ចៀសវាងកូនខ្វះអាហារូបត្ថម្ភ ម៉ាក់ៗគួរតែបំប៉នខ្លួនឯងឲ្យល្អសិន

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ​ មិនមែន​មាន​ក្រោយ​ពេល​កើត​នោះទេ តែ​មកពី​ម៉ាក់​ៗ​ខ្លួនឯងខ្វះ​ពេល​ពពោះតែម្ដង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​កុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។

ថ្លែង​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​កូន​​ខ្វះ​អាហារូបត្ថម្ភ គឺ​មកពី​ម្ដាយ​ខ្លួនឯង​ពេល​មាន​ផ្ទៃពោះ​មាន​បញ្ហា​ខ្វះអាហារូបត្ថម្ភ។ តែ​ក៏​មាន​ករណីខ្លះ​ម៉ាក់​ៗ​បាន​បំប៉ន​សុខភាព​ល្អ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ម្ដាយ​ កូន​កើតខ្វះ​អាហារូបត្ថម្ភ​ក៏​មាន​ដែរ ដោយសារ​កត្តា​ផ្សេងៗដូចជា ចាញ់​កូន​ខ្លាំង​មិន​អាច​ញ៉ាំ​អ្វី​បាន មិន​បាន​លេបថ្នាំ​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ និង​មាន​ជាច្រើន​ទៀត។

បញ្ហា​ខ្វះ​អាហារូបត្ថម្ភនេះ បើ​ម្ដាយ​ខ្វះ​នឹង​នាំ​ឲ្យ​កូន​ខ្វះ ហើយ​បើ​ម្ដាយ​ហ្នឹង​លើស កូន​ក៏​លើស​ដូច​គ្នា​ដែរ ដែល​នេះ​ហៅ​ថា​វដ្ដ”។ បន្ថែម​ពី​លើ​នោះ​លោក​វេជ្ជបណ្ឌិតក៏​លើក​ឡើង​ថា អំឡុង​ពពោះ តែ​កាលណា​ខ្វះ​មីក្រូ​សារធាតុ អាច​ធ្វើឲ្យ​ទារក​ជួប​បញ្ហា​ជាច្រើន ​ដូចជា​កើត​មក​មិន​គ្រប់​គីឡូ រាងកាយ​មិន​រឹងមាំ និង​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ។

អត្ថបទពាក់ព័ន្ធ៖ កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ

ខ្វះអាហារូបត្ថម្ភHello_គ្រូពេទ្យ
វេជ្ជបណ្ឌិត អៀប តិចឆេង ថ្លែង​លើ​វេទិកា

លោក​បាន​បន្ថែម​ទៀត​ថា ភាគច្រើន​មីក្រូ​សារធាតុ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ខ្វះ​ មាន​ដូចជា​អាស៊ីដ​ហ្វូលិក ជាតិ​អ៊ីយ៉ូដ ជាតិ​ដែក។ ដូចនេះស្រីៗ​​គួរតែ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ តាំង​ពី​មុន​មាន​ផ្ទៃ​ពោះ ហើយ​លេប​ថ្នាំ​ប្រភេទ​ពពួក​វីតាមីន​មួយ​ចំនួន។ មួយ​វិញ​ទៀត​ការ​ត្រៀម​ខ្លួន​ជា​ម៉ាក់​ៗ​គេ មិនមែន​ពេល​ដឹង​ខ្លួនថា​មាន​គភ៌ថ្មីថ្មោង​ឡើយ តែ​គួរតែ​មាន​ផែនការ​ យក​កូន​ទើប​ល្អ​ចំពោះ​អ្នក​ទាំងពីរ។

មុន​ពេល​មុន​ផ្ទៃ​ពោះ ស្ត្រី​គួរតែ​ទទួល​ទាន​អាហារ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​កូន​កើត​មក​ប្រកបដោយ​សុខភាព​ល្អ ហើយ​ម៉ាក់​ៗ​ក៏​មាន​ភាព​ស្រស់​ថ្លា។ ដូចនេះ ពេល​មាន​ផែនការ​ត្រឹមត្រូវ ម៉ាក់​ៗ​គួរតែ​ទៅ​ជួប​ពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​ណែនាំ​ពី​ប្រភេទ​អាហារ និង​ពពួក​ថ្នាំ​ដែល​ល្អ​ដល់​ការ​មាន​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 11, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 12, 2019

អ្នកអាចចូលចិត្ត