
អ្នកវិទ្យាសាស្ត្រអាមេរិក និងចិន បានកំណត់កត្ដា ៧យ៉ាង ដែលអាចបង្កឲ្យកើតជំងឺសរសៃឈាមបេះដូង នៅពេលអនាគត។ ដឹងរឿងនេះ យើងកាន់តែងាយស្រួលបង្ការជំងឺបេះដូងហើយ តែក៏ទាមទារឲ្យយើងគ្រប់គ្រងខ្លួនឯងឲ្យបានល្អដែរ។ តើកត្ដា ៧យ៉ាងនោះ មានអ្វីខ្លះ?
ការសិក្សារួមគ្នា របស់អ្នកស្រាវជ្រាវ នៅមន្ទីរពេទ្យ Kailuan របស់ចិន សាកលវិទ្យាល័យ Pennsylvania និងសាកលវិទ្យាល័យ Harvard របស់អាមេរិក បានកំណត់កត្ដា ៧យ៉ាង អាចព្យាករពីហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ កត្ដា ៧យ៉ាងនោះ រួមមាន៖ ៤យ៉ាង ជាកត្ដាយើងអាចគ្រប់គ្រងបាន មាន អត់ជក់បារី រក្សាទម្ងន់ឲ្យល្អ ញ៉ាំអាហារមានសុខភាពល្អ ហាត់ប្រាណ និង ៣យ៉ាងជាកត្ដាជីវមាត្រ មាន សម្ពាធឈាម កូលេស្ទើរ៉ូល និងជាតិស្ករក្នុងឈាម។
អ្នកស្រាវជ្រាវ បញ្ជាក់ថា អ្នកមានពិន្ទុល្អ លើកត្ដាទាំង ៧នេះ មានឱកាសទាប នៃការកើតមានជំងឺសរសៃឈាមបេះដូង។ ការសិក្សានេះ ធ្វើឡើងដោយលើមនុស្សពេញវ័យ ៧៤.៧០១នាក់ បង្កើតប្រព័ន្ធពិន្ទុ៖ ០ សម្រាប់ពិន្ទុខ្សោយ ១ សម្រាប់ពិន្ទុមធ្យម និង ២សម្រាប់ពិន្ទុល្អ។ អ្នកស្រាវជ្រាវ រកឃើញថា លក្ខណៈនៃការរស់នៅផ្សេងៗពីគ្នា ពាក់ព័ន្ធជាមួយហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូង នាពេលអនាគត។
យោងតាមការសិក្សា ១៩% នៃអ្នកចូលរួម មានពិន្ទុល្អ មានឱកាស ៧៩% មិនវិវត្តទៅកើតជំងឺបេះដូងនោះទេ បើប្រៀបជាមួយអ្នកមានពិន្ទុខ្សោយ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺសរសៃឈាមបេះដូងសម្លាប់ពលរដ្ឋខ្មែរច្រើនជាងមហារីកទៀត តើមកពីអ្វី?
- អាចកើតម្ដង៣! ទឹកនោមផ្អែមផង លើសឈាមផង ជំងឺសរសៃឈាមបេះដូងនៅជិតបង្កើយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យថ្ងៃទី ខែមិថុនា 3, 2019 | កែសម្រួលចុងក្រោយ ខែកញ្ញា 23, 2019