តារា​ស្រី​ថៃ ស្លាប់​ដោយ​ជំងឺ​កម្រ ក្អួតធ្លាក់​ឈាម

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

តារា​ចម្រៀង​ថៃ នាង Butsaran Thongchiew បាន​ស្លាប់​នៅ​ព្រឹកព្រលឹម​ ម៉ោង​ជាង ២រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៤ ខែ​មិថុនា ២០១៩ ក្រោយ​​កើត​ជំងឺ​កម្រ រយៈពេល ៣​ថ្ងៃ​។ ក្រុម​ពេទ្យ​ជំនាញ​ផ្នែក​បេះដូង​របស់​ថៃ ថា ពួកគេ​ពុំធ្លាប់​ជួប​រោគសញ្ញា​បែប​នេះ​ទេ។

តារា​ស្រី វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​ហូរ​ឈាម​តាម​មាត់ និង​ច្រមុះ នៅ​ផ្ទះ​របស់​នាង ក្នុង​ខេត្ត Samut Sakhon នៅ​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​នេះ។ ភ្លាមៗ​នោះ នាង​លែង​ដឹង​ខ្លួន ហើយ​បេះដូង​ឈប់​ដំណើរការ មុន​ត្រូវ​គេជួយ​ឲ្យ​ដឹង​ខ្លួន​វិញ និង​ប្រញាប់​បញ្ចូន​ទៅ​មន្ទីរពេទ្យ​ខេត្ត Samut Skhon។

ដោយសារ​នាង​ក្អួតធ្លាក់​ឈាម​ច្រើន​ពេក ពេទ្យ​ក៏បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ Siraraj ក្នុង​ក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​ពុធ។ ការហូរឈាម​ច្រើន​ពេក បាន​ស្ទះ​ដល់​ផ្លូវ​ដង្ហើម ហើយ​បាន​ធ្វើ​ឲ្យ​​បេះដូង​របស់​នាង លែង​ដំណើរការ​ម្ដង​ទៀត។ នេះបើតាម​លោក​វេជ្ជបណ្ឌិត Prasit Wattanapa ប្រធាន​ផ្នែក​ឱសថសាស្ត្រ នៃ​មន្ទីរពេទ្យ Siriraj។

ពេល​មក​ដល់​មន្ទីរពេទ្យ Siraraj នាង​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់ ហើយ​ពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យ​លើ​ស្ថានភាព​ជំងឺ និង​ប្រើ​ថ្នាំ ដើម្បី​រក្សា​តុល្យភាព​កម្រិត​អាស៊ីដ និង​អាល់កាឡាំង ក្នុង​ឈាម។ ចូលដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នាង​មាន​ជីពចរ​ធម្មតា និង​លែង​ហូរ​ឈាម។ បន្ទាប់​មក នាង​ត្រូវ​បញ្ជូន​ទៅ​ស្កេន CT ដើម្បី​ស្វែងរក​មូលហេតុ​បណ្ដាល​ឲ្យ​ហូរឈាម នៅ​ក្នុង​សួត។ លទ្ធផល​ស្កែន រកឃើញ​ថា គ្មាន​ឈាម​កកក ក្នុង​សួតទាំង​ពីរ​នោះ​ទេ ប៉ុន្ដែ​នាង​ហឺម​ខួរក្បាល។

តែ​នៅ​ម៉ោង ២​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​សុក្រ​នេះ ឪពុក​របស់​នាង បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ថា តារា​ចម្រៀង វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​ស្លាប់​ហើយ។ ឪពុក​របស់​នាង បញ្ជាក់​ថា នាង​គ្មាន​ជំងឺ​រ៉ារ៉ៃ​នោះទេ ហើយ​មុន​នាង​ហូរឈាម​ដល់​ស្លាប់ នាង​មាន​សុខភាព​ល្អ។

តារាថៃ

ចំណែក​លោក​វេជ្ជបណ្ឌិត Pranya Sakiyalak អ្នក​ជំនាញ​ផ្នែក​បេះដូង និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​វេជ្ជបណ្ឌិត​ព្យាបាល​តារា​ចម្រៀង​ថៃ​រូប​នេះ បញ្ជាក់​ថា លោក​មិនដែល​ជួប​រោគសញ្ញា​ដូច្នេះ​ទេ។ ខាង​មន្ទីរពេទ្យ Siriraj នឹង​ធ្វើ​សន្និសីទ​កាសែត ដើម្បី​បញ្ជាក់​ជំងឺ​របស់​តារា​ស្រី​ថ្ងៃ​នេះ នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា ២០១៩នេះ។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 14, 2019

អ្នកអាចចូលចិត្ត