
សម្រាលកូនរួចមិនដល់១ថ្ងៃផង ស្រីៗមួយចំនួនងូតទឹកសម្អាតកាយ ឬខ្លះទៀតមិនហ៊ានងូតនោះទេ ខ្លាចសរសៃនៅខ្ចី ទៅជាព្រឺរងារទាស់។ បើតាមក្បូនពេទ្យ ស្រីៗទើបសម្រាលកូនរួច ពេលណាអាចងូតទឹកសម្អាតកាយបាន?
លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានបកស្រាយថា ស្ត្រីក្រោយសម្រាល ប្រៀបបានជាមនុស្សធម្មតាអ៊ីចឹង ខុសគ្នាតែបន្តិច គឺមានមុខរបួស និងខ្សោយបន្តិច ហើយការងូតទឹកសម្អាតខ្លួន ធ្វើឲ្យស្ត្រីស្រឡះក្នុងខ្លួន និងជាអនាម័យខ្លួនប្រាណ។
តើសម្រាលកូនបានប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃ ស្រីៗអាចងូតទឹកបាន? លោកស្រីវេជ្ជបណ្ឌិតឆ្លើយថា ការងូតទឹកក្រោយសម្រាលដូចជាមិនមានការកំណត់ប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃនោះទេ គឺអាស្រ័យទៅតាមស្ថានភាពសុខភាពរបស់ម្តាយ បើស្រួលខ្លួន ដើរបាន ងូតទឹកបានហើយ តែក្នុងករណីមិនទាន់ស្រួលខ្លួនទេ ត្រឹមតែអាចជូតខ្លួនជាមួយនឹងក្តៅឧណ្ហៗ។
តែចំពោះស្រ្តីដែលសម្រាលកូនដោយវះកាត់វិញ គឺអាស្រ័យទៅលើមុខរបួស ដែលភាគច្រើនសម្រាលថ្ងៃទី១នៃ ស្រីៗនៅឈឺមុខរបួស មិនទាន់អាចក្រោកបាននោះទេ ដូច្នេះក៏ទាន់អាចងូតទឹកបានដែរ។ ជាទូទៅស្រីៗសម្រាលកូនដោយវះកាត់ខ្លះអាចស្រួលខ្លួននៅថ្ងៃទី២ ទី៣ ក្រោយសម្រាល។
ហេតុអីគ្រូពេទ្យណែនាំងូតទឹកសម្អាតខ្លួន ក្រោយសម្រាលរួច? លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ថា កាលណាម៉ាក់ៗអត់ងូតទឹកច្រើនថ្ងៃ ធ្វើឲ្យរាងកាយកខ្វក់ បង្កទៅជាមេរោគ ហើយម្តាយត្រូវឱបកូន បីកូន បំបៅកូន ងាយនឹងឆ្លងមេរោគនោះទៅកូន។
អត្ថបទពាក់ព័ន្ធ៖
- សម្រាលកូនរួច វិធីឆ្ពុងជួយអ្វីបានខ្លះ? បាត់ជាំមុខទេ?
- របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យថ្ងៃទី ខែធ្នូ 4, 2019 | កែសម្រួលចុងក្រោយ ខែធ្នូ 4, 2019