ការសិក្សា៖ គ្រាន់​​តែ​​ញ៉ាំ​​សាច់​ជ្រូក​​១​បន្ទះ​​​​១​ថ្ងៃ ក៏​អាច​ជួប​ហានិភ័យ​មហារីក​ពោះ​វៀនដែរ​

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ការ​បរិភោគ​សាច់​​​ជ្រូក សាច់​ក្រហម​ ឬ​សាច់​ច្នៃ អាច​ប្រឈម​នឹង​ហានិភ័យ​​មហារីក​ពោះ​វៀន​ នេះ​បើ​តាម​​ការ​សិក្សា​​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ Oxford ប្រទេស​អង់គ្លេស​។

ប្រភព​សារព័ត៌មាន​ CNN បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ហូប​សាច់ជ្រូក សាច់​ក្រហម​​ ឬ​សាច់ជ្រូក​​ច្នៃ​ប្រមាណ​ ៧៦​ក្រាម​​​ ឬ​ស្មើ​នឹង​​សាច់​បឺហ្គឺ​​ពាក់​កណ្តាល​ ក្នុង​មួយ​ថ្ងៃ​ គឺ​មាន​ហានិភ័យ​កើត​​មហារីក​​ពោះ​វៀន​២០​ភាគរយ។ បន្ថែម​ពី​នោះ​ សម្រាប់​អ្នក​ហូប​សាច់ជ្រូក​​ប្រមាណ​ ២១​ក្រាម​ ឬ​ស្មើ​នឹង​១​បន្ទះ​ ក្នុង​មួយ​ថ្ងៃ​ក៏​ជួប​ហានិភ័យ​​ក្នុង​កម្រិត​មួយ​ផង​ដែរ​។

ការ​សិក្សា​​ក៏​បាន​បង្ហាញ​ដែរ​​ថា​ សាច់ជ្រូក​ច្នៃ​ដូច​ជា សាច់​ក្រក​ ឬ​សាច់​ជ្រូក អាច​បង្ក​ហានិភ័យ​​ខ្ពស់​ជាង​​សាច់​ក្រហម​​ទៅ​ទៀត ដោយ​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ ២០​ភាគរយ​ ក្នុង​ការ​បរិភោគ​ប្រមាណ​ ២៥​ក្រាម​ ដែល​ស្មើ​នឹង​​ការ​បរិភោគ​សាច់​ក្រហម​ប្រមាណ​៥០​ក្រាម​ នឹង​ជួប​ហានិភ័យ​មហារីក​ពោះ​វៀន​​១៩ភាគរយ។

លោក​​Tim Key សាស្រ្តាចារ្យ​​​ដែល​ដឹក​នាំ​ការ​​​​សិក្សា​ខាង​លើ​នេះ​បាន​និយាយ​បញ្ជាក់​ថា៖ “សាច់​ជ្រូក​ច្នៃ​ទោះ​បី​ក្នុង​បរិមាណ​​មួយ​តិច​តួច ប៉ុន្តែ​វា​បង្ក​ហានិភ័យ​​​​ស្មើ​នឹង​ចំនួន​​​​​បរិមាណ​សាច់​ក្រហម​ដ៏​ច្រើន​”។

នៅ​ចក្រភព​អង់គ្លេស មហារីក​ពោះ​វៀន​គឺ​ជា​ជំងឺ​ក្នុង​លំដាប់​ទី​បី​​ដែល​កើត​លើ​ប្រជាពលរដ្ឋ​ប្រទេស​នេះ​។ នេះ​បើ​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​​ជំងឺ​មហារីក​របស់​ចក្រភព​អង់គ្លេស​។

ដោយ​ឡែក​អង្គការ​សុខភាព​ពិភព​លោក​​​កាល​ពី​ឆ្នាំ​២០១៥ ក៏​បាន​បង្ហាញ​​ដែរ​ថា ប្រភេទ​សាច់ជ្រូក​ច្នៃ​​គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​សាច់​ដែល​បង្ក​ហានិភ័យ​មហារីក​​​​ដល់​មនុស្ស​។

តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ខាង​លើ​នេះ​ លោក​ស្រី​វេជ្ជបណ្ឌិត​ Julie Sharp ដែល​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​​ជំងឺ​មហារីក​នៃ​ចក្រភព​អង់គ្លេស​ បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ព្យាយាម​​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សាច់​ជ្រូក ដោយ​ជំនួស​វិញ​នូវ​សាច់​​មាន់ ឬ​សាច់​ត្រី​ជា​ដើម​៕ ​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 14, 2020 | កែសម្រួលចុងក្រោយ ខែ​មករា 14, 2020

អ្នកអាចចូលចិត្ត