ដុំសាច់​ជិត ៣​គីឡូ ​វះកាត់​ច្រើន​ដង ទម្រាំ​យក​ចេញ​ពី​ទ្រូង​បុរស​ម្នាក់បាន

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

បុរស​ប៉ារ៉ាហ្គាយ​ម្នាក់ កើត​ជំងឺ​សេណេទិក ដោយ​ដុះ​ដុំសាច់ (បួរដំរី) លើ​ដើមទ្រូង ទម្ងន់​ជិត ៣​គីឡូក្រាម និង​ធ្លាប់​ទទួល​ការវះកាត់​ច្រើន​ដង ដោយ​ពេទ្យ​ក្នុង​ស្រុក តែ​មិនទទួល​ជោគជ័យ​នោះទេ។ តែ​នៅ​ដើម​ខែ​មិថុនា ដុំសាច់​នេះ ត្រូវ​ពេទ្យ​អាមេរិក វះយក​ចេញ​ដោយ​ជោគជ័យ។

បុរស​ប៉ារ៉ាហ្គាយ​នេះ ឈ្មោះ Enrique Galvan អាយុ ២៧​ឆ្នាំ កើត​ជំងឺ​សេណេទិក Neurofibromatosis ដោយ​ដុះ​ដុំសាច់​យ៉ាងធំ នៅ​លើ​ទ្រូង។ លោក​ធ្លាប់​ទទួល​ការវះកាត់​មិនតិច​ជាង ៥​ដង​ទេ ប៉ុន្ដែ​មិនទទួល​បាន​ជោគជ័យ ដោយសារ​ពេទ្យ​ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ ខ្វះ​ឧបករណ៍​បច្ចេកទេស​ទំនើប និង​ខ្លាច​ហូរឈាម​ច្រើន បណ្ដាល​ឲ្យ​ស្លាប់។

ជា​សំណាង​ល្អ នៅ​ឆ្នាំ​២០១៨ លោក​បាន​ជួប​វេជ្ជបណ្ឌិត​ម្នាក់ មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Irvine នៃ​សាកលវិទ្យាល័យ California របស់​អាមេរិក ដែល​បាន​ទៅ​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ។ ក្រោយ​សិក្សា​លើ​អ្នក​ជំងឺ ពេទ្យ​អាមេរិក ព្រម​ទទួល​យក​អ្នកជំងឺ​ទៅ​វះកាត់​នៅ​អាមេរិក ដោយ​មិនយក​លុយ​ទេ។

ដុំសាច់

នៅ​ថ្ងៃ​ទី២ ខែមិថុនា ២០១៩ ក្រុម​វេជ្ជបណ្ឌិត​អាមេរិក បាន​វះកាត់​យក​ដុំសាច់ ចេញ​ពី​ខ្លួន​អ្នកជំងឺ​ប៉ារ៉ាហ្គាយ ជោគជ័យ ដោយ​ចំណាយ​ពេល ៨​ម៉ោង។ ក្រោយ​វះកាត់ អ្នក​ជំងឺ​បាន​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ រយៈពេល ១​ថ្ងៃ កន្លះ និង​បាន​ចាកចេញ​ពី​ពេទ្យ ក្នុង​រយៈពេល ១​សប្ដាហ៍​ក្រោយ​មក។

ទោះយ៉ាងណា ពេទ្យ​អាមេរិក បញ្ជាក់​ថា ដុំសាច់​ខ្លះ អាច​នឹង​ដុះឡើង​មក​វិញ តែមិន​ធំដូច​មុន​ទេ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 12, 2019

អ្នកអាចចូលចិត្ត