អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ក្រៅពី​វិស័យ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា ដែល​កំពុង​ស្ទុះឡើង​យ៉ាងខ្លាំង វិស័យ​វិទ្យាសាស្ត្រ​របស់​វៀតណាម ក៏រីកចម្រើន​មិន​ស្ទើរដែរ។ ដើមខែ​នេះ អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ ដែល​អាច​ជួយ​ក្នុង​វិស័យ​សុខាភិបាល និង​កសិកម្ម​បាន​ទៀត។

អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Nguyen Tat Thanh របស់​វៀតណាម និង​សាកលវិទ្យាល័យ Hiroshima របស់​ជប៉ុន បាន​សហការ​គ្នា ចេញផ្សាយ​លទ្ធផល​ការសិក្សា​មួយ ដែល​បាន​រកឃើញ​សមាសធាតុ​ជីវៈសកម្ម ចំនួន ៤​ប្រភេទ នៅ​ក្នុង​សំបកស្រូវ។ សមាសធាតុ​ទាំង​នោះ មាន​ដូចជា Mamilactone A (MA), Mamilactone B (MB), Mamilactone C (MC) និង 7-ketostigmasterol (7KS)។

សមាសធាតុ​ជីវៈ​សកម្ម MA និង MB មានសមត្ថភាព ​ជួយ​រារាំង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ និង​ជំងឺ​ឡើងជាតិ​អាស៊ីដអុយរិក​ក្នុងឈាម (ប្រគ្រីវ)។ ចំណែក​សមាធាតុ ME និង 7KS ក៏មាន​សមត្ថភាព​​ផងដែរ តែ​មិនខ្លាំង​ដូចជា MA និង MB នោះទេ។

លោក Tran Dang Xuan ប្រធាន​មន្ទីរពិសោធន៍​ជីវៈគីមី និង​រូបសាស្ត្រ​វិទ្យា​រុក្ខជាតិ នៃ​សាកលវិទ្យាល័យ Hiroshima និង​ជា​សមាជិក​ម្នាក់ នៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ បញ្ជាក់​ថា សមាសធាតុ​ជីវៈសកម្ម​ទាំង៤ នៅ​ក្នុង​សំបក​ស្រូវ ត្រូវយក​ចេញ​ពី​តាមរយៈ​​វិធី Column Chromatography ហើយ​បន្ទាប់​មក ទម្រង់​របស់​សមាសធាតុ ត្រូវ​កំណត់​ដោយ​ប្រើ​បច្ចេកទេស Spectral Techniques។

ងាក​ទៅ​វិស័យ​កសិកម្ម អ្នកវិទ្យាសាស្ត្រ គ្រោង​ប្រើ​សមាសធាតុ​ជីវៈសកម្ម​ទាំង៤ ជា​ថ្នាំ​សម្លាប់​ស្មៅ ក្រោយ​ពួកគេ​បាន​សាកល្បង​ប្រើ​សមាសធាតុ​ជីវៈ​សកម្ម​ទាំង ៤ រារាំង​ស្មៅ Cockspur និង​រុក្ខជាតិ Goldenrod ដែល​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ និង​បរិស្ថាន។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 12, 2019

អ្នកអាចចូលចិត្ត