ក្មេងៗ​ញ៉ាំ​​ផ្លែគូលែន ​៣១​នាក់​ស្លាប់ និង​រាប់សិប​នាក់​ទៀត ដេក​ពេទ្យ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

គូលែន ជាប្រភេទ​ផ្លែឈើ​ម្យ៉ាង​ងាយរកបាន​នៅ​តាម​ទីផ្សារ តែ​នៅ​ខ្មែរ​យើង ផ្លែឈើ​ប្រភេទ​នេះ ច្រើនតែ​នាំចូល​មកពី​ប្រទេស​ជិតខាង។ ផ្លែគូលែន មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្អ​សម្រាប់​សុខភាព តែ​នៅ​ឥណ្ឌា ជាតិ​ពុល​ក្នុង​ផ្លែ​នេះ ឆក់យក​ជីវិត​ក្មេង ៣១​នាក់។

អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា បញ្ជាក់​ថា ក្មេង ៣១​នាក់ នៅ​ភាគខាងជើង​ប្រទេស បាន​ស្លាប់​ក្នុង​រយៈពេល ១០​ថ្ងៃ​ចុងក្រោយ​នេះ ដោយសារ​ជំងឺ​ខួរក្បាល ដែល​បណ្ដាល​មកពី​ជាតិ​ពុល រកឃើញ​ក្នុង​ផ្លែគូលែន។ ក្មេងទាំង​អស់ មាន​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ (Acute Encephalitis Syndrome) ហើយ​ភាគច្រើន បាត់បង់​គ្លុយកូស​ភ្លាមៗ នៅ​ក្នុង​ឈាម​របស់​ពួកគេ។ ក្រៅពីនេះ យ៉ាងតិច​ក្មេង ៤០​នាក់​ទៀត ក៏មាន​រោគសញ្ញា​ស្រដៀង​នេះ​ដែរ និង​កំពុង​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់។

ការ​ផ្ទុះ​ជំងឺ​នេះ កើតឡើង​នៅ​រដូវក្តៅ រាល់​ឆ្នាំ ស្របពេល​គ្នា​ជាមួយ​រដូវ​ប្រមូល​ផល​ផ្លែ​គូលែន។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ជំងឺ​នេះ ហៅថា Chamki Bukhar បាន​ឆក់យក​ជីវិត​មនុស្ស ១៥០​នាក់ កាលពី​ឆ្នាំ​២០១៤។

នៅ​ឆ្នាំ​២០១៥ អ្នកស្រាវជ្រាវ​អាមេរិក បញ្ជាក់​ថា ជំងឺ​ខួរក្បាល អាច​ពាក់ព័ន្ធ​នឹង​ជាតិពុល នៅ​ក្នុង​ផ្លែឈើ​ដែល​នាំពី​ក្រៅ មកដាំ​នៅ​ក្នុង​ប្រទេស។ ពាក់ព័ន្ធ​នឹង​ជំងឺ​ខួរក្បាល​នេះ ក៏មាន​ការ​ត្រួតពិនិត្យ​លើ​ផ្លែគូលែន​របស់​ប្រទេស​វៀតណាម និង​បង់ក្លាដេស​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 13, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 13, 2019

អ្នកអាចចូលចិត្ត