កុំ​សាក​ឲ្យ​សោះ! ស្រីៗ​សម្រាល​កូន​រួច ស្អំថ្ម ទឹកកក ទឹកក្តៅ​លើ​ពោះ អាច​គ្រោះថ្នាក់​ដល់​ស្លាប់

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ចាស់ៗ​ពី​ដើម​តែង​តែ​ឲ្យ​ស្រីៗ​សម្រាល​កូន​រួច​ថ្មី ស្អំថ្ម-ក្អម​ដុត​ដាក់​អំបិល ឬទឹកកក ខ្នើយ​ទឹក​ក្តៅ​លើ​ពោះ។ ទម្លាប់​នេះ​តែង​តែ​ធ្វើ​តៗ​គ្នា ព្រោះ​តែ​មាន​ជំនឿ​ថា វា​ជួយ​បំបាត់​ការ​ឈឺចាប់ ធ្វើ​ឲ្យឆ្អិន​សរសៃ ​ក្បាល​ពោះ​ឆាប់​រាប​ស្មើ​ដូច​ដើម។

ជំនឿ និង​ការ​អនុវត្ត​បែប​នេះ​ត្រូវ​បាន​គ្រូពេទ្យ​ផ្នែក​សម្ភព​អះអាង​ថា គ្រោះថ្នាក់​បំផុត មិន​ត្រូវ​បន្ត​ធ្វើ​ឡើយ ព្រោះ​វា​មិន​ត្រឹមត្រូវ​តាម​ក្បូន​វេជ្ជសាស្ត្រ​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា-ចិន សែនសុខ ពន្យល់​ថា ក្រោយ​សម្រាល​រួច ស្បូន​ស្រីៗ​យើង​ត្រូវ​ការ​កន្ត្រាក់​ដើម្បី​ត្រលប់ មក​សភាព​ដើម​វិញ តែ​បើ​យើងយក​ថ្ម ទឹកកក ទឹក​ក្តៅ មក​ស្អំ​លើ​ពោះ ធ្វើ​ឲ្យ​រំខាន​ដល់​ការ​កន្ត្រាក់​នៃ​ស្បូន នាំ​ឲ្យ​ដក់​ឈាមក្នុងស្បូន ឈាន​ទៅ​មាន​បញ្ហា​ឆ្លង​មេរោគ​ពី​ខាងក្រោម​ទ្វារមាស​ទៅ​​ក្នុង​ស្រទាប់​ស្បូន ដែល​យូរៗ​ទៅ​នឹង​វិវត្ត​​ជា​រលាក​ស្រទាប់​ស្បូន ឬ​រលាក​ស្រោម​ពោះ​ក៏​មាន។

ម្យ៉ាង​វិញ​ទៀត ក្រោយ​សម្រាល​អាអូន បើ​ស្បូន​ម៉ាក់​មិន​កន្ត្រាក់ល្អ​នោះទេ អាច​នឹង​ដក់​ឈាម ឬ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ដែល​បញ្ហា​នេះ​គ្រោះថ្នាក់​ខ្លាំង​បំផុត​ចំពោះ​សុខភាព​ម៉ាក់ៗ អាច​ឈាន​ដល់​ស្លាប់​ក៏​មាន បើ​សិន​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា អំឡុង​ពេល​មាន​ផ្ទៃពោះ​សរសៃ​ឈាម​ចិញ្ចឹម​ស្បូន និង​ស្បូន​ត្រូវ​រីកធំ ចំណែក​ក្រោយ​សម្រាល​រួច​សរសៃឈាម​ចិញ្ចឹម​ស្បូន-ស្បូន​​នឹង​​ត្រូវ​រួម​ខ្ជិប​​បន្តិច​ម្តងៗ រហូត​ដូច​ដើម​វិញ ដែលជាទូទៅ​ត្រូវការ​ពេល​​ប្រមាណ​ ​៣-៤ អាទិត្យ។

ក្នុង​ករណី​ស្រីៗ​សម្រាល​អាអូន​ហើយ​នៅ​មាន​ក្បាល​ពោះ​នោះ អាចប្រើហ្គេនរឹតក្បាលពោះ ឬ​ហាត់​ប្រាណ។ ការ​ធ្វើ​បែប​នេះ​ក្រោយ​សម្រាល​អូនៗ​បាន ១ខែកន្លះ ឬ​បន្ទាប់​ពី​ពេល​យើង​ចាប់​មាន​រដូវ​ធម្មតា​វិញ ល្អ​ទាំង​សុខភាព រាង​ក៏​ស្អាត​ដូច​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 20, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 17, 2019

អ្នកអាចចូលចិត្ត