បើម៉ាក់ៗពពោះជិតគ្រប់ខែកើតស្អូច កូនកើតមកក៏អាច…

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្នុង​ករណី​ទារក​កើត​មក​ភ្លាម​មាន​​កើត​ជំងឺ​ស្អូចដែរ នោះ​មកពី​ម៉ាក់​ៗ​ពេល​ពពោះ​ជិត​គ្រប់​ខែ​កើត​ជំងឺ​នេះ​ដែរ។ តែករណី​កូន​ង៉ែត​កើត​ស្អូច​នេះ ជា​ករណី​កម្រ​ណាស់ ព្រោះ​ភាគច្រើន​កើតពេលគភ៌​នៅ​តូច ហើយ​​អាច​បណ្ដាលឲ្យ​រលូតទៀតផង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា

វេជ្ជបណ្ឌិត​ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បន្ត​ទៀត​ថា ករណី​កូន​កើត​មក​មាន​ជំងឺ​ស្អូច អាច​ទាំង​ខ្វាក់​ភ្នែក ភ្នែក​ឡើង​ស ស្បែក​របក​ខ្លាំង ក្ដៅ​ខ្លួន​ខ្លាំង បេះដូង​ចំហ ដែល​សភាព​បែប​នេះ​មិន​ល្អ​ចំពោះ​កូន​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ម៉ាក់​ៗ​ធ្លាប់​កើត​កាលពី​មុន​មាន​ផ្ទៃ​ពោះ អាច​បង្កើត​ជា​អង់ទីករ​ការពារ​ទារក​បាន។ ទោះ​ជា​បែប​នេះ​ក្ដី​លោក​វេជ្ជបណ្ឌិត​បាន​លើក​ទឹកចិត្ត​ឲ្យ​ម៉ាក់​ៗ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច​នេះ​ឲ្យ​បាន​មុន​ពេល​មាន​ផ្ទៃពោះ ទើប​អាច​ការពារ​ខ្លួន​ និង​កូនឲ្យ​សុវត្ថិភាពបាន។

អត្ថបទពាក់ព័ន្ធ៖ នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ

សម្រាលកូន

កូន​ទើប​សម្រាលហើយមាន​ជំងឺ​ស្អូច ​ត្រូវ​ទទួល​ការ​ថែទាំ​ឲ្យ​បាន​ដិតដល់ និង​ត្រូវ​ពិភាក្សា​គ្រប់​បញ្ហា​ជាមួយ​គ្រូពេទ្យ​ជំនាញ ថា​តើ​គួរ​ព្យាបាល​ដោយ​បែប​ណា មិនមែន​ជ្រើសរើស​វិធី​បែប​បុរាណ​ដែល​គ្រោះថ្នាក់​ចំពោះ​ទារក​ឡើយ។

ក្រៅពី​ចាក់​វ៉ាក់សាំង​ជំងឺ​ស្អូច​មុន​ពេល​មាន​ផ្ទៃពោះ ដើម្បី​បញ្ចៀសកូន​មាន​បញ្ហា លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត ទុក​ការ​ពារ​ខ្លួន ព្រោះ​ថា​ការ​មាន​ជំងឺ​អំឡុង​ពេល​នេះ​មិន​ល្អ​ចំពោះ​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​ឡើយ។ មួយ​វិញ​ទៀត​លោកក៏​បាន​ណែនាំ​ម៉ាក់​ៗ​ទាំងអស់​ថា ប្រសិនបើ​មាន​បញ្ហា​សុខភាព​ណា​មួយ មិន​គួរ​លេប​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ ព្រោះ​ការ​ប្រើប្រាស់​ថ្នាំ​ខ្លះ​អាច​ធ្វើឲ្យ​គភ៌​មាន​បញ្ហា។

អត្ថបទពាក់ព័ន្ធ៖ ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 9, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 9, 2019

អ្នកអាចចូលចិត្ត