ស្រោមឡើងថ្លៃខ្លាំងពេក អាចរុញឲ្យអាហ្សង់ទីន មានបញ្ហារឿងរួមភេទគ្មានសុវត្ថិភាព

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

អាហ្សង់ទីន ដែល​ត្រូវគេស្គាល់ថា ជា​រដ្ឋធានី​រ៉ូមែនទិក នៃ​តំបន់​អាមេរិកខាងត្បូង កំពុង​ប្រឈម​នឹង​វិបត្តិ​ការរួមភេទ​ដោយ​គ្មាន​សុវត្ថិភាព ដោយសារ​តែ​តម្លៃ​ស្រោមអនាម័យ ឡើងថ្លៃ​យ៉ាងខ្លាំង។ អ្នកជំនាញ ព្រមានថា គូស្នេហ៍​ប្រឈម​ឆ្លង​ជំងឺ​កាមរោគ។

ការឡើងថ្លៃ​ស្រោមអនាម័យ​នេះ ដោយសារ​សេដ្ឋកិច្ច​អាហ្សង់ទីន រំពឹង​ថា នឹង​ធ្លាក់ចុះ ២,៦% នៅ​ឆ្នាំ២០១៩នេះ ហើយ​អតិផរណា​ប្រចាំ​ឆ្នាំ កើនឡើង​លើស ៥០%។ តម្លៃ​រូបិយវត្ថុ ប៉េសូ (Peso) របស់​អាហ្សង់ទីន បាន​ធ្លាក់ចុះ ប្រមាណ​ជិត ៧០% ធៀប​នឹង​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក ចាប់តាំង​ពី ២០១៨​មក ហើយ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការ​នាំចូល និង​ការប្រើប្រាស់។

រីឯ​ស្រោមអនាម័យ​ភាគច្រើន ត្រូវបាន​នាំចូល ដូច្នេះ​ការធ្លាក់ចុះ​តម្លៃ​រូបិយវត្ថុ Peso បាន​បណ្ដាល​ឲ្យ​​តម្លៃស្រោមអនាម័យ ​កើនឡើង ៣៦% ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៩។ ក្រៅ​ពី​ស្រោមអនាម័យ ការ​លក់​ថ្នាំពន្យារ​កំណើត ក៏បាន​ធ្លាក់ចុះ ៦% ផងដែរ។ សមាគម​ឱសថ​អាហ្សង់ទីន បញ្ជាក់​ថា ស្ត្រី​ប្រមាណ ១៤៤.០០០​នាក់ បាន​សម្រេច​ឈប់​លេបថ្នាំ​ពន្យារកំណើត។

ចំណែក លោក Mar Lucas នាយក​អង្គការ​ប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍ នៅ​អាហ្សង់ទីន បញ្ជាក់​ថា “យើង​ដឹង​ថា ប្រជាជន​កម្រ​ប្រើ [ស្រោមអនាម័យ] ប្រើមិន​បាន​ត្រឹមត្រូវ និង​ប្រើ​មិន​ជាប់លាប់។ ដូច្នេះ យើង​នឹង​មាន​ការ​ឆ្លង​ជំងឺ​កាមរោគ​ជាច្រើន“។

ឱសថការី​នៅ​រដ្ឋធានី Buenos Aires បញ្ជាក់​ថា អតិផរណា បណ្ដាល​ឲ្យ​ការ​លក់​ស្រោមអនាម័យ ធ្លាក់ចុះ ២០% និង​ការ​លក់​ថ្នាំ​ពន្យារ​កំណើត ២៥% ក្នុង​រយៈពេល ២​ខែ​ចុងក្រោយ។ លោកថា “មនុស្ស​ចូលមក សួរតម្លៃ ហើយ​ក៏ចេញ​ទៅ​វិញ“។

គួរបញ្ជាក់​ថា ដោយសារ​អស្ថិរភាព​សេដ្ឋកិច្ច នៅ​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​អាហ្សង់ទីន បាន​ចែក​ស្រោម​អនាម័យ នៅ​ ៣.៣២៨ទីតាំង ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​កាមរោគ ពពោះ​ដោយ​អត់គ្រោង​ទុក និង​ការ​រាលដាល​ជំងឺ​អេដស៍។ បើតាម​ការ​ស្ទង់មតិ របស់​សមាគម​ជំងឺ​អេដស៍ នៅ​អាហ្សង់ទីន មាន​មនុស្ស ប្រមាណ ១៤,៥% ប៉ុណ្ណោះ ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ ៦៥% ប្រើ​ម្ដងម្កាល់ និង ២០%​ទៀត មិនប្រើ​នោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 23, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 23, 2019

អ្នកអាចចូលចិត្ត