មាន​ជំនួយ​វេជ្ជសាស្ត្រណា​មួយ​នោះ​ឡើយ លុះ​ត្រា​តែ​យើង​ឈាន​ចូល​ដំណាក់​កាល​ពិបាក​សម្រាល ទើប​គ្រូពេទ្យ​ធ្វើ​អន្តរាគមន៍ដើម្បី​ជួយ​យើង​ឲ្យ​សម្រាល​កូន​បាន។ គុណ​សម្បត្តិ និង​គុណ​វិបត្តិ​​សម្រាល​កូន​តាម​ធម្មជាតិ មាន​ដូច​ជា៖

– គុណសម្បត្តិ៖

  • ម៉ាក់ៗមាន​មោទនភាព​ នៅ​ពេល​សម្រាល​កូន​បាន​ដោយ​ជោគជ័យ។
  • ចំណាយ​ពេល​ខ្លី​ស្នាក់​នៅ​មន្ទីរពេទ្យ (ជាទូទៅ ៣ ថ្ងៃក្រោយ​សម្រាល)។
  • មុខ​របួស​ឆាប់​ជា​សះស្បើយ ហើយ​អាការៈ​ឈឺ​ចាប់​ក្រោយ​សម្រាល​ មាន​រយៈពេល​ខ្លី។
  • កាត់​បន្ថយ​ហានិភ័យ​កើន​ឡើង​សម្ពាធ​ឈាម​ ក្នុង​សរសៃបញ្ជូន​​ទៅ​ឲ្យសួត​ និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ ដូចជា​ ដក​ដង្ហើម​ញាប់ និង​ដង្ហក់​ស្ទះ​ផ្លូវ​ដង្ហើម ចំពោះកូន។
  • បេប៊ី​មានអត្រា​កើត​ជំងឺ​ហឺតទាប មិន​សូវ​ប្រតិកម្ម​អាហារ មិន​ប្រ​ឈាម​បញ្ហា​​បៅ​ទឹក​ដោះ​មិន​បាន។
  • សម្រាល​កូន​លើក​ក្រោយ អាច​ឆាប់​រហ័ស និង​ងាយ​ស្រួល​ជាង​មុន។
  • ម៉ាក់ៗ​អាច​ចាប់​ផ្ដើម​បី និង​បំបៅ​កូន​ភ្លាមៗ​ក្រោយ​សម្រាល។
  • ម៉ាក់​​អាច​ចៀស​ផុត​ពីបញ្ហា​​ធ្លាក់​ឈាម​ច្រើន មាន​ដុំ​ឈាម​កក និង​ការ​ប៉ះ​ទង្គិច​សរីរាង្គ​ផ្នែក​ខាង​ក្នុង។

– គុណវិបត្តិ៖

  • ម៉ាក់ៗ​ឧស្សាហ៍​មាន​អារម្មណ៍​មួម៉ៅ និង​ព្រួយ​ចិត្ត​ច្រើន។
  • អាច​បណ្ដាល​ឲ្យ​ឈាម​ធ្លាក់​ច្រើន។
  • ទ្វារមាសអាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល។
  • កង្វះ​អុកស៊ីហ្សែន អាច​កើត​មាន​ចំពោះ​ទារក ដោយសារសង្កត់ទងសុក ឬបញ្ហាផ្សេងៗកើតមានកំឡុងពេលសម្រាល។
  • រាងកាយ​ទារក​ អាច​មាន​ប៉ះ​ទង្គិចនៅ​ពេល​ម៉ាក់ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ ដូចជា​ ឡើង​ជាំ ហើម​សាច់ ឬ​បើ​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​បាក់​ឆ្អឹង។
  • ស្បូន​មិន​ត្រឡប់មក​ដូច​ដើមក្រោយ​សម្រាល (តែជា​ករណី​កម្រ​បំផុត)។
  • ក្នុង​រយៈពេល ០៣ ខែដំបូងក្រោយ​សម្រាល ម៉ាក់ៗ​អាច​មាន​ការ​ឈឺចាប់​អំឡុង​​ពេល​រួម​ភេទ បើ​មាន​ការ​ដាច់​រហែក ឬស្នាម​របួស​នៅ​ត្រង់​ទ្វារមាស
  • បើ​អាង​ត្រគាក​តូច​ពេក ឬទារក​ថ្លោស​ពេក ឆ្អឹង​គូទ​ម៉ាក់ៗ​អាច​មាន​ប៉ះ​ទង្គិច​ក្នុង​ពេល​សម្រាល។
  • អាច​ប្រឈម​មុខជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន។

អត្ថ​បទ​ពាក់​ព័ន្ធ៖

២- សម្រាលកូនដោយវះកាត់

ការ​សម្រាល​កូន​ដោយ​វះកាត់ គឺ​ជា​វិធី​សម្រាល​ដោយពេទ្យ​ធ្វើ​ការ​វះ​ពោះ និង​ស្បូនដើម្បី​ទាញ​ទារក​ចេញ​មក​ក្រៅ ហើយ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​សម្រាល​កូន​ដោយ​វិធី​នេះ មាន​ដូច​ខាង​ក្រោម។

– គុណសម្បត្តិ៖

  • ម៉ាក់ៗ​អាច​ដឹង​មុន​ថា​ កូន​​នឹង​កើត​ចេញ​នៅ​ពេល​ណា ជាហេតុ​នាំ​ឲ្យ​​មិន​សូវ​ព្រួយបារម្ភ។
  • ចៀស​ផុត​ករណី​កូន​ចាស់​ខែ
  • កាត់​បន្ថយ​ហានិភ័យធ្លាក់​ឈាម​ក្រោយ​សម្រាល ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល របួស​អាង​ឆ្អឹង​ត្រគាក និង​ជំងឺ​ផ្សេង​ៗ​ទៀត។
  • កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពីម៉ាក់ៗទៅ​​កូន បើ​យើង​មាន​ជំងឺ​កាមរោគ ឬ​ជំងឺ​ឆ្លង ដូចជា​ ជំងឺ​ប៉េស្ត ជំងឺ​អេដស៍ ជំងឺ​រលាក​ថ្លើម និង​ មេរោគ​ HPV ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​មាត់​ស្បូន ជាដើម។

– គុណវិបត្តិ៖

  • អាច​មាន​ផល​ប៉ះពាល់ ដូចជា ​ឈឺក្បាល​ធ្ងន់ធ្ងរ វិលមុខ និង​ក្អួត។
  • ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេល​យូរ ហើយ​មុខ​របួស​ចំណាយ​ពេល​យូរ​ដើម្បី​ជា​សះស្បើយ។
  • កូន​អាច​កើត​មុន​ខែ បើ​សិន​រាប់​អាយុ​គភ៌​ខុស។
  • អាច​មាន​របួស​ត្រង់​ពោះវៀន ឬ​ប្លោក​នោម។
  • ហូរ​ឈាម​ច្រើន។
  • ហានិភ័យ​ខ្ពស់មាន​ការ​រហែក​ស្បូន និង​ខ្សោយ​ពោះវៀន។
  • ទារក​ប្រឈមស្លាប់​ក្រោយសម្រាល ឬ​អាច​មាន​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម ដក​ដង្ហើម​ញាប់ និង​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ក្នុង​សរសៃ​បញ្ជូន​ទៅ​ សួត។
  • ពេល​មាន​កូនលើក​ក្រោយ ម្ដាយ​អាច​ប្រឈម​មុខ​ខ្ពស់ ​កើត​ជំងឺ​សុក​ពាំង​មាត់​ស្បូន និង​ជំងឺ​សុក​ចាក់ជាប់ជញ្ជាំង​​ស្បូន។
  • ម៉ាក់ៗ​អាច​មាន​អារម្មណ៍​មិន​ស្រួល​ក្រោយ​ការ​វះកាត់ ដូច្នេះ​មិន​អាច​បំបៅ​ដោះ​កូន ឬ​បី​កូន​ភ្លាម​ៗ​ឡើយ។
  • រាងកាយ​កូន​អាច​រងប៉ះទង្គិច ឬ​មុត​នឹងកាំបិត​វះកាត់។
  • ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​តម្លៃ​ថ្លៃ។
  • អាច​គាំង​បេះដូង។
  • អាច​មាន​ដុំ​ឈាម​កក​ត្រង់​មុខ​របួស ឬ​ក្នុង​សរសៃ​ឈាម។
  • អាច​ឆ្លង​រោគ​រលាក​ស្រទាប់​ក្នុង​​ស្បូន។
  • ឈឺចាប់​ត្រង់​ស្នាម​វះកាត់ ​អាច​ប្រឈមដាច់​ថ្នេរ បើ​សិន​មិន​ប្រយ័ត្ន។

ការ​សម្រាល​កូន មិន​ថា​តាម​វិធី​ណា សុទ្ធ​តែ​មាន​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន។ យ៉ាង​ណា​មិញ គ្រូពេទ្យ​ជំនាញ នឹង​ណែនាំ​វិធី​សម​ស្រប​ទៅ​តាម​លក្ខខណ្ឌ​សុខភាពយើង​ផ្ទាក់។ ដូច្នេះ ម៉ាក់ៗ​កុំ​បារម្ភ​ច្រើន​ពេក សូម​ធ្វើ​ការ​ពិនិត្យ​សុខភាពឲ្យ​បានទៀង​ទាត់ ហើយ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើ​សិន​មាន​ចម្ងល់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 11, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 14, 2019

ប្រភព
អ្នកអាចចូលចិត្ត