backup og meta

សម្រាលកូនរួច ពេលណាម៉ាក់ៗអាចហាត់ប្រាណបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 25, 2019

    សម្រាលកូនរួច ពេលណាម៉ាក់ៗអាចហាត់ប្រាណបាន?

    ក្រោយ​សម្រាល​កូន​រួច ស្រីៗ​ភាគ​ច្រើន គីឡូ​ប្រហែល​ជា​មិន​ទាន់​ស្រក​ភ្លាមៗ​នោះ​ទេ អ៊ីចឹង​ហើយ​មាន​តែ​វិធី​ហាត់​ប្រាណ​ប៉ុណ្ណោះ ដែល​ជួយ​ឲ្យ​ទម្ងន់​ឆាប់​ស្រក ឯ​សុខភាព​ក៏​ល្អ​ទៀត ដោយ​កាត់​បន្ថយ​​ស្ត្រេស ជួយ​ឲ្យ​គេង​លក់​ស្រួល ។ ម៉ាក់ៗ​ដែល​សម្រាល​កូន​រួច តើ​ពេល​ណា​អាច​ហាត់​ប្រាណ​បាន?

    បកស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ការ​ហាត់​ប្រាណ​ក្រោយ​សម្រាល​ជា​រឿង​សំខាន់ តែ​ស្រីៗ​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែរ ពិសេស​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់ ព្រោះ​ការ​ធ្វើ​ចលនា​រាងកាយ​បាន លុះ​ណា​តែ​ស្នាម​របួស ឬ​ថ្នេរ​ជា​សះ​ស្បើយ​ស្រួល​បួល។

    លោក​វេជ្ជបណ្ឌិត​ថា ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់ ទាល់​តែ​រយៈ​ពេល​១​ខែ​កន្លះ​ឡើង​ទៅ ទើប​អាច​ហាត់​ប្រាណ​បាន ដោយ​យើង​ត្រូវ​ពិនិត្យ​មើល​ស្នាម​វះកាត់​តើ​ជា​សះ​ហើយ ឬ​នៅ? នៅ​ឈឺ​ឬ​អ​ត់? ចំពោះ​ការ​ហាត់​លើក​ដំបូង​ទៀត​សោត ត្រូវ​ហាត់​ថ្នម សន្សឹមៗ ដោយ​ជ្រើស​រើស​ក្បាច់​ហាត់​ប្រាណ​ណា​​ងាយៗ នោះ​ទើប​មិន​បង្ក​ផល​វិបាក។

    ចំណែក​ឯ​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ​វិញ ការ​ហាត់​ប្រាណ​ល្អ​ខ្លាំង ព្រោះ​អាច​ពង្រឹង​សាច់​ដុំ និងឲ្យ​រាងកាយ​យើង​ឆាប់​ត្រលប់​មក​ធម្មតា​វិញ​ ជួយ​សម្រក​គីឡូ ធ្វើឲ្យ​​រាង​ស្អាត កាត់​បន្ថយ​ស្បែក​យារ​ធ្លាក់។ ផ្ទុយ​ពី​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់ ម៉ាក់ៗ​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​ចលនា​រាងកាយ តាំង​ពី​ថ្ងៃ​សម្រាល​កូន​ដំបូង​ម្ល៉េះ ដោយ​ឲ្យ​ដើរ​​​ចុះ​ដើរ​ឡើង​ក្នុង​បន្ទប់ ដើម្បី​ឲ្យ​ចលនា​ឈាម​ដើរ​បាន​ស្រួល ជំរុញ​ឲ្យ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​បាន​ល្អ ឆាប់​អស់។

    បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ ស្ត្រី​ដែល​សម្រាលកូន​ដោយ​ធម្មជាតិ​​អាច​ចាប់​ផ្តើម​ធ្វើ​លំហាត់​ប្រាណ​បាន​ហើយ ដោយ​ដំបូងៗ​ជ្រើសរើស​លំហាត់​ប្រាណ​ណា​ស្រួលៗ ដោយ​ដូច​ជា​ដើរ ហាត់​យូហ្កា ជាដើម ចៀស​វាង​ក្បាច់​ណា​ខ្លាំង ឯការ​ហែល​ទឹក​ត្រូវ​រង់​ចាំ​ដល់​ឈាម​ឈប់​ធ្លាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម