backup og meta

រឿងគ្រោះថ្នាក់សម្រាលកូនមិនគ្រប់ខែ ទាំងម្តាយទាំងកូនជួបផលវិបាកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 05, 2020

    រឿងគ្រោះថ្នាក់សម្រាលកូនមិនគ្រប់ខែ ទាំងម្តាយទាំងកូនជួបផលវិបាកទាំងនេះ

    ការ​សម្រាល​នៅ​មុន ៣៧ សប្ដាហ៍​នៃ​ការ​ពពោះ ជា​ការ​សម្រាល​កូន​មុន​ខែ ដែល​ករណី​នេះ​ជួប​ផល​វិបាក​ច្រើន ទាំង​ម្ដាយ​ទាំង​កូន ហើយ​អ្នក​ដែល​ប្រឈម​​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​គឺ​ទារក​ទើប​នឹង​កើត​នេះ​ឯង។

    ក្នុង​បទ​សម្ភាស​ជាមួយ “Hello គ្រូពេទ្យ’ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ពន្យល់​លម្អិត​អំពី​ផល​វិបាក​ផ្សេងៗ​នៃ​ការ​សម្រាល​កូន​មុន​ខែ។

    ១- ផល​ប៉ះពាល់​ចំពោះ​ទារក​កើត​មិន​គ្រប់ខែ

    – មាន​បញ្ហា​ដង្ហើម៖ ទារក​កើត​មុន ៣៤ សប្ដាហ៍ មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ព្រោះ​សរីរាង្គ​ប្រព័ន្ធ​ដក​ដង្ហើម (សួត) មិន​ទាន់​លូតលាស់​ពេញលេញ មិន​អាច​ធ្វើ​សកម្មភាព​ខ្លួន​ឯង​បាន ដែល​គ្រូពេទ្យ​នឹង​ជួយ​តាម​វិធី​ដាក់​សប់​បំពង់​ខ្យល់​ដើម្បី​ជួយ​សួត​ទារក។

    – វិបត្តិ​ប្រព័ន្ធ​រំលាយ​អាហារ៖ ទារក​កើត​មិន​គ្រប់​ខែ មិន​ទាន់​ចេះ​បឺត​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង​នោះ​ទេ ឯ​ក្រពះ​ពោះវៀន​មិន​ទាន់​លូតលាស់​ល្អ មិន​អាច​ដំណើរ​ការ​មុខងារ​ស្រូប​យក​សារជាតិ​ផ្សេងៗ​បាន។

    – មិន​គ្រប់​គីឡូ កង្វះ​អាហារូបត្ថម្ភ៖ ស្ទើរ​តែ ១០០ នាក់ ទាំង ១០០ នាក់​ទៅ​ហើយ ទារក​កើត​មិន​គ្រប់​ខែ គីឡូ​ក៏​មិន​គ្រប់​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត ខណៈ​ក្រពះ​ពោះវៀន​ទារក​កើត​មិន​គ្រប់​ខែ​មិន​ទាន់​អាច​ដំណើរ​ដោយ​ខ្លួន​ឯង​បាន ពិត​ណាស់​ទារក​នឹង​ខ្វះ​អាហារូបត្ថម្ភ ដែល​ករណី​នេះ​គ្រូពេទ្យ​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ទារក​តាម​សរសៃ ឬ​​ដាក់​ទុយយោ​តាម​ច្រមុះ​ទៅ​បំពង់​អាហារ ហើយ​ត្រូវ​បំប៉ន​សារធាតុ​ចិញ្ចឹម​ចាំបាច់​បន្ត​រាប់​ខែ ទម្រាំ​គេ​អាច​លូតលាស់​បាន​ដូច​ក្មេង​ធម្មតា។ ពេល​ទារក​ចេះ​បឺតជញ្ជក់​ដោយ​ខ្លួន​ឯង ទឹកដោះ​ម្ដាយ​ជា​ជម្រើស​ល្អ​បំផុត។ ករណី​ម្ដាយ​មាន​បញ្ហា​សុខភាព ឬ​មិន​មាន​ទឹក​ដោះ ម្ដាយ​អាច​ជ្រើស​រើស​ម្សៅ​ទឹកដោះ​គោ​រូបមន្ត​ពិសេស​សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ។

    – ខ្សោយ ខ្វះ​កម្ដៅ៖ រាង​កាយ​ទារក​កើត​មិន​គ្រប់​ខែ មិន​ទាន់​​លូត​លាស់​អស់ ឯ​សរីរាង្គ​ខាង​ក្នុង​ក៏​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​សុខភាព​ខ្សោយ មិន​អាច​ធន់​ទ្រាំ​នឹង​អាកាស​ធាតុ ឬ​បរិយាកាស​ខាង​ក្រៅ​បាន​ទេ ចាំបាច់​គ្រូពេទ្យ​ត្រូវ​ដាក់​នៅ​ទូ​កម្ដៅ។

    – ប្រឈម​ការ​ឆ្លង​រោគ៖ សរីរាង្គ​ទារក​កើត​មិន​គ្រប់​ខែ​នៅ​ខ្ចី​ខ្លាំង​ណាស់ ឯ​ប្រព័ន្ធ​ការពារ​អភិវឌ្ឍ​មិន​បាន​ពេញ​លេញ​ល្អ មិន​អាច​ការពារ​បាក់​តេរី ឬ​មេរោគ​ដទៃ​ទៀត​នោះ​ឡើយ អាច​ប្រឈម​នឹង​ឆ្លង​រោគ​ផ្សេងៗ។

    – ខាន់លឿង មាន​បញ្ហា​ភ្នែក៖ ខាន់​លឿង ក៏​ជា​រោគ​សញ្ញា​កើត​មាន​លើ​ទារក​កើត​មិន​គ្រប់​ខែ ដោយសារ​តែ​ថ្លើម​ទារក​នៅ​ក្មេងខ្ចី មិនទាន់​វិវត្ត​​ពេញ​រូបរាង ដូច្នេះ​មិន​អាច​បោស​សម្អាត​ជាតិ​ប៊ីលីរូប៊ីន (ផលិត​ផល​កាក​សំណល់) ចេញ​ពី​ឈាម​បាន។ ទារក​កើត​មិន​គ្រប់​ខែ​ខ្លះ​មាន​​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ​ដោយសារ​តែ​ភ្នែក​មិន​ទាន់​អាច​ដំណើរ​ការ​បាន សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ភ្នែក​មិន​បាន​ល្អ អាច​ពិការ​ភ្នែក។

    – ហូរ​ឈាម៖ សរសៃ​ឈាម​ទារក​កើត​មិន​គ្រប់​ខែ​នៅ​ខ្ចី​ពេក កាល​ណា​ចរន្ត​ឈាម​បុក​ចុះ​បុក​ឡើង មិន​ទ្រាំ​ទ្រ​បាន ងាយ​នឹង​បែក​សរសៃ​ឈាម ទៅ​ជា​ហូរ​ឈាម​ក្នុង​ក្រពះ​ពោះវៀន ហើយ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ គឺ​ការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល បើ​ជួយ​មិន​ទាន់​ពេល​ទេ ទារក​អាច​នឹង​មាន​បញ្ហា​ផ្នែក​សតិ​បញ្ញា។

    – មាន​ជំងឺ​ស្លេក​ស្លាំង៖ ទារក​កើត​មិន​គ្រប់​ខែ អាច​នឹង​ខ្វះ​ជាតិ​ដែក នាំឲ្យ​មាន​ជំងឺ​ស្លេកស្លាំង មាន​ការ​លំបាក​ក្នុង​ការ​ញ៉ាំ​អាហារ និង​លូតលាស់។ កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង អាច​មាន​បញ្ហា​បេះដូង ឬ​ការ​ដក​ដង្ហើម។ ទារក​ស្លេក​ស្លាំង​ត្រូវ​ព្យាបាល​ដោយ​អាហារ​បំប៉ន​មាន​ជាតិ​ដែក ថ្នាំ​ប្រើ​ដើម្បី​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ក្រហម ឬ​ករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ចូល​ឈាម។

    អត្ថបទពាក់ព័ន្ធ៖

    ២- ផល​ប៉ះពាល់​ចំពោះ​ស្ដ្រី​សម្រាល​កូន​មិន​គ្រប់​ខែ

    – អាច​សម្រាល​កូន​មិន​គ្រប់​ខែ​ពេល​ពពោះ​ក្រោយៗ៖ ចំពោះ​ស្រីៗ​ដែល​មាន​ស្បូន​មិន​ប្រក្រតី ឬ​មាត់​ស្បូន​ខ្សោយ នោះ​អាច​នឹង​ជួប​ករណី​សម្រាល​កូន​មិន​គ្រប់​ខែ នៅ​ពេល​ពពោះ​លើក​ក្រោយ​ទៀត។

    – មាន​បញ្ហា​ផ្លូវចិត្ត៖ ពេល​ពពោះ ស្រីៗ​ស៊ូទ្រាំ​នឹង​ការ​លំបាក​សព្វ​បែប​យ៉ាង ប្រាថ្នា​ចង់​ឃើញ និង​បាន​ថ្នាក់​ថ្នម​កូន​ឆាប់ៗ តែ​បែរ​ជា​មក​ជួប​រឿង​អកុសល​កូន​កើត​មិន​គ្រប់ខែ ពេល​កើត​ភ្លាម​គ្មាន​ឱកាស​នៅ​ក្បែរ​កូន កូន​ត្រូវ​ដាក់​ចិញ្ចឹម​នៅ​ក្នុង​កែវ​ដាច់​ដោយ​ឡែក​ពី​ម្ដាយ បែប​នេះ​ងាយ​នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម