ស្ត្រីដែលសម្រាលកូនរួចមួយចំនួន ទោះមិនបានធ្វើការងារធ្ងន់ៗ និងអង្គុយយូរក៏ដោយ បែរជាមានអាការៈចុករួយចង្កេះស្ទើរដាច់។ តើករណីបែបនេះមកពីអ្វី ហើយគួរធ្វើបែបណា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្ត្រីដែលសម្រាលកូនរួចមួយចំនួន ទោះមិនបានធ្វើការងារធ្ងន់ៗ និងអង្គុយយូរក៏ដោយ បែរជាមានអាការៈចុករួយចង្កេះស្ទើរដាច់។ តើករណីបែបនេះមកពីអ្វី ហើយគួរធ្វើបែបណា?
ដើម្បីឲ្យដឹងពីមូលហេតុ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា បញ្ហានោះអាចទាក់ទងនឹងការធ្វើការងារធ្ងន់ ឬអង្គុយយូរ និងមូលហេតុ ២ យ៉ាងផ្សេង។ ចំពោះមូលហេតុទី១ ដោយសារម៉ាក់ៗឡើងទម្ងន់ខ្លាំងពេកពេលពពោះ ហើយទី២ គឺព្រោះស្បូនរីកធំ។ មូលហេតុទាំងនោះហើយអាចធ្វើឲ្យមានការសង្កត់ទៅលើសរសៃឈាម និងសរសៃប្រសាទលើចង្កេះ ទើបបណ្ដាលឲ្យមានអាការៈឈឺ ឬចុករួយបែបនេះ។
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
រីឯវិធីព្យាបាលវិញ ប្រធានផ្នែកសម្ភព និងរោគស្ត្រីរូបនេះ បានឲ្យដឹងថា ត្រូវព្យាយាមធ្វើចលនាខ្លះៗដែលអាចជួយដល់ចង្កេះ ឬពត់ពែនខ្លួនដើម្បីឲ្យចង្កេះចាប់ផ្ដើមមានកម្ដៅ នៅពេលដែលយើងហាត់ប្រាណត្រឹមត្រូវ នោះចង្កេះក៏មិនឈឺខ្លាំងទៀតដែរ។ វិធីមួយទៀត គឺត្រូវរកអ្វីក្ដៅៗមកស្អំជុំវិញកន្លែងមានបញ្ហា នោះអាការៈក៏នឹងប្រសើរឡើងវិញដែរ ហើយចៀសវាងធ្វើអ្វីនាំឲ្យឈឺ ឧទាហរណ៍ ឱនចុះ និងលើកអ្វីធ្ងន់។
ក្នុងករណីមានការឈឺចាប់ខ្លាំង ហើយម៉ាក់ៗត្រូវបំបៅកូនដោយទឹកដោះទៀតនោះ ត្រូវប្រញាប់ទៅជួបអ្នកជំនាញ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងវិនិច្ឆ័យវេជ្ជបញ្ជាត្រឹមត្រូវ ហើយបើរកឃើញថា ឈឺព្រោះរលាកចង្កេះ វេជ្ជបណ្ឌិតណែនាំឲ្យប្រើថ្នាំ ឬមានវិធីអ្វើផ្សេងទៀតដើម្បីកាត់បន្ថយការឈឺចាប់ក្រៅពីការប្រើប្រាស់ថ្នាំ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕