ពពោះត្រូវប្រយ័ត្នរឿងទាំងនេះ អាចរបើកសុក ធ្វើឲ្យកូនខ្វះសារធាតុចិញ្ចឹម ស្លាប់ក្នុងពោះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ពេល​ពពោះ​ស្រីៗ​មួយ​ចំនួន​បែរ​ជួប​ករណី​របើក​សុក​កូន​មុន​សម្រាល (ការ​របើក​ផ្នែក​ណា​មួយ​របស់​សុក​ចេញ​ពី​ស្បូន) បណ្តាល​ឲ្យ​មាន​កំណក​ដុំ​ឈាម​នៅ​ចន្លោះ​សុក​កូន និង​ស្បូន។ បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ការ​របើក​សុក​កូន ធ្វើ​ឲ្យ​សារធាតុ​ចិញ្ចឹម និង​អុកស៊ីសែន​មិន​អាច​ផ្តល់​ទៅ​កូន​បាន អាច​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ។

១- រោគ​សញ្ញា​របើក​សុក​កូន​មុន​សម្រាល

– ឈឺ​ពោះ​ភ្លាមៗ និង​ខ្លាំង​ខុស​ធម្មតា ប៉ះ​មិន​បាន
– មាន​ធ្លាក់​ឈាម​ខ្មៅ​តិចតួច​តាម​ទ្វារមាស
– ស្លេកស្លាំង ឡេះ​ឡះ ឈាន​ដល់​បាត់បង់​ស្មារតី ដោយ​ខ្វះ​គ្រាប់​ឈាម។

២- មូល​ហេតុ​នៃ​ការ​របើក​សុក​កូន​មុន​សម្រាល

ការ​របើក​សុក​កូន​មុន​សម្រាល មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​របើក​សុក​កូន ស្រីៗ​ពពោះ​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​បញ្ហា​ទាំង​នោះ។

– បុក​ប៉ះ​ទង្គិច​លើ​ពោះ
– ឡើង​សម្ពាធ​ឈាម​ខ្លាំង
– មាន​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង
– មាន​ជំងឺ​ទឹក​​នោម​​ផ្អែម
– មាន​បញ្ហា​កំណក​ឈាម
– មាន​ទឹក​ភ្លោះ​ច្រើន
– មាន​កូន​នៅ​អាយុ​ច្រើន​ពេក
– មាន​កូន​ភ្លោះ
– ចោះ​ទឹក​ភ្លោះ។

អត្ថបទពាក់ព័ន្ធ៖ 

៣- បញ្ហា​ប្រឈម​នៃ​ការ​របើក​សុក​កូន​មុន​សម្រាល

ស្រីៗ​ដែល​ជួប​ករណី​របើក​សុក​កូន​មុន​សម្រាល​មាន​បញ្ហា​ប្រឈម​ទាំង​ម្តាយ​ទាំង​កូន តម្រូវ​ឲ្យ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ដល់​ជីវិត។

ផលប៉ះពាល់ចំពោះ​ម្តាយ
– បាត់​បង់​ឈាម​ច្រើន
– មាន​បញ្ហា​កំណក​ឈាម
– ប្រឈម​នឹង​ការ​វះ​កាត់​បន្ទាន់។

ផល​ប៉ះពាល់​ចំពោះ​កូន
– ធ្វើ​​ឲ្យ​ខ្វះ​អុកស៊ីសែន​កូន​ក្នុង​ផ្ទៃ
– ធ្វើ​ឲ្យ​កូន​ខ្សោយ ខ្វះ​សារធាតុ​ចិញ្ចឹម
– កូន​អាច​ស្លាប់​ក្នុង​ពោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 12, 2019

អ្នកអាចចូលចិត្ត